អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​ឱ្យ​ហុងកុង​ទម្លាក់​បទចោទ​ប្រឆាំង​នឹង​​លោក Jimmy Lai

រូបឯកសារ៖ លោក Jimmy Lai ត្រូវបាន​ប៉ូលិស​នាំខ្លួន​ចូល​តុលាការ​ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

ខណៈ​ថ្ងៃ​ចូល​ធ្វើ​ការ​របស់​ចៅក្រម​នៅ​ហុងកុង​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ​កាលពី​ថ្ងៃចន្ទ ទី២២ ខែមករា លោក Andrew Cheung ប្រធាន​តុលាការ​កំពូល​ក្រុង​ហុងកុង​បាន​ប្រើ​ឱកាស​នេះសង្កត់​ធ្ងន់​អំពី​របៀប​ដែល​តុលាការ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ម៉ត់ចត់។

លោក Cheung បាន​ថ្លែង​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ថាតុលាការ​នឹង​មិន «កាត់​ទោស​ដោយ​ងងឹត​ងងល់» លើ​នរណា​ម្នាក់​ឡើយ ហើយ​នឹង​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​នៅ​ក្នុង​ករណី​សន្តិសុខ​ជាតិ។ លោក​បាន​បន្ថែម​ថា ប្រព័ន្ធ​យុត្តិធម៌​នឹង​មិន​ចុះចាញ់​ការដាក់​សម្ពាធ​ណា​មួយ​នោះ​ទេ។

លោក Cheung បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ការគំរាម​កំហែង​នៃ​ការដាក់​ទណ្ឌកម្ម ឬ​ការសងសឹក​ប្រឆាំង​នឹង​ចៅក្រម​ដែល​គ្រាន់​តែ​បំពេញ​តួនាទី​របស់​តុលាការ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ចំពោះ​នីតិ​រដ្ឋ​និង​ជា​ការប្រឆាំង​ដ៏​សំខាន់​មួយ»។

ការថ្លែង​របស់​ប្រធាន​តុលាការ​កំពូល​បាន​ធ្វើ​ឡើង ​នៅ​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​ក្រុង​ហុងកុង​ទម្លាក់​ការចោទ​ប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​លោក Jimmy Lai ដែល​ជា​អ្នក​បោះពុម្ព​ផ្សាយ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

លោក Lai ស្ថិត​ក្នុង​សវនាការ​អស់​រយៈពេល​មួយ​ខែ​មក​ហើយ ​ក្រោម​ការចោទ​ប្រកាន់​ពី​បទ​បះបោរ និង​ការឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ក្រុង​ហុងកុង។ អ្នក​បោះពុម្ព​ផ្សាយ ​វ័យ ៧៦ ឆ្នាំ​រូប​នេះ​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទាទោស លោក​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃចន្ទ ទី ២២ ខែមករា អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ចំនួន ៤ នាក់ ​បាន​អំពាវនាវ​ឱ្យ​ហុងកុង​ទម្លាក់​បទចោទ​ប្រឆាំង​នឹង​លោក Lai។

បុរស​ជនជាតិ​អង់គ្លេស​ដែល​បង្កើត​កាសែត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ឈ្មោះ Apple Daily រូប​នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ការ​ចាប់​ខ្លួន ​នៅ​ឆ្នាំ ២០២០។ សារព័ត៌មាន​របស់​លោក​បាន​បិទ​ទ្វារ ក្រោយការចាប់​ខ្លួន​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​និង​ការបង្កក​ទ្រព្យ​សម្បត្តិ។

ក្រុម​រដ្ឋអាជ្ញា​ក្នុង​សំណុំរឿង​នេះ​បាន​ពណ៌នា​លោក Lai ថា​ជា «អ្នក​មូលវិវដ្ត​និយម» ដែល​ពួកគេ​ថា ជា​បុគ្គល​ស្នូល​នៃ​ការសម​គំនិត​ក្នុង​ការ​ឃុបឃិត​ជាមួយ​កងកម្លាំង​បរទេសនិង​បោះពុម្ព​ផ្សាយ​ខ្លឹមសារ​ក្លែងក្លាយ ​នៅ​ក្នុង​សារព័ត៌មាន Apple Daily។

