អង្គការ​សហ​ប្រជាជាតិ អំពាវនាវ​ឱ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់

រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​សម្រេច​រំលាយ​ចោល និយាយ​ជាមួយ​អ្នកគាំទ្រ​គណបក្ស​របស់​លោក កាលពី​ខែមីនា ឆ្នាំ២០១៧។

ក្រុម​ការងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ ​និង​អង្គការ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ​បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ថា​ជា​ទង្វើ​ដែល​គួរ​ឲ្យ​អាម៉ាស់​ ​និង​អ​មនុស្សធម៌​ ​ព្រម​ទាំង​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​លោក​ជាបន្ទាន់។

​ខណៈ​ដែល​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្សប្រឆាំង​ដែល​ត្រូវ​បានតុលា​ការ​រំលាយ​ ​កំពុង​ត្រូវ​បាន​បន្ត​ឃុំ​ខ្លួន​អស់​រយៈ​ពេលជាង​៨ខែ​ ​មក​ហើយ​នោះ​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​អង្គការ​អន្តរជាតិធំ​មួយ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​រូប​លោក​ជា​បន្ទាន់​ ​ដោយ​ថា​ ​ការ​ឃុំ​ខ្លួន​នេះ​ ​ជា​ការ​បំពាន​លើ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​ ​និង​កិច្ច​ព្រមព្រៀង​អន្តរជាតិ។​ ​ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណ​បក្សកាន់​អំណាច​យល់​ថា​ ​ការ​លើក​ឡើង​របស់​អង្គការ​អន្តរជាតិ​ទាំង​នេះ​ ​ធ្វើ​ឡើង​ដោយ​មាន​ភាព​លម្អៀង​ ​និង​ផ្ទុយ​ពី​ការ​ពិត។​

ក្រុម​ការងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ ​និង​អង្គការ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ​បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ថា​ជា​ទង្វើ​ដែល​គួរ​ឲ្យ​អាម៉ាស់​ ​និង​អ​មនុស្សធម៌​ ​ព្រម​ទាំង​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​លោក​ជាបន្ទាន់។​ ​ពួក​គេ​ថា​ ​ការ​ឃុំ​ខ្លួន​នេះ​ ​ជា​ការ​បំពាន​លើ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​និង​កិច្ច​ព្រមព្រៀង​អន្តរជាតិ។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ​(FIDH)​ ​ដែល​ចេញ​នៅ​ថ្ងៃ​ពុធ​នេះ ​បញ្ជាក់​ថា​ ​ក្រុម​ការងារ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន (The UN Working Group on Arbitrary Detention)​ ​បាន​បើក​សវនាការ​កាលពី​ចុង​ខែ​មេសា​ ​ឆ្នាំ​២០១៨​ ​ដោយ​បាន​សន្មត​ថា​ ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​គឺជា​ការ​បំពាន​លើ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​ ​និង​កិច្ច​ព្រមព្រៀង​អន្តរ​ជាតិ។​ ​

ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាតិ​មួយ​នេះ ក៏​បានទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​ជា​បន្ទាន់​ ​និង​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​សង​ជំងឺចិត្ត និង​ការ​ប៉ះប៉ូវ​ផ្សេងៗ​ទៀត​ដល់​រូប​លោក។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ បាន​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ក្រុម​ការ​ងារ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ ​ក៏​បាន​រក​ឃើញ​ថា​ ​បទដ្ឋាន​អន្តរជាតិ​ទាក់​ទង​នឹង​សិទ្ធិ​របស់​លោក​ ​កឹម សុខា​ ​ក្នុង​ការ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ ​មិន​ត្រូវ​បាន​គេ​គោរព។ ខណៈ​ដែល​ក្រុម​ការ​ងារ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន បាន​សង្កត់​ធ្ងន់​លើ​ការ​ពិត​ដែល​ថា លោក កឹម សុខា មិន​គួរ​ត្រូវ​បាន​ជំនុំ​ជម្រះ​ដោយ​សារ​តែ​ការ​ឃុំឃាំង​របស់​គាត់​គឺ​ខុស​ច្បាប់ តែ​ផ្ទុយ​ទៅ​វិញ​មាត្រា៩​ចំណុច​៣​ ​និង​មាត្រា១៤​ ​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ ​(ICCPR)​ ​របស់​គាត់​ ​ត្រូវ​បាន​រំលោភ​បំពាន»។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ដ​ដែល​ ​បាន​បន្ថែម​ថា​ ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខភាព​របស់​លោក​ ​កឹម សុខា​ ​ដែល​ទទួល​រង​ការ​ឈឺ​ចាប់​ជា​ទម្ងន់​ពី​ឆ្អឹង​គាប​សរសៃ​លើ​ស្មា​ ​ក៏​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ ​និង​ជំងឺ​លើស​ឈាម។​ ​អង្គការ​នេះក៏​បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឲ្យ​លោក​ ​កឹម សុខា​ ​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ ឲ្យ​បាន​ឆាប់រហ័ស​ ​តាម​ស្តង់ដារ​អន្តរជាតិ។​

