រាល់ឆ្នាំថ្មីជាពេលវេលាមួយនៃការកើតឡើងវិញនៃសេចក្តីសង្ឃឹម។ វាជាពេលវេលាមួយសម្រាប់ធ្វើការសញ្ជឹងគិតនិងការប្តេជ្ញាសម្រាប់ធ្វើឱ្យអ្វីៗក្នុងឆ្នាំថ្មីបានល្អប្រសើរជាងឆ្នាំចាស់។
ក្នុងការពិនិត្យសើរើមើលព្រឹត្តិការណ៍ក្នុងឆ្នាំ២០២២ អគ្គលេខាធិការអ.ស.ប.លោក Antonio Guterres បានពិចារណាអំពីការលំបាកនិងការខកចិត្តនៅឆ្នាំចាស់។ នៅក្នុងសារឆ្នាំថ្មីរបស់លោក លោកមានប្រសាសន៍ថា មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកពិតជាបានចេញផុតពីទុក្ខលំបាកនៃឆ្នាំចាស់។
លោកនិយាយថា ពួកគេប្រុងប្រៀបសម្រាប់ពេលថ្ងៃល្អត្រចះត្រចង់ជាងមុនកើតឡើងក្នុងមួយឆ្នាំទៅមុខ។
លោក Guterres ថ្លែងថា៖ «ពីប្រទេសអ៊ុយក្រែនរហូតដល់ប្រទេសអាហ្វហ្គានីស្ថាន ដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងហួសពីនេះទៀត មនុស្សបានចាកចេញពីផ្ទះនិងជីវិតខ្ទេចខ្ទាំរបស់ពួកគេ ហើយស្វះស្វែងរកអ្វីៗល្អប្រសើរជាងនេះ។ នៅទូទាំងពិភពលោក មនុស្សមួយរយលាននាក់ចល័ត រត់គេចខ្លួនពីសង្គ្រាម ពីភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត ភាពក្រីក្រ និងគ្រោះទុរភិក្ស។ ក្នុងឆ្នាំ២០២៣ យើងត្រូវការឱ្យមានសន្តិភាពជាងពេលណាៗទាំងអស់»។
លោកថ្លែងថា សង្គ្រាមអាចបញ្ចប់ ហើយសន្តិភាពអាចកើតមានតាមរយៈការសន្ទនាគ្នា។ លោកពោលថា ពិភពលោកមួយដែលគង់វង្សជាងមុនអាចធ្វើឱ្យសម្រេចបានដោយបង្កើតសន្តិភាពជាមួយធម្មជាតិ និងអាកាសធាតុ។ លោកអំពាវនាវឱ្យមានសន្តិភាពក្នុងផ្ទះសំបែងដើម្បីឱ្យស្ត្រីនិងកុមារីអាចរស់នៅក្នុងសេចក្តីថ្លៃថ្នូរនិងសុវត្ថិភាព។
លោក Guterres មានប្រសាសន៍ថា សន្តិភាពតាមផ្លូវនិងក្នុងសហគមន៍ សន្តិភាពក្នុងកន្លែងគោរពសាសនា និងសេរីភាពចេញផុតពីការញុះញង់និងការរំលោភបំពានតាម online គឺពឹងអាស្រ័យលើការការពារសិទ្ធិមនុស្សដោយពេញលេញ។
ឧត្តមស្នងការអ.ស.ប.ខាងសិទ្ធិមនុស្ស លោក Volker Tuerk បញ្ចេញសារបន្ទរតាមទស្សន:បែបមនោសញ្ចេតនាទាំងនោះ។ លោកថា ទម្រង់នៃឆ្នាំថ្មីនឹងត្រូវកំណត់ដោយទង្វើរបស់បុគ្គល និងទង្វើរួមដែលមនុស្សធ្វើ។
លោកថ្លែងថា សេចក្តីសង្ឃឹមរបស់លោកសម្រាប់ឆ្នាំថ្មី គឺសម្រាប់ឱ្យមនុស្សនាំជីវិតរបស់គេរស់នៅដោយចិត្តសប្បុរស ការយល់ចិត្ត ឯកភាព និងការការពារសិទ្ធិមនុស្ស។
លោក Guterres ថ្លែងថា៖ «យើងត្រូវតែធ្វើឱ្យប្រាកដថា សិទ្ធិស្ត្រី ជាឧទាហរណ៍ ត្រូវបានទទួលការគោរពនៅក្នុងផ្ទះនិងជាសាធារណៈថា ស្ត្រីនិងកុមារីមានសមភាពពេញលេញនិងមានសេរីភាពដែលគ្មានការរើសអើង។ យើងត្រូវតែបើកភ្នែកកូនរបស់យើងឱ្យឃើញកំហុសពីអតីតកាល យើងអាចបំផុសគំនិតឱ្យពួកគេសរសេររឿងមួយអំពីសេចក្តីសង្ឃឹមនិងឯកភាព និងធ្វើឱ្យពួកគេមានការប្តេជ្ញាបង្កើតពិភពលោកមួយល្អប្រសើរជាងមុន»។
ខួប៧៥ឆ្នាំនៃសេចក្តីថ្លែងការណ៍ជាសាកលអំពីសិទ្ធិមនុស្សនឹងត្រូវប្រារព្ធនៅឆ្នាំ២០២៣។ សារសំខាន់បំផុតមានចែងក្នុងឯកសារនេះ នៅតែជាប់ទាក់ទងគ្នានៅពេលនេះ ដូចកាលពីឆ្នាំ១៩៤៨ដែរ ដែលថា មិនអាចមានការជឿនលឿននិងសន្តិភាពទេ បើគ្មានសិទ្ធិមនុស្ស។
ឧត្តមស្នងការអ.ស.ប.ខាងសិទ្ធិមនុស្ស លោក Tuerk អំពាវនាវដល់ប្រជាជាតិនិងមនុស្សទាំងអស់ឱ្យប្រឹងប្រែងបង្កើតពិភពលោកដែលមានសេចក្តីថ្លៃថ្នូរជាងមុន និងបង្កើតពិភពលោកមួយដែលសិទ្ធិរបស់មនុស្សគ្រប់រូបត្រូវបានគោរព៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
ទីក្រុងហ្សឺណែវ —