ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិកំពុងតែថ្កោលទោសនូវអ្វីដែលខ្លួនហៅថា ជាវិធានការគាបសង្កត់កាន់តែខ្លាំងឡើងដោយរដ្ឋាភិបាលកម្ពុជា ដែលរារាំងសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពក្នុងការប្រមូលផ្ដុំគ្នារបស់ក្រុមសកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេស។
ចាប់តាំងពីចុងខែកក្កដាមក ទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានកត់ត្រាអំពីការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សចំនួន ២៥ នាក់ ដោយរួមមានទាំងលោក រ៉ុង ឈុន ដែលជាប្រធានសហជីពដ៏សំខាន់មួយរូបផងដែរ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា អ្នកការពារសិទ្ធិមនុស្សចំនួន ១៣ នាក់ ត្រូវបានដោះលែងវិញបន្ទាប់ពីត្រូវបានរាយការណ៍ថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយបង្ខំមួយ ដើម្បីបញ្ឈប់សកម្មភាពរបស់ពួកគេ។ ទីភ្នាក់ងារនេះបានឲ្យដឹងថា ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សដែលនៅជាប់ឃុំឃាំងទាំង ១២ នាក់ ពួកគេភាគច្រើនប្រឈមមុខនឹងការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស។
អ្នកស្រី Ravina Shamdasani អ្នកនាំពាក្យទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយថា អ្នកការពារសិទ្ធិមនុស្សជាច្រើនបានទទួលទូរស័ព្ទគំរាមកំហែង ដោយរួមមានទាំងការគំរាមសម្លាប់ផងដែរ។ អ្នកស្រីនិយាយថា អ្នកការពារសិទ្ធិមនុស្សជាច្រើនកំពុងតែលាក់ខ្លួនដោយភ័យខ្លាចចំពោះការចាប់ខ្លួន។
អ្នកស្រី Shamdasani បានថ្លែងក្នុងសម្ដីដើមថា៖
«យើងក៏បានឃើញមានការប្រើប្រាស់កម្លាំងជ្រុលហួសហេតុ និងមិនចាំបាច់ពីសំណាក់កងកម្លាំងសន្ដិសុខ ទៅលើក្រុមបាតុករជាស្ត្រីនៅក្នុងហេតុការណ៍យ៉ាងហោចណាស់ចំនួន ៥ លើកផ្សេងៗគ្នានៅសប្ដាហ៍ថ្មីៗនេះ..។ យើងក៏បានចងក្រងឯកសារអំពីការគំរាមកំហែងទៅលើអ្នកទាំងឡាយណាដែលចូលរួមបាតុកម្មតាមសន្ដិវិធី ដោយរួមមានទាំងក្រុមបាតុករដែលស្នើឲ្យចាត់វិធានការនានាដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ទៅលើជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាសកម្មជនបរិស្ថាន និងអ្នកដែលទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស ដែលត្រូវបានឃុំខ្លួនផងដែរ»។
អ្នកស្រី Shamdasani និយាយថា ស្ថានភាពក្នុងពេលបច្ចុប្បន្ននេះបង្ហាញពីការមិនអត់ឱនរបស់រដ្ឋាភិបាលកាន់តែខ្លាំងទៅលើក្រុមអ្នកប្រឆាំង។ អ្នកស្រីបានថ្លែងប្រាប់ VOA ថា ការិយាល័យរបស់អ្នកស្រីបានសម្ដែងការព្រួយបារម្ភទៅកាន់រដ្ឋាភិបាលកម្ពុជាប៉ុន្មានដងរួចមកហើយ ប៉ុន្តែគ្មានលទ្ធផល។ អ្នកស្រី Shamdasani និយាយថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានឆ្លើយតបទៅនឹងការចោទប្រកាន់នានា ពាក់ព័ន្ធនឹងករណីចុងក្រោយទាំងនេះទេ។
អ្នកស្រីបានបន្ថែមថា ក្នុងពេលថ្មីៗនេះមានការរឹតបន្ដឹងច្បាប់ពាក់ព័ន្ធនឹងការឃុំខ្លួនក្រុមអ្នកការពារសិទ្ធិមនុស្ស។
អ្នកស្រី Shamdasani បាននិយាយក្នុងសម្ដីដើមថា៖ «ការពិតទៅ មានលិខិតមួយច្បាប់ដែលត្រូវបានផ្ញើចេញដោយក្រសួងមហាផ្ទៃ ដែលបានបញ្ជាក់ជាសាធារណៈថាសកម្មភាពទាំងអស់នេះដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកការពារសិទ្ធិមនុស្សសំខាន់ៗ គឺជាសកម្មភាព...ខ្ញុំសូមស្រង់ខ្លឹមសារក្នុងន័យដើមដូច្នេះថា «ដើម្បីបង្ករឿងនិងញុះញង់ ដែលប៉ះពាល់ដល់ស្ថិរភាពសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កឲ្យមានចលាចលនៅក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្ដាញសង្គមនិងបណ្ដាញផ្សព្វផ្សាយដទៃទៀត»។
អ្នកស្រី Shamdasani មានប្រសាសន៍ថា ការិយាល័យរបស់អ្នកស្រីកំពុងតែអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងជាបន្ទាន់និងគ្មានលក្ខខណ្ឌនូវអ្នកដែលត្រូវបានឃុំខ្លួន និងអំពាវនាវឲ្យកងកម្លាំងសន្ដិសុខឈប់ប្រើប្រាស់កម្លាំងហួសហេតុទៅលើអ្នកដែលចូលរួមតវ៉ាដោយសន្ដិវិធីតទៅទៀត៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា