រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ធ្វើ​ទស្សនកិច្ច​នៅ​ចិន​ដើម្បី​ពិភាក្សា​អំពី​កិច្ចចរចា​សន្តិភាព​ពេល​អនាគត

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​ជួប​ប្រជុំ​ជាមួយ​សមភាគី​ចិន​របស់​លោក គឺ​លោក Wang Yi នៅ​ទីក្រុង​ក្វាងចូវ(Guangzhou) កាលពីថ្ងៃទី​២៤ កក្កដា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​ជួប​ប្រជុំ​ជាមួយ​សមភាគី​ចិន​របស់​លោក គឺ​លោក Wang Yi នៅ​ទីក្រុង​ក្វាងចូវ(Guangzhou) ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី Mao Ning បាន​និយាយ​ថា លោក Kuleba និង​លោក Wang បាន​យល់​ព្រម​ថា កិច្ចចរចា​នេះ​ចាំបាច់​ដើម្បី​បញ្ចប់​ការ​ឈ្លានពាន​រយៈពេល​២​ឆ្នាំ​កន្លះរបស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ អ្នកស្រី Mao បន្តថា ថ្វី​បើ​លក្ខខណ្ឌ​នានា​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​ក្តី ក៏​ចិនគាំទ្រ‍«រាល់​កិច្ចប្រឹងប្រែង​ដែល​រួម​ចំណែក​ដល់​សន្តិភាព‍» ហើយ​សុខចិត្ត​«បន្ត​ដើរ​តួ​នាទី​ស្ថាបនាសម្រាប់​បទឈប់បាញ់​មួយ​និង​ការ​ចរចា​សន្តិភាព​ឡើង​វិញ‍»។

លោក Kuleba ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​របស់​អ៊ុយក្រែន​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ចិន​ចាប់តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២​មក។ កិច្ច​ចរចា​ទាំង​នេះ​កំពុង​ប្រព្រឹត្ត​ទៅ​ខណៈ​បន្ត​មាន​ភាព​តានតឹង​រវាង​ក្រុង​កៀវ​និង​ក្រុង​ប៉េកាំង​អំពី​ភាព​ជិត​ស្និទ្ធ​ខាងការទូត​និង​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី ថ្វី​បើ​ក្រុង​ប៉េកាំង​អះអាង​ថា​ខ្លួន​ជា​ភាគី​អព្យាក្រឹត្យ​នៅ​ក្នុង​ជម្លោះ​នេះ​ក្តី។

អ៊ុយក្រែន​បាន​បង្ហាញ​សញ្ញា​ថា​ខ្លួនចង់​ឱ្យ​ចិនចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​លើក​ទី​២​នៅពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ ដែល​នឹង​ផ្តោត​លើ​ផែនការ​សន្តិភាព​ដែល​ស្នើឡើង​ដោយ​ក្រុង​កៀវ។ ទាំង​ចិន​ទាំង​រុស្ស៊ី​ មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​សន្តិភាព​លើក​ទី​១​នៅ​ប្រទេស​ស្វ៊ីស​កាល​ពី​ខែ​មិថុនា​ទេ ក្រោយ​ពី​ចិន​និង​ប្រេស៊ីល​បាន​ផ្សាយ​ពី​ផែនការ​សន្តិភាពដាច់​ដោយឡែក​របស់​ខ្លួន​ដែល​មាន​៦​ចំណុច។

លោក Kuleba​ បាន​និយាយ​ថា​គ្រប់​ភាគី​ទាំង​អស់​«ត្រូវ​ចៀសវាង​មិន​ឱ្យ​មាន​ការ​ប្រកួត​គ្នា​រវាង​ផែនការ​សន្តិភាព​នានា‍»។


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters