សាលាក្តីកាត់ទោសខ្មែរក្រហមបានព្រមានសហមេធាវីការពារក្តីមេដឹកនាំខ្មែរក្រហមពីរនាក់ ពីការប្រព្រឹត្តខុសវិជ្ជាជីវៈ។ ការចោទប្រកាន់ដូច្នេះ កើតឡើងក្រោយពេលដែលសហមេធាវីទាំងពីរបានពហិការមិនចូលរួមប្រជុំរៀបចំសវនាការ និងដើរចេញពីសវនាការ។
សាលាក្តីខ្មែរក្រហមបានចោទប្រកាន់ថា សហមេធាវីជាតិ និងអន្តរជាតិនៃជនជាប់ចោទអតីតមេដឹកនាំខ្មែរក្រហមកំពូលពីររូប ដែលនៅរស់រានមានជីវិតគឺនួនជា និងខៀវ សំផននោះ បានរារាំងដំណើរការនីតិវិធីកាត់ទោសសំណុំរឿង០០២ វគ្គទី២ កាលពីចុងសប្តាហ៍មុន និងសប្តាហ៍នេះ ដែលផ្តោតទៅលើឧក្រិដ្ឋកម្មអន្តរជាតិសំខាន់ៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីដែលពុំបានបង្ហាញពីវិធានការអ្វីចំពោះក្រុមមេធាវីទាំងនោះ។
ការចេញវិធានការព្រមានមេធាវីជាតិ និងអន្តរជាតិបែបនេះគឺដោយសារក្រុម មេធាវីទាំងពីរក្រុម បានដើរចេញពីបន្ទប់សវនាការ នៅពេលសហព្រះរាជអាជ្ញាធ្វើសេចក្តីសន្និដ្ឋានបើកការចោទប្រកាន់កាលពីថ្ងៃ១៧តុលា និងមិនចូលរួមក្នុង កិច្ចប្រជុំរៀបចំសវនាការបន្ទាប់ទៀតគឺនៅថ្ងៃទី២១ខែតុលា ដោយមិនបានបញ្ជាក់ពីហេតុផលសមរម្យ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានចាត់ទុកទង្វើរបស់ក្រុមមេធាវី ទាំងពីរក្រុមថា ជាការប្រព្រឹត្តកំហុសវិជ្ជាជីវៈ ហើយបង្គាប់ឲ្យបង្ហាញខ្លួនក្នុងកិច្ចប្រជុំរៀបចំសវនាការនៅថ្ងៃទី៣០ខែតុលា។
ក៏ប៉ុន្តែលោកសហមេធាវីគង់ សំអុន ដែលការពារក្តីជនជាប់ចោទខៀវ សំផនបាន ថ្លែងប្រាប់វីអូអេថ្ងៃនេះថា ពហិការមិនតបនឹងសេចក្តីសន្និដ្ឋាននៃការចោទប្រកាន់ពីសហព្រះរាជអាជ្ញារបស់ក្រុមលោកក្នុងសវនាការ ហើយនឹងការមិនចូលរួមក្នុង កិច្ចប្រជុំរៀបចំសវនាការនោះ មិនអាចចាត់ទុកថា ជាការធ្វើខុសនឹងវិជ្ជាជីវៈទេ។
តែលោកថា នេះជាកិច្ចការធ្វើដើម្បីផលប្រយោជន៍កូនក្តីរបស់លោកក្នុងការ រៀបចំពាក្យប្តឹងប្រឆាំងទៅនឹងទោសជាប់ពន្ធនាគារមួយជីវិតទាក់ទងនឹងសំណុំរឿងជម្លៀសពលរដ្ឋចេញពីទីក្រុងក្នុងសំណុំរឿង០០២វគ្គទី១។
«ក្នុងសាលក្រមបានកាត់ទោសឲ្យគាត់ជាប់គុកមួយជីវិត អញ្ចឹងសំណុំរឿង០០២ វគ្គ២ហាក់ដូចជាគ្មានន័យទេ ដោយសារបើគាត់ចាញ់ក្តីសំណុំរឿង០០២ វគ្គទី១ អញ្ចឹងមានន័យថា គាត់ត្រូវជាប់គុកអស់មួយជីវិត ហើយសំណុំរឿង០០២ វគ្គទី ២គ្មានអ្វីមកកែប្រែអីទៀតទេ។ ប៉ុន្តែមានតែតុលាការកំពូលទេ ដែលអាចធ្វើការ កែប្រែសេចក្តីសម្រេចរបស់សាលាដំបូងបាន។ អញ្ចឹងហើយបានជាលោកខៀវ សំផនបានឲ្យយើងធ្វើបណ្តឹងសាទុក្ខនេះ ដោយយកចិត្តទុកដាក់ ដោយប្រមូល ធនធានទាំងអស់ ហើយយើងក៏យល់ស្របតាមលោកខៀវ សំផន ដោយសារ វាជាផលប្រយោជន៍របស់កូនក្តី។ អញ្ចឹងយើងអត់អាចប្រឆាំងនឹងផលប្រយោជន៍ កូនក្តីទេក្នុងនាមជាមេធាវី»។