អ្នក​ស្រី​ ដេប៊ី ស្តថាដ ​Debbie Stothard​ ​អគ្គ​លេខាធិការ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ក្នុង​សម្រង់​ន័យ​ដើម​ថា៖

«ការ​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ជា​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល​៨​ខែ​ ​មិន​មែន​ត្រឹម​តែ​ជា​គំនិត​ផ្ដេសផ្ដាស​នោះ​ទេ​ ​ប៉ុន្តែ​វា​គួរ​ឲ្យ​អាម៉ាស់​ ​និង​អ​មនុស្ស​ធម៌។ ​លោក​ ​កឹម សុខា​ ​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណា​មួយ​ទេ​ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាច់​ខាត​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​ឥត​ឈប់ឈរ​របស់​លោក​ដើម្បី​ប្រជាធិបតេយ្យ។​ ​គាត់​ត្រូវ​តែ​ត្រូវ​បាន​ដោះលែង​ភ្លាមៗ​រួម​ជា​មួយ​សមាជិក​និង​អ្នក​គាំទ្រ​គណ​បក្សប្រឆាំង​ដទៃ​ទៀត​ទាំង​អស់»។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណ​បក្សកាន់​អំណាច​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​ការ​លើក​ឡើង​របស់​អង្គការ​ ​និង​ស្ថាប័ន​អន្តរជាតិ​ទាំង​នោះ​ ​ធ្វើ​ឡើង​ដោយ​មាន​ភាព​លម្អៀង​ ​និង​ផ្ទុយ​ពី​ការ​ពិត។​ ​

លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ទាំង​យប់​យក​ទៅ​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ប៉ុណ្ណោះ​ ​ហើយ​លោក​ថា​ ​ស្ថាប័ន​អន្តរជាតិ​ទាំង​នោះ ​ក៏​មិន​មាន​ឥទ្ធិពល​ណាមួយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​កម្ពុជា​បាន​ដែរ។​

លោក​ ​សុខ ឥសាន​ ​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​យល់​ថា​នេះ​វា​ជា​លម្អៀង​ខាង​មនោគមវិជ្ជា​និន្នាការ​នយោបាយ​ហើយ។​ ​យើង​ដឹង​ហើយ​ថា​តើ​ ​កឹម សុខា​ ​គាត់​យក​ផែនការ​របស់​រដ្ឋាភិបាល​អាមេរិក​ ​យក​មក​អនុ​វត្តនៅ​កម្ពុជា​នោះ​ ​តើ​មាន​ច្បាប់​ឯណា​ដែល​ថា​យក​ផែនការ​មក​អនុ​វត្ត ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ប្រទេស​មួយ​ដែល​ឯករាជ្យ​ ​និង​អធិបតេយ្យ​នោះ?»។​

ក្រៅ​តែ​ពី​ក្រុម​ការងារ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ ​និង​សហ​ព័ន្ធ​អន្តរ​ជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ​កន្លង​មក​ក៏​មាន​ស្ថាប័ន និង​អង្គការ​អន្តរជាតិ​ធំៗ​ជា​ច្រើន​ទៀត​ ​រួម​មាន សហគមន៍​អឺរ៉ុប​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ព្រម​ទាំង​ប្រទេស​ប្រកាន់លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ទៀត ​ក៏​បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដោះលែង​លោក​ ​កឹម សុខា​ ​ជាបន្ទាន់​ ​ដោយ​ឥត​លក្ខខណ្ឌ​ ​ដើម្បី​ធានា​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​ ប្រកប​ដោយ​ភាព​សេរី និង​យុត្តិធម៌​ពិត​ប្រាកដ។

ថ្លែង​ក្នុង​ជំនួប​ជា​មួយ​កម្មករ​-​កម្មការិនី​រោង​ចក្រ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា​ ​លោក​នឹង​មិន​លើក​លែងទោស​ឲ្យ​មេ​ដឹក​នាំ​គណ​បក្សប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​នោះ​ទេ​ ​ដោយ​លោក​លើក​មិន​ចំ​ឈ្មោះ​ថាមេ​បក្ស​រូប​នោះ​ធ្លាប់​បាន​ដឹក​នាំ​បាតុកម្ម​ផ្ដួល​រំលំ​របប​ដឹក​នាំ​ស្រប​ច្បាប់​របស់​លោក។​

