ប្រធានាធិបតី​អ៊ុយក្រែន​ថ្កោលទោស​ការ​ធ្វើ​ឃាត​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី​

លោក​ប្រធានាធិបតី​ Petro Poroshenko នៃប្រទេស​អ៊ុយ​ក្រែន​បានថ្កោលទោស​ការ​សម្លាប់​លោក​ Boris Nemtsov មេដឹកនាំ​ក្រុម​ប្រឆាំង​រុស្សី​ដែល​បាន​ត្រូវ​ធ្វើឃាត​នៅ​ក្រុង​មូស្គូ​​កាល​ពី​ថ្ងៃ​សុក្រ​។

លោក​ប្រធានាធិបតី​ Petro Poroshenko នៃប្រទេស​អ៊ុយ​ក្រែន​បានថ្កោលទោស​ការ​សម្លាប់​លោក​ Boris Nemtsov មេដឹកនាំ​ក្រុម​ប្រឆាំង​រុស្សី​ដែល​បាន​ត្រូវ​ធ្វើឃាត​នៅ​ក្រុង​មូស្គូកាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​លោក​បាន​ស្នើ​ដល់​ប្រជាជន​ឲ្យ​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​រុស្សី Vladimir Putin អំពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​

នៅ​ថ្ងៃ​សៅរ៍នេះ​លោក Poroshenko បាន​ហៅ​លោក Nemtsov ថាជា «ស្ពាន» មួយ​រវាង​ប្រទេស​អ៊ុយក្រែន ​និង​ប្រទេស​រុស្សី។​

តែ​ប៉ុន្មាន​ម៉ោង​នៅ​មុនពេល​លោក​បាន​ត្រូវ​បាញ់​សម្លាប់​ លោក​ Nemtsov បាន​មាន​ប្រសាសន៍​តាម​វិទ្យុ​ Ekho Moskvy នៃ​ប្រទេស​រុស្សី​ ដោយ​លោក​បាន​ស្នើ​ដល់​ប្រជាជន​ក្រុង​មូស្គូ​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រជុំ​មហាជន​របស់​ក្រុម​ប្រឆាំង​នៅ​ថ្ងៃ​អាទិត្យ​ប្រឆាំង​នឹង​លោក Putin។

លោក​ប្រធានាធិបតី​បារាំង ​Francois Hollande ក៏​បាន​សម្តែង​កំហឹង​ផង​ដែរ​ដល់​ការ​សម្លាប់​លោក​ Nemtsov។លោកបានហៅ​ការ​បាញ់សម្លាប់នេះ​ថា​ជា​«ឃាតកម្មមួយ​គួរ​ឲ្យ​ស្អប់ខ្ពើម» ហើយ​លោក​បាន​ពណ៌នា​លោក​ Nemtsov ថា​ជា​«អ្នក​ការពារ​លទ្ធិ ប្រជាធិបតេយ្យ​ម្នាក់»។

លោក Nemtsov ដែល​ជា​អ្នករិះគន់ខ្លាំង​ម្នាក់​ទៅ​លើ​លោក​ Putin និងជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ម្នាក់​ផង​ដែរ បាន​ត្រូវ​បាញ់​ស្លាប់កាល​ពី​យប់ថ្ងៃ​សុក្រ​នៅ​កណ្តាល​ក្រុង​មូស្គូ។​ក្រសួង​មហាផ្ទៃនៃ​ប្រទេស​រុស្សី​បាន​និយាយ​ថា លោក Nemtsov បាន​ត្រូវបាញ់​បួន​គ្រាប់ពី​ទ្បានមួយ​គ្រឿង​កំពុង​បើក​នៅ​ពេល​លោក​ដើរ​ឆ្លង​ស្ពានកាត់​ទន្លេ​មួយ​ក្នុង​ក្រុង​មូស្គូ​នៅជិត​វិមាន​ក្រឹមទ្បាំង។​

អ្នកនាំ​ពាក្យម្នាក់​របស់លោក Putin បាននិយាយ​ថាការ​ធ្វើឃាតនេះ​មាន​សញ្ញា​សម្គាល់​ថា​ជា ​ការ​ធ្វើឃាត​ដោយ​មានកុងត្រា​ ហើយបាន​ព៌ណនា​ការ​សម្លាប់នេះថា​ជា «ការ​បង្ករឿង»​មួយ។​លោក​បា​ន​ថ្លែង​ថា​អាជ្ញាធរ​វិមាន​ក្រឹមទ្បាំង​នឹង​មើល​ការ​ខុសត្រូវ​លើ​ការ​ស៊ើបអង្កេត​នេះ៕