អគ្គមេបញ្ជាការ​កងទ័ព​​អ៊ុយក្រែន​​ដាក់​ចេញ​ពី​អាទិភាព​មួយ​ចំនួន​ ក្នុង​អត្ថបទវិភាគ​

  • ​Reuters

ទាហាន​អ៊ុយក្រែន​ហ្វឹកហាត់​នៅ​ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​៣១ មករា ឆ្នាំ២០២៤។

អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយក្រែន​លោក​ Valeriy Zaluzhnyi​ បាន​ដាក់​ចេញអាទិភាព​មួយ​ចំនួន​សម្រាប់​អ៊ុយក្រែន ​និងការ​ប្រឈម​នានាដែល​អាចធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ចប្រឹងប្រែង​ក្នុង​សង្គ្រាមរបស់ប្រទេស​នេះ នៅ​ក្នុង​អត្ថបទ​វិភាគ​មួយ ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​បន្ទាប់​ពី​សារព័ត៌មាន​ជា​ច្រើនរាយការណ៍​ថា​ ​លោក​អាចនឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

លោក​នាយ​ឧត្តមសេនីយ៍ Zaluzhnyi មិន​បាន​បញ្ជាក់​ក្នុង​អត្ថបទ​វិភាគ​នោះ​ទេ​ ពី​ជម្លោះ​រវាង​លោក​និង​លោក​ប្រធានាធិបតី​ Volodymyr Zelenskyy ឬ​ក៏លើក​ឡើង​ពី​លទ្ធភាព​ដែល​លោក​អាច​ចាកចេញ​ពី​តួនាទីនេះ នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ CNN ។ ទូរទស្សន៍​អាមេរិក​មួយ​នេះផ្សាយថា​ លោក Zaluzhnyi បាន​សរសេរ​អត្ថបទ​វិភាគ​មួយ​នេះ​ មុន​ពេល​ដែលលោក​ត្រូវ​បាន​«ប្រកាស​បណ្តេញ​ចេញ​ពី​តំណែង ​តាម​ការ​រំពឹង​ទុក​»។​

ទូរទស្សន៍ CNN ​បានស្រង់​ប្រភព​មួយក្នុង​ពេល​កន្លង​ទៅដោយ​និយាយ​ថា​ លោក Zelenskyy មាន​កំណត់​នឹង​ប្រកាស​បណ្តេញមេបញ្ជាការ​កងទ័ព​ជើង​គោក​អ៊ុយក្រែន​រូប​នេះក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ​ក្នុង​អ្វី​ដែលជា​ការ​ផ្លាស់​ប្តូរដ៏​ធំបំផុត​មួយ​ ក្នុង​អំឡុង​ពេល​កំពុង​មាន​ការ​ឈ្លានពាន​ដ៏​ពេញ​ទំហឹង​របស់រុស្ស៊ី​នៅ​ពេល​នេះ។​

មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៃ​ខុទ្ទកាល័យ​ប្រធានាធិបតីអ៊ុយក្រែន​បាន​និយាយ​ថា​ គេ​នៅ​មិន​ទាន់​ឃើញ​មាន​សេចក្តី​សម្រេច​បណ្តេញនាយ​ឧត្តមសេនីយ៍​រូប​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ​ និង​បាន​ស្នើ​សុំកុំឱ្យ​យក​រឿង​នេះ​ធ្វើ​ជា​បញ្ហា​នយោបាយ។​ ​

នៅ​ក្នុង​អត្ថបទ​វិភាគ​របស់​លោក​ លោក​ Zaluzhnyi​ និយាយ​ថា​ ​ប្រទេស​អ៊ុយក្រែន​ត្រូវ​តែ​រក​វិធី​ថ្មីៗនិង​សមត្ថភាព​មួយ​ចំនួន​ ដើម្បី​យក​ប្រៀប​ទៅ​លើ​រុស្ស៊ី​ ខណៈ​សង្គ្រាម​នេះ​កំពុង​ជិត​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៣​ហើយ។​ ​

លោក​សរសេរ​ថា​៖ «គេ​មិន​អាច​មើល​ស្រាល​ការ​ប្រឈម​របស់​កងកម្លាំងយើង​ឡើយ។​ ​ គេ​ត្រូវ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​រដ្ឋ​ទាំង​ស្រុង​ថ្មី​មួយ​ ដែល​បំពាក់អាវុធ​យុទ្ធភ័ណ្ឌដែល​មាន​បច្ចេកវិទ្យា​ខ្ពស់»។

លោក​បន្ថែម​ទៀត​ថា៖​ «យើង​ត្រូវ​គិតគូដល់​បញ្ហា​គ្រប់យ៉ាង​ក្នុង​ពេល​នេះ​។​ យើងគិត​ថា​ ការ​បង្កើត​ប្រព័ន្ធ​ថ្មី​មួយ​ដូច​នេះអាចរៀប​ចំ​ធ្វើហើយ​ក្នុង​រយៈពេល​៥​ខែ។​ ​ដៃគូ​របស់​យើង​ក៏​មាន​ទស្សនៈ​ដូច​យើង​ដែរ»។​ ​

លោក​ក៏​បាន​លើក​បញ្ជាក់​ពី​ការ​ចាំបាច់​របស់​អ៊ុយក្រែន​ ក្នុង​ការផលិតយន្តហោះ​ដ្រូន​ឱ្យ​បាន​ច្រើនថែម​ទៀត​៕