លោកថា លោកមិនបានប្រឆាំងទៅនឹងការបើកសវនាការរបស់តុលាការទេ តែ មេធាវីត្រូវមានជំរើសដើម្បីផលប្រយោជន៍កូនក្តីខ្លួន។ ហើយលោកក៏បានអះអាងពីការស្នើសុំពន្យារពេលសវនាការរហូតដល់បំណាច់ឆ្នាំរួចហើយដែរ ដើម្បីបន្តសំណុំរឿង០០២ វគ្គទី២នេះ តែលោកថា តុលាការបានបដិសេធ។
«ការណ៍ពិតយើងបានស្នើសុំពីលើកមុន សុំពន្យារពេលនេះគឺឲ្យផុតពីការធ្វើបណ្តឹងសាទុក្ខ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤។ វាត្រូវចប់ហើយពេលហ្នឹង។ យើងត្រូវដាក់បណ្តឹងសាទុក្ខហើយពេលហ្នឹង។ អញ្ចឹងពេលហ្នឹងគឺជាពេលដែល ដូចថា ចូលឆ្នាំថ្មីនេះ យើងអាចបើកសវនាការបានហើយ។ យើងអាចចូលរួមបានហើយ»។
វីអូអេបានព្យាយាមទាក់ទងសុំការបញ្ជាក់ពីក្រុមមេធាវីការពារជនជាប់ចោទនួន ជា តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ តែទាំងក្រុមមេធាវីនួន ជា និងក្រុមមេធាវីការពារក្តីជនជាប់ចោទខៀវ សំផនបានបញ្ជាក់ព្រមគ្នានៅក្នុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញនៅថ្ងៃសៅរ៍ទី១៨ ខែតុលាពីហេតុផលថា ក្រុមរបស់ពួកគេមិនអាចការពារកូនក្តីរបស់ខ្លួនឲ្យបានមានប្រសិទ្ធភាពបានទេ នៅពេលដែលសាលាក្តីខ្មែរក្រហមបើកសវនាការសំណុំរឿង០០២ វគ្គទី២នេះ ក្នុងខណៈពេលដែលក្រុមមេធាវីលោកកំពុងរៀបចំបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមនៅវគ្គទី១ ដែលបានដាក់ទោសកូនក្តីរបស់ពួកគេអស់មួយជីវិតនោះ។ ក្រុមសហមេធាវីបានអះអាងថា ពួកគេក៏រង់ចាំមើលការសម្រេចរបស់តុលាការលើបណ្តឹងដិតចិត្ត ឬបណ្តឹងបណ្តេញចៅក្រមសាលាដំបូង៤នាក់ក្នុងចំណោម៥នាក់ចេញជាមុនសិន មុននឹងពួកគេចូលរួមក្នុងសវនាការសំណុំរឿងទី២វគ្គទី២។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានអះអាងប្រាប់វីអូអេថា នេះជាការព្រមានតាមវិធានផ្ទៃក្នុង តែលោកថា ការដាក់ពិន័យយ៉ាងណានោះគឺ នៅពិនិត្យមើលទៅមុខទៀត។
«នេះគ្រាន់តែជាការព្រមានលើកទី១ទេ ហើយនឹងបានបង្គាប់ឲ្យមេធាវីទាំងពីរ ក្រុមហ្នឹងគឺត្រូវបង្ហាញខ្លួន ឬក៏ចូលរួមនៅក្នុងកិច្ចប្រជុំរៀបចំសវនការដែលនឹងធ្វើ ឡើងនៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៤ខាងមុខដើម្បីពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន ទាក់ទងនឹងដំណើរការជនុំជម្រះក្តី ក៏ដូចជាបញ្ហាធនធាននានា នាពេលបច្ចុប្បន្នជាមួយនឹងអង្គជំនុំជម្រះសាលាដំបូងដែរ»។
សាលាក្តីកាត់ទោសខ្មែរក្រហមកំពុងប្រឈមមុខនឹងក្តីបារម្ភអំពីការពន្យារពេល ក្តីបារម្ភអំពីអាយុចំណាស់ជិត៩០ឆ្នាំរបស់ជនជាប់ចោទទាំងពីរ ដែលមិនអាច ឈរតតាំងក្នុងសវនាការ និងបញ្ហាថវិកា។ តែក្រុមមន្ត្រីអ.ស.ប. មន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគខ្លះបាននិយាយថា ការកាត់ទោសសំណុំរឿង០០២ វគ្គទី២នេះគួរធ្វើ ឲ្យបានលឿននៅពេលជនជាប់ចោទមានជីវិត តែត្រូវគោរពតាមនីតិវិធីរបស់ តុលាការផងដែរ៕