អគ្គលេខាធិការ​អ.ស.ប​កំពុង​ពិចារណា​លើ​លិខិត​លោក​ហ៊ុន សែន​ស្នើ​សុំ​ផែនទី

លោកបាន​ គីមូន (Ban Ki-moon) ​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​

លោក ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន ​បាន​ទទួល​លិខិត​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​ស្នើសុំ​ផែនទី​កម្ពុជា​នៅ​ឯ​អ.ស.ប​ហើយ។​ នេះ បើតាម​ការបញ្ជាក់​របស់អ្នកនាំពាក្យ​អ.ស.ប ​ដែល​បាន ​ថ្លែង​ប្រាប់VOA ​ខេមរ​ភាសា។

នៅក្នុងសារ​លិខិត​មួយ​ដែល ​VOA ​ទទួលបាន​នោះ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​សរសេរ ​លិខិត​ផ្ញើ​ទៅកាន់​លោក​បាន គីមូន​ (Ban Ki-moon)​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ដោយបាន​ស្នើ សុំខ្ចី​ផែនទី​ដើមទាំង​អស់ ​ខ្នាត​១ភាគ​១០០.០០០​ ដែលបោះពុម្ព​ដោយក្រុម ​ភូមិសាស្រ្ត​ឥណ្ឌូចិន ​ហើយ​ផែនទីនេះ​ត្រូវ​បាន​យក​ទៅ​តម្កល់ទុក​នៅ​ក្នុង​អង្គការ ​សហ​ប្រជាជាតិ ​ចាប់​តាំងពី​ឆ្នាំ​១៩៦៤​ ដោយ​ព្រះបាទ​ព្រះបរមរតនកោដ្ឋ​ នរោត្តម ​សីហនុ។

លោកស្រី​ Eri Kaneko​ អ្នកនាំ​ពាក្យ​អ.ស.ប​បញ្ជាក់​ថា​លោក​អគ្គលេខាធិការ​បានទទួល​លិខិត ​របស់​លោក ​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​ហើយ។ ​លោកស្រី​ថ្លែងថា៖

«លោក​អគ្គលេខាធិការ​ បានទទួល​ហើយ។​ ហើយ​រឿង​នេះ​អ.ស.ប​កំពុង​សិក្សា»។

ការស្នើសុំ​នេះ​គឺធ្វើឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​គណបក្ស​ជំទាស់​ដែលមាន​សំឡេង​ភាគតិច​នៅ ​រដ្ឋសភា​ចោទ​ថា ​រដ្ឋបាល​លោក​ហ៊ុន សែន​កំពុងប្រើប្រាស់​ផែនទី​ចម្លង​ និងមិន​ផ្លូវការ​ក្នុងការ​បោះ​បង្គោល ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ​និងមានការ​បាត់បង់​ទឹកដី​កម្ពុជា។ ហើយ​ក៏មាន​រយៈ​ពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ដែល​ភាគី​កម្ពុជា​និង​វៀតណាម​ចូលប្រជុំ​ចរចា​លើ​បញ្ហា​ព្រំដែន​ដែល​សេសសល់​និង​ដោះស្រាយ​បាតុភាព​ដែល​ទើបកើត​មាន​ឡើង​តាម​បណ្តោយ​ព្រំដែន៕