កម្ពុជា​កំពុង​ត្រៀម​ខ្លួន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាងរាស្ត្រ​ ​និង​ជ្រើសរើស​មេ​ដឹក​នាំ​ប្រទេស​សម្រាប់​អាណត្តិ​ថ្មី​ ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​ខាង​មុខ​ ​ខណៈ​គណ​បក្សសង្គ្រោះជាតិ​ដែល​ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​កន្លង​ទៅ មិន​ទាន់​អាច​រក​ច្រក​រស់​ឡើង​វិញ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​នៅ​ឡើយ។​ ​ការណ៍​នេះ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មួយ​ចំនួន ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ ​និង​បាន​បង្ហាញ​ការ​បារម្ភ​ថា​ ​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណ​បក្សប្រឆាំង​ ​នឹង​ក្លាយ​ជា​ដំណើរ​ផ្ទុយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយលើក​ឡើង​ថា ការ​ប្រតិកម្ម​ជារឿយៗ​ ​និង​បន្ត​បន្ទាប់​របស់​ស្ថាប័ន​អន្តរជាតិ​ធំៗ​លើ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កឹម សុខា ដែលជា​មេ​ដឹក​នាំ​គណ​បក្សប្រឆាំង​ដ៏​ធំ​ ​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ការ​ប៉ះពាល់​មុខ​មាត់​លើ​ឆាក​អន្តរជាតិ និង​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ។​

​លោក​មាន​ប្រសាសន៍​ថា៖​

«កាល​ណា​លើក​ឡើង​កាន់​តែ​ច្រើន​ ​ធ្វើ​ឲ្យ​កិត្តិយស​ប្រទេស​យើង​លើឆាកអន្តរជាតិ​ហ្នឹង​ក៏​កាន់​តែ​ពិបាក​មើល​ដែរ។ ​អញ្ចឹង​ទាំង​អស់​ហ្នឹង​ខ្ញុំ​សង្ឃឹម​ថា​នឹង​ផ្ដល់​មេ​រៀន​បន្ថែម​ផ្ទួនៗ​ទៀត​ដើម្បី​ឲ្យ​អ្នក​ដឹក​នាំ​នយោបាយ​ខ្មែរ​យើង​ហ្នឹងចាប់​ផ្ដើមមើល​ឡើង​វិញ អំពី​ការ​យក​មក​វិញ​នូវ​ឯកភាព​ជាតិ ហើយ​ខ្ញុំ​ចង់​ឃើញ​នយោបាយ​ឈ្នះៗ​ដែល​រដ្ឋាភិបាល​តែង​តែ​អះអាង​ ​មាន​មោទនភាព​ហ្នឹង​ ​ចង់​ឲ្យ​យក​នយោបាយ​ឈ្នះ​មក​ប្រើ​វិញ​ទៅ​កុំ​ឲ្យ​ប្រើ​នយោបាយ​មាន​ចាញ់​មាន​ឈ្នះ​ ​មាន​អ្នក​ទឹក​ភ្នែក​ ​មាន​អ្នក​សប្បាយ​ ​ហើយ​ស្គាល់​តែ​ពី​ការ​ជេរ​ប្រទេច​គ្នា​រាល់​ថ្ងៃ​រវាង​អ្នក​នយោបាយ​ហ្នឹង»។​

លោក​ ​កឹម សុខា​ ប្រធាន​គណ​បក្សសង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​រំលង​អាធ្រាត្រ​ ​កាល​ពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​លោក​ពី​បទ «ក្បត់​ជាតិ»​ ​និង​បញ្ជូនលោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​ជា​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម។

រហូត​មក​ដល់​ពេល​នេះ​ ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេលជាង​៨ខែ ដោយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ​ ​ក្រៅ​តែ​ពី​មេធាវី និង​ក្រុម​គ្រួសារ​របស់​លោក​នោះ​ទេ។​

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​ដាក់​បណ្ដឹង​តាម​ការ​ស្នើ​របស់​លោក​ ​កឹម សុខា​ ​ទៅតុលា​ការ​គ្រប់​ជាន់ថ្នាក់​ជា​បន្ត​បន្ទាប់​ ​ដើម្បី​សុំ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន ដើម្បី​ព្យាបាល​ជំងឺ​ ​ដោយ​មាន​ភ្ជាប់​ជា​មួយ​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ​ពី​ប្រទេស​សិង្ហបុរី ​ឲ្យ​លោក​ ​កឹម សុខា​ ទៅ​វះ​កាត់​ និង​ព្យាបាល​ជំងឺ​ផង។

ប៉ុន្តែតុលា​ការ​ទាំង​នោះ​ បាន​ច្រាន​ចោល​សំណើ​របស់​ក្រុម​មេធាវី​ ដោយលើក​មូល​ហេតុផល​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​គឺ​ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​មាន​បទ​ល្មើសថ្មី​ ​និង​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូនតុលា​ការ​ចាត់​ការ​តាម​នីតិ​វិធី។ ចំណែក​ការ​ព្យាបាល​ ​តុលា​ការ​អះអាង​ថា​ ​ពន្ធនាគារ​ធ្វើ​តាម​លទ្ធភាព​ដែល​មាន និង​មិន​អាច​អនុញ្ញាត​ឲ្យ​លោក​ ​កឹម សុខា​ ​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​បាន​នោះ​ទេ៕