ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទាមទារកាលពីថ្ងៃពុធឱ្យមានការដាក់ទោសប្រទេសរុស្ស៊ីសម្រាប់ការធ្វើសង្គ្រាមខុសច្បាប់របស់រុស្ស៊ីប្រឆាំងនឹងប្រជាពលរដ្ឋអ៊ុយក្រែន ដោយលោកបានបញ្ជាក់ប្រាប់បណ្ដាមេដឹកនាំនានានៅលើពិភពលោកថា រដ្ឋាភិបាលរុស្ស៊ីនឹងត្រូវបង្ខំឱ្យបញ្ចប់សង្គ្រាមដែលខ្លួនបានចាប់ផ្ដើមនេះ។
លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាថតទុកជាវីដេអូមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា៖ «ឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តិឡើងប្រឆាំងនឹងប្រទេសអ៊ុយក្រែន ហើយយើងទាមទារឱ្យមានការដាក់ទោសឱ្យបានយុត្តិធម៌»។
សមាជិកអង្គការសហប្រជាជាតិបានបោះឆ្នោតអនុញ្ញាតឱ្យលោក Zelenskyy បញ្ជូនសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយសារតែលោកមិនអាចធ្វើដំណើរមកចូលរួមនៅក្នុងមហាសន្និបាតនេះដោយផ្ទាល់បាន។
លោក Zelenskyy បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីត្រូវតែសងលើការខូចខាតដែលបង្កឡើងដោយសារការឈ្លានពានរបស់ខ្លួនតាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក និងលើការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់និងអំពើឃោរឃៅនានាដែលខ្លួនបានប្រព្រឹត្តិចំពោះប្រជាពលរដ្ឋអ៊ុយក្រែន ដោយមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ហើយមនុស្សរាប់លាននាក់បានរត់ភៀសខ្លួន។
លោកបាននិយាយថា៖ «តុលាការពិសេសមួយគួរតែបង្កើតឡើងដើម្បីដាក់ទោសប្រទេសរុស្ស៊ីសម្រាប់ឧក្រិដ្ឋកម្មនៃភាពគឃ្លើន [ដែលរុស្ស៊ីបានធ្វើ] លើប្រទេសអ៊ុយក្រែន»។
នៅក្នុងសុន្ទរកថារបស់លោកនោះផងដែរ លោក Zelenskyy បានបង្ហាញអំពីអ្វីដែលលោកហៅថាជាលក្ខខណ្ឌទុកជាមុនចំនួន ៥ សម្រាប់សន្តិភាព ដែលនោះគឺ «ការដាក់ទោសសម្រាប់ភាពគឃ្លើន ការការពារអាយុជីវិត ការស្ដារសន្តិសុខនិងបូរណភាពទឹកដី ការធានាសន្តិសុខ និងការតាំងចិត្តការពារខ្លួន»។ លោកថា៖ «នេះគឺជារូបមន្តនៃឧក្រិដ្ឋកម្មនិងការដាក់ទោស»។
លោកបានបន្ថែមថា លក្ខខណ្ឌទុកជាមុននោះក៏រួមមានផងដែរនូវសំណងជាហិរញ្ញវត្ថុដែលតម្រូវឱ្យរដ្ឋាភិបាលរុស្ស៊ីសងអ៊ុយក្រែន ដែលនេះគឺជា «ការដាក់ទោសដ៏ខ្លាំងក្លាបំផុតមួយសម្រាប់មន្ត្រីរដ្ឋាភិបាលរុស្ស៊ីដែលផ្ដល់តម្លៃលើប្រាក់ជាងអ្វីៗទាំងអស់»។
លោក Zelenskyy បានបញ្ជាក់ថា ប្រទេសអ៊ុយក្រែនចង់បានសន្តិភាព ហើយមានប្រទេសតែមួយគត់ដែលមិនចង់បានសន្តិភាព ដែលនោះគឺប្រទេសរុស្ស៊ី។ លោកលើកឡើងដូច្នេះថា៖ «យើងត្រៀមរួចរាល់ហើយដើម្បីសន្តិភាព ប៉ុន្តែសន្តិភាពនោះគឺចាំបាច់ត្រូវតែជាសន្តិភាពដែលពិតប្រាកដ ដោយស្មោះត្រង់ និងមានយុត្តិធម៌»៕
លោក Zelenskyy ទាមទារឱ្យមានការដាក់ទោសរុស្ស៊ីសម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
អង្គការសហប្រជាជាតិ —