ពួក​ឧទ្ទាមអ៊ុយក្រែន​ដោះលែង​អ្នកសង្កេតណ៍​ការអឺរ៉ុប​

តំណាងទាម​ទារ​បំបែក​រដ្ឋលម្អៀង​រុស្ស៊ី ​ចរចា​​ជាមួយ​តំណាង​អង្គការ ​OSCE ថ្ងៃ​ទី២៣ ​ខែ​មិថុនា ឆ្នាំ​២០១៤។

ពួក​ឧទ្ទាម​លម្អៀង​ប្រទេស​រុស្ស៊ី​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ​បាន​ដោះ​លែង​ពួក​អ្នក​សង្កេតការ​អឺរ៉ុប​៤​នាក់ដែល​ត្រូវ​បាន​ឃុំ​ខ្លួនអស់រយៈ​ពេល​មួយ​ខែ។ពួក​អ្នក​សង្កេត​ការណ៍​៤​នាក់​មក​ពី​អង្គការសន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​អឺរ៉ុប ​បាន​ត្រូវ​ដោះលែង​កាល​ពី​ថ្ងៃ​សៅរ មួយ​ខែ​បន្ទាប់​ពីពួកគេ ​បានត្រូវ​ចាប់​ខ្លួន​ពី​ទីក្រុង Luhansk ។

អ្នកសង្កេត​ការ​ណ៍​៤​នាក់​ទៀត​នៅ​ក្នុង​ទីក្រុង Donetsk ​បាន​ត្រូវ​គេ​ដោះ​លែងនៅ​ដើម​សប្តាហ៍​នេះ​។ ពួក​មន្រ្តីអង្គការសន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​អឺរ៉ុប ​និយាយ​ថា ​ពួក​អ្នក​សង្កេតការ​ទាំងអស់ ​មាន​សុខភាព​ល្អ។ ​គេ ​មិន​ទាន់​ដឹង​ច្បាស់​នៅ ឡើយ​ថា តើ​ហេតុ​អ្វី ​បាន​ជា​ពួកគេ ​បាន​ត្រូវ​ចាប់​ខ្លួន​ទេ។

​សហភាព​អឺរ៉ុប ​កំ​ពុង​ទាម​ទារ​ឲ្យ​ពួក​ទាម​ទារ​បំបែក​រដ្ឋ​និង​ពួកអ្នកគាំទ្រ​របស់​ខ្លួន​ក្នុង​ទីក្រុង​ម៉ូស្គួ​ចាត់​វិធានការណ៍​ដើម្បីធ្វើ​ឲ្យ​ធូរ​ស្រាល​ដល់​វិបត្តិ​ក្នុង​តំបន់​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន​ បើពុំ​ដូច្នេះ​ទេ ​នឹង​ប្រឈម​ការ​ដាក់​ទ័ណ្ឌកម្មរឹត​កាន់​តែ​ខ្លាំង។

​វិធានការនៃ​ការទាម​ទារ​របស់​សហ​ភាព​អឺរ៉ុប ​រួម​មាន​ការ​ចរចា​សន្តិភាព​ហើយនិង​អនុញ្ញាតិ​ឲ្យ​ពួក​អ្នក​ឃ្លាំមើល​របស់ អង្គការសន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​អឺរ៉ុប ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន​ផង។