ក្រុម​រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​ថា លោក Lai បាន​ប្រើ« លេស​តស៊ូ​ប្រយុទ្ធ​ដើម្បី​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ» ដើម្បី​ស្នើសុំ​ឱ្យ​បរទេស​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម និង​ធ្វើ​សកម្មភាព​អរិភាព​ផ្សេង​ទៀត​ប្រឆាំង​នឹង​ក្រុង​ហុងកុង​និង​ចិន។

រូបឯកសារ៖ លោក​ Jimmy Lai ក្នុង​អំឡុង​ពេល​ផ្តល់​បទសម្ភាសន៍​ឱ្យ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅទីក្រុង​ហុងកុង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០។

ការលើក​ឡើង​ជា​ភស្តុតាង​គឺ​ជំនួប​រវាង​លោក Lai និង​លោក Mike Pence ដែល​នៅ​ពេល​នោះ​ជា​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​ លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៩។

កិច្ចប្រជុំ​នេះ​រួម​មាន​ការ​ពិភាក្សា​អំពី​ច្បាប់​ធ្វើ​បត្យាប័ន​ ដែល​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​មនុស្ស​ពី​ទីក្រុង​ហុងកុង​ទៅ​ប្រទេស​ចិន​ ដើម្បី​ប្រឈមមុខ​នឹង​ការ​កាត់​ទោស។ បន្ទាប់ពី​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​មក សេចក្តីព្រាង​ច្បាប់​ស្តី​ពី​ការធ្វើ​បត្យាប័ន​នេះ​ត្រូវ​បាន​ដក​ចេញ។

ក្រុម​រដ្ឋអាជ្ញា​ក៏​បាន​ដក​ស្រង់​អត្ថបទ ​ចំនួន ១៦១ នៅ​ក្នុង​សារព័ត៌មាន Apple Daily ជាភស្តុតាង​នៃ​ការ​បះបោរ និង​បាន​ថ្លែង​ថាលោក Lai បាន​បង្គាប់​ឱ្យ​សារព័ត៌មាន Apple Daily ផ្សាយ​ខ្លឹមសារ​ជា​ភាសា​អង់គ្លេស ​ដើម្បី​ជំរុញ​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​លោក​ខាង​លិច​ដែល​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន និង​ក្រុង​ហុងកុង។

លោក Lai បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​នោះ។

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ដែល​ជា​ផ្នែក​នៃ​នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ បាន​ថ្លែង​ថា សំណុំរឿង​ប្រឆាំង​នឹង​លោក Lai ហាក់​ដូច​ជា «ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​រិះគន់​របស់​លោក​ចំពោះ​រដ្ឋាភិបាល​ចិន និង​ការ​គាំទ្រ​របស់​លោក ​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង»។

អ្នក​ជំនាញ​រួម​មាន អ្នកស្រី Irene Khan អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សេរីភាព​នៃ​ការបញ្ចេញ​មតិ លោក Clement Nyaletsossi Voule អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី អ្នកស្រី Alice Jill Edwards អ្នក​រាយ ការណ៍​ពិសេស​ទទួល​បន្ទុក​ការ​ធ្វើ​ទារុណកម្ម និង​អ្នកស្រី Margaret Satterthwaite អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ឯករាជ្យភាព​របស់​ចៅក្រម​និង​មេធាវី។

ក្រុមប្រឹក្សា​នេះ​បាន​រំឭក​ឡើង​វិញ​នូវ​ការ​ព្រួយបារម្ភ​របស់​ខ្លួន​អំពី​ច្បាប់​សន្តិសុខ​ជាតិ​របស់​ក្រុង​ហុងកុង​ដែល​ពួកគេ​ថាមិន​ស្រប​តាម​កាតព្វកិច្ច​អន្តរជាតិ។

អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា ការកាត់ក្តី​របស់​លោក Lai ជា​ករណី​ទី ២ ដែល​ចោទ​ប្រកាន់​ ក្រោម​ច្បាប់​សន្តិសុខ​ជាតិ បន្ទាប់ពី​សំណុំរឿង​ពាក់ព័ន្ធ​នឹង​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ចំនួន ៤៧ នាក់ ដែល​កំពុង​រង់ចាំ​សាលក្រម។

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា៖ «យើង​សូម​បញ្ជាក់​ឡើង​វិញ​ថា ច្បាប់​សន្តិសុខ​ជាតិដែល​មាន​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​មិន​គួរ​ត្រូវ​បាន​ប្រើប្រាស់​ខុស​ចំពោះ​អ្នក​ដែល​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ និង​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី ឬ​ដក​ហូត​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ​តាមរយៈ​ការ​ចាប់​ខ្លួន និង​ការ​ឃុំឃាំង​នោះ​ទេ»។

ហុងកុង​បាន​វាយបក​នឹង​ការ​រិះគន់​ដែល​ថា ច្បាប់​នេះ​កំពុង​ប៉ះពាល់​ដល់​សេរីភាព​ព័ត៌មាន។ អ្នកស្រី Carrie Lam អតីត​នាយក​ប្រតិបត្តិ​នៃ​ទីក្រុង​ហុងកុង​ធ្លាប់ ​បាន​ថ្លែង​ថា ករណី​សារព័ត៌មាន Apple Daily ពាក់ព័ន្ធ​នឹង«សកម្មភាព​គួរ​ឱ្យ​សង្ស័យ​ដែល​បង្ក​គ្រោះ ថ្នាក់​ដល់​សន្តិសុខ​ជាតិ» មិនមែន​ពាក់ព័ន្ធ​នឹង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ។

ករណី​របស់​លោក Lai ត្រូវ​បាន​អ្នក​តស៊ូ​មតិ​សេរីភាព​សារព័ត៌មាន​មើល​ឃើញ​ថា ​ជា​ការ​សាកល្បង​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុង​ហុងកុង​ចំពោះ​សារព័ត៌មាន​សេរី។

គណៈកម្មាធិការ​ការពារ​អ្នក​កាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក ​ឬ CPJ បាន​ចាត់​ទុក​ប្រទេស​ចិន​ជា​ប្រទេស​ដែល​មាន​អ្នក​កាសែត​ជាត់​ពន្ធនាគារ​ច្រើន​ជាង​គេ​ដែល​មាន​ចំនួន ៤៤ នាក់​ និង​បាន​ថ្លែង​ថា​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​ទីក្រុង​ហុងកុង។

អ្នកស្រី Jodie Ginsberg នាយក​ប្រតិបត្តិ​គណៈកម្មាធិការ CPJ បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​គឺ​ថា ហុងកុង​បាន​អនុវត្ត​តាម​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ឃោរឃៅ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដើម្បី​បង្រ្កាប​អ្នក​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ រួមទាំង​អ្នក​សារព័ត៌មាន​ដែល​និយាយ​ការពិត​ចំពោះ​អ្នក​កាន់​អំណាច​ផង​ដែរ»។

អ្នកស្រី Ginsberg បាន​ថ្លែង​ថា៖ «ករណី​របស់​លោក Lai ជា​ការសាកល្បង​ដ៏​មាន​អានុភាពនិង​សំខាន់​មិន​គួរ​ឱ្យ​ជឿ​លើ​ការប្តេជ្ញា​ចិត្ត​របស់​ហុងកុង​ចំពោះ​សារព័ត៌មាន​សេរី។ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​មើល​ឃើញ​សហគមន៍​អន្តរជាតិ​និយាយ​គាំទ្រ​លោក Jimmy Lai ដើម្បី​គាំទ្រ​ដល់​សារព័ត៌មាន​សេរី»៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន