មន្ត្រីនៅភាគខាងលិចប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនបានធ្វើឱ្យមនុស្សយ៉ាងតិច ៨ នាក់រងរបួស។
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod នៃប្រទេសរុស្ស៊ីដែលស្ថិតនៅតាមបណ្ដោយព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន បានបញ្ជាក់តាម Telegram ថា ការវាយប្រហារនេះក៏បានធ្វើឱ្យអគារជាង ២០ ខ្នងរងការខូចខាតផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានបំផ្លាញរ៉ុក្កែត ១៥ គ្រាប់និងដ្រូនមួយគ្រឿងរបស់អ៊ុយក្រែននៅពីលើតំបន់ Belgorod។
លោក Roman Starovoyt អភិបាលតំបន់ Kursk ដែលនៅក្បែរនោះ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៣ គ្រឿងកាលពីយប់មិញ។ គេមិនឃើញមានសេចក្ដីរាយការណ៍ណាមួយថាមានការខូចខាតឬក៏រងរបួសណាមួយទេ។
ក្រសួងការពារជាតិរុស្ស៊ីក៏បានរាយការណ៍ផងដែរថាខ្លួនបានបំផ្លាញដ្រូនពីរគ្រឿងនៅលើតំបន់ Bryansk។
ចំណែកឯយោធាអ៊ុយក្រែនវិញបានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៧ គ្រឿងក្នុងចំណោម ២០ គ្រឿងដែលរុស្ស៊ីបានប្រើនៅក្នុងការវាយប្រហារកាលពីយប់មិញ។
កងទ័ពជើងអាកាសអ៊ុយក្រែនបាននិយាយថា ការបាញ់ទម្លាក់ដ្រូនទាំងនេះបានធ្វើឡើងនៅពីលើតំបន់ Odesa។
គេមិនឃើញមានសេចក្ដីរាយការណ៍ណាមួយថាមានការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ីនេះទេ។
ក្នុងពេលនេះដែរ ប្រទេសរុស្ស៊ីបានប្រារព្ធទិវាជ័យជម្នះដោយក្បួនដង្ហែបែបស្នេហាជាតិដ៏អឹកធឹក ដើម្បីប្រារព្ធជ័យជម្នះរបស់ខ្លួនលើពួកណាហ្ស៊ី (Nazi) អាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទីពីរ។ ជ័យជម្នះនេះត្រូវបានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បង្វែរឱ្យក្លាយទៅជាសសរស្ដម្ភមួយនៃការកាន់អំណាចរបស់លោករយៈពេលជិត ២៥ ឆ្នាំកន្លងមកនិងជាហេតុផលមួយនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ទោះបីជាអតីតយុទ្ធជនមួយចំនួនតូចនៃសង្គ្រាមដែលរុស្ស៊ីហៅថាជាសង្គ្រាមមហាស្នេហាជាតិនេះនៅរស់នៅមានជីវិតមកដល់សព្វថ្ងៃនេះក្នុងពេល ៧៩ ឆ្នាំក្រោយមកបន្ទាប់ពីក្រុងប៊ែរឡាំងបានដួលរលំធ្លាក់ទៅក្នុងដៃរបស់ទាហានសហភាពសូវៀតក៏ដោយ ក៏ជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់នេះនៅតែជានិមិត្តរូបដ៏សំខាន់បំផុតនិងគួរឱ្យគោរពជាទូទៅនៃភាពក្លាហានរបស់ប្រទេសរុស្ស៊ីនិងជាផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណជាតិ។
សហភាពសូវៀតបានបាត់បង់មនុស្សប្រហែល ២៧ លាននាក់នៅក្នុងសង្គ្រាមនេះ ដែលចំនួននេះត្រូវបានប្រវត្តិវិទូជាច្រើនចាត់ទុកថាមានលក្ខណៈអភិរក្សនិយម។ ពិធីអឹកធឹកនៅថ្ងៃព្រហស្បតិ៍នេះត្រូវបានប្រារព្ធធ្វើឡើងដើម្បីផ្ដល់កិត្តិយសដល់ការពលីនេះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។