អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​ដោះលែង​អ្នក​តវ៉ា​រឿង​កំណែន​យោធា​នៅ​រុស្ស៊ី

  • Lisa Schlein

រូប​ឯកសារ៖ ប៉ូលិស​ចាប់​បាតុករ​ម្នាក់​ដែល​បាន​ចូល​រួម​តវ៉ា​ប្រឆាំង​នឹង​ការ​កេណ្ឌ​កងទ័ព​បន្ថែម​របស់​រុស្ស៊ី នៅ​ក្នុង​ទីក្រុង​មូស្គូ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។

កាលពី​ពេល​ថ្មីៗ​នេះ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​បាតុករ​ប្រមាណ​ជិត ២.៤០០ នាក់ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​ចាប់ខ្លួន​ក្នុង​ការ​តវ៉ា​ប្រឆាំង​នៅ​តាម​ទីតាំង​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ឱ្យ​មាន​ការ​កេណ្ឌ​កងទ័ព​បន្ថែម​ទៀត ដើម្បី​ទៅ​ចូលរួម​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ខ្លួន​នៅ​ប្រទេស​អ៊ុយក្រែន។

ការ​ប្រកាស​របស់​លោក Putin ដើម្បី​កេណ្ឌ​កងទ័ព​ចំនួន ៣ សែន​នាក់​បន្ថែម​ទៀត​ពី​ទាហាន​បម្រុង​របស់​រុស្ស៊ី​ដើម្បី​ពង្រឹង​កងទ័ព​ដែល​កំពុង​ចុះខ្សោយ​នៅ​ក្នុង​សមរភូមិ​នៅ​ប្រទេស​អ៊ុយក្រែន​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ទ្រង់ទ្រាយ​ធំ​ចំពោះ​សង្គ្រាម​នេះ។

អ្នក​នាំពាក្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​អ្នកស្រី Ravina Shamdasani បាន​និយាយ​ថា នៅ​ក្នុង​ករណី​ខ្លះ​គេ​ឃើញ​មាន​ការ​ប៉ះទង្គិច​គ្នា​កើតឡើង​រវាង​ក្រុម​អ្នក​តវ៉ា​និង​ក្រុម​ប៉ូលិស ប៉ុន្តែ​ការ​តវ៉ា​ភាគច្រើន​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី។

អ្នកស្រី​បាន​លើកឡើង​ដូច្នេះ​ថា៖ «បើ​ទោះបីជា​ការ​តវ៉ា​ភាគ​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី​ក៏ដោយ ក៏​អាគារ​យោធា​និង​អាគារ​រដ្ឋបាល​មួយ​ចំនួន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការិយាល័យ​ចុះឈ្មោះ​ទាហាន​ថ្មីៗ​ផង​ដែរ បាន​ទទួល​រង​ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​ជា​ច្រើន។យើង​ចង់​សង្កត់ធ្ងន់​ថា ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដោយសារតែ​ពួកគេ​គ្រាន់តែ​អនុវត្ត​សិទ្ធិ​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ គឺ​ជា​ការ​ដកហូត​តាម​ទំនើង​ចិត្ត​នូវ​សេរីភាព​របស់​ពួកគេ»។

អ្នកស្រី​បាន​បន្ថែម​ថា គេ​មិន​ដឹង​ច្បាស់​ទេ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​កំពុង​នៅ​ជាប់​ឃុំ។

ការ​ភ័យខ្លាច​ចំពោះ​ការ​កោះហៅ​ទៅ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយ​សង្ឃឹម​ថា​នឹង​អាច​គេច​ផុត​ពី​កំណែន​យោធា​នេះ។

អ្នកស្រី Shamdasani បាន​និយាយ​ថា វា​ជា​រឿង​ក្តុកក្តួល​បំផុត​ដែល​បាន​ឃើ​ញ​មនុស្ស​ជា​ច្រើន​នាក់​ បាន​សម្រេច​ជ្រើសរើស​យក​វិធី​នេះ នៅ​ក្នុង​បរិបទ​នៃ​ស្ថានការណ៍​ដែល​អ្នកស្រី​ហៅ​ថា​ជា​សង្គ្រាម​មិន​ចាំបាច់។

អ្នកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «អ្វី​ដែល​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទទូច​ចង់​បាន​គឺ​ថា ទីណា​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ការ​ប្រឆាំង​ទៅ​នឹង​ការ​ចូលរួម​នៅ​ក្នុង​សង្គ្រាម ឬ​ក៏​ទីណា​ដែល​ពួកគេ​ប្រកាស​ជំទាស់​ដោយ​មនសិការ​របស់​ពួកគេ​នោះ អាជ្ញាធរ​ចាំបាច់​ត្រូវតែ​យក​ចិត្ត​ទុកដាក់​និង​គោរព​ចំពោះ​ការ​ជំទាស់​នេះ»។

អ្នកស្រី​បាន​បន្ត​ថា គេ​ចាំបាច់​ត្រូវតែ​ផ្ដល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ណា​ដែល​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ទៅ​ធ្វើ​សង្គ្រាម ដូច្នេះ​ពួកគេ​នឹង​ដឹង​ថា​តើ​ត្រូវ​ជំទាស់​ដោយ​មនសិការ​របស់​ខ្លួន​ចំពោះ​ការ​ចូលរួម​នៅ​ក្នុង​សង្គ្រាម​នេះ​ដោយ​របៀប​ណា។

អ្នកស្រី Shamdasani បាន​កត់​សម្គាល់​ថា មាន​ការ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​រុស្ស៊ី​ថា នៅ​ក្នុង​ករណី​ខ្លះ ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​គេ​ច្រឡំ​ប្រាប់​ឱ្យ​ចូល​មក​បម្រើ​កងទ័ព។ អ្នកស្រី​ថា អ្នកស្រី​ជឿ​ថា គេ​បាន​ដំឡើង​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់​មួយ​រួច​រាល់​ហើយ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំង​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