កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានបំផ្លាញនាវាចូលចតមួយគ្រឿងរបស់រុស្ស៊ីក្នុងតំបន់ Crimea ដែលជាផ្នែកមួយនៃកងនាវាជើងទឹករបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ ដែលដែលខ្លួនសង្ស័យថា កំពុងដឹកជញ្ជូនដ្រូនដែលផលិតក្នុងប្រទេសអ៊ីរ៉ង់។
នៅក្នុងសារបង្ហោះតាមតេឡេក្រាម កងកម្លាំងដែនអាកាសអ៊ុយក្រែនបានបង្ហាញថា នាវានោះឈ្មោះ Novocherkask ហើយមីស៊ីល cruise របស់ខ្លួនបានបាញ់វានៅក្នុងតំបន់ Fedosia។
មេបញ្ជាកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បានបង្ហោះវីដេអូលើបណ្តាញតេឡេក្រាមដោយបង្ហាញពីការផ្ទុះដ៏ខ្លាំងមួយក្នុងទីប្រជុំជន Feodosia នៃតំបន់ Crimea។
លោក Oleshchuk ថា កងនាវារបស់រុស្ស៊ីពេលនេះកំពុងតែរួមតូចទៅៗ។
កងទ័ពអ៊ុយក្រែនក៏បានរាយការណ៍ផងដែរនៅថ្ងៃអង្គារនេះថា ខ្លួនបានបាញ់ទម្លាក់ដ្រូនចំនួន ១៣ គ្រឿង ដែលរុស្ស៊ីប្រើប្រាស់ក្នុងការវាយប្រហារខ្លួនកាលពីយប់ថ្ងៃចន្ទ។ យោធាអ៊ុយក្រែនថា ដ្រូននេះត្រូវបានបំផ្លាញក្នុងតំបន់ Odesa, Kherson, Mykolaiv និងតំបន់ Khmelnytskyi។
ដោយឡែក រុស្ស៊ីបានអះអាងនៅថ្ងៃចន្ទម្សិលមិញថា កងកម្លាំងខ្លួនដណ្តើមបានទីប្រជុំជនយុទ្ធសាស្ត្រ Maryinka នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ប៉ុន្តែរដ្ឋាភិបាលក្រុងកៀវទាត់ចោលនូវការអះអាងនោះ ដោយនិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយស្ទាក់ការវាយប្រហារមិនបានជោគជ័យ ៣ លើករបស់រុស្ស៊ី នៅជិតតំបន់សហគមន៍ ដែលមានការខូចខាតនិងស្ទើរតែគ្មានមនុស្សរស់នៅមួយកន្លែង។
ទន្ទឹមនឹងនេះដែរ អ៊ុយក្រែននិយាយថា ខ្លួនទទួលបានហិរញ្ញប្បទានចំនួន ១,៣៤ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនមកពីធនាគារពិភពលោក ដែលជាថវិកាសម្រាប់ប្រើប្រាស់ខ្លះក្នុងវិស័យសង្គមមួយចំនួន ដើម្បីជំនួសទឹកប្រាក់ដែលបានប្រើទៅលើសេចក្តីត្រូវការផ្នែកសន្តិសុខនិងការពារជាតិក្នុងពេលកន្លងទៅ។
ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនថា កញ្ចប់ថវិកានោះ រួមមានទឹកប្រាក់កម្ចីជាង ១ពាន់លានដុល្លារពីធនាគារពិភពលោក ជំនួយថវិកាចំនួន ១៩០លានដុល្លារពីប្រទសន័រវេស និង ៥០លានដុល្លារពីសហរដ្ឋអាមេរិក និង ២០លានដុល្លារទៀតពីប្រទេស្វីស៕