មន្ត្រីម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែនកំពុងធ្វើការ«យ៉ាងខ្លាំង»ដើម្បីស្តារការធ្វើដំណើរតាមអាកាសឡើងវិញ ដែលត្រូវបានផ្អាកជិតពីរឆ្នាំ។
អាទិភាពធំបំផុតគឺអាកាសយានដ្ឋានអន្តរជាតិ Boryspil ដែលស្ថិតនៅជាយរដ្ឋធានីកៀវ។
ការលុកលុយរបស់រុស្ស៊ីក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ បានបង្ខំឱ្យបិទដែនអាកាសប្រទេសនេះជាបន្ទាន់។ តាំងពីពេលនោះមក មនុស្សដែលចង់ចូលក្នុងអ៊ុយក្រែនត្រូវតែធ្វើដំណើរតាមផ្លូវរថយន្តឬតាមផ្លូវរទេះភ្លើង។
នៅពេលនេះ អ៊ុយក្រែនយល់ឃើញថាការបើកការធ្វើដំណើរតាមអាកាសជាថ្មីវិញជាជំហានមួយដើម្បីជួយសេដ្ឋកិច្ច។
អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនដឹកជញ្ជូនប្រេងក្នុងប្រទេសអេមេរ៉ាតអារ៉ាប់រួម
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនមួយ ដែលមានស្នាក់ការក្នុងប្រទេសអេមេរ៉ាតអារ៉ាប់រួម ដែលបានបំពានលើតម្លៃប្រេងដែលបានកំណត់ក្នុងមួយបារែល ៦០ដុល្លារ លើការនាំចេញប្រេងឆៅរបស់រុស្ស៊ី ដែលជាវិធានការអនុវត្តច្បាប់ជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០២៤ នេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ទណ្ឌកម្មរបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ត្រូវបានធ្វើឡើងលើក្រុមហ៊ុន Hennesea Shipping Co Ltd ដែលការិយាល័យនេះនិយាយថា ជាម្ចាស់កម្មសិទ្ធលើនាវាប្រេង ១៩គ្រឿង ដែលភាគច្រើនទិញទុកតាំងពីចុងឆ្នាំ ២០២២ មក។
ក្រសួងហិរញ្ញវត្ថុអាមេរិកនិយាយថា ខ្លួនបានរកឃើញនាវាស្តុកប្រេងមួយគ្រឿងក្នុងចំណោមនាវាទាំងនោះក្នុងពេលកន្លងទៅ គឺនាវា HS Atlantica ដែលបានដឹកជញ្ជូនប្រេងឆៅដែលមានប្រភពដើមពីរុស្ស៊ី ក្នុងតម្លៃលើស៦០ដុល្លារអាមេរិកក្នុងមួយបារែល ដែលត្រូវបានដាក់កំណត់ ខណៈប្រើប្រាស់ក្រុមហ៊ុនផ្តល់សេវាកម្មដែនសមុទ្រដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក។
ការកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រុមប្រទេស G7 ដែលត្រូវបានសម្រេចធ្វើឡើងកាលពីខែធ្នូ ឆ្នាំ ២០២២ ក្នុងបំណងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ដែលយកទៅប្រើប្រាស់លើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដោយអនុញ្ញាតឱ្យក្រុមក្រុមហ៊ុនធានារ៉ាប់រងបស្ចិមប្រទេស និងសេវាកម្មដទៃផ្សេងទៀត ត្រូវកំណត់តម្លៃប្រេងឱ្យនៅក្រោម៦០ដុល្លារក្នុងមួយបារែល។
ការដាក់ទណ្ឌកម្មនេះ នឹងរាំងខ្ទប់ដល់ក្រុមហ៊ុន Hennesea Holdings ពីការធ្វើសកម្មភាពជំនួញជាប្រាក់ដុល្លារ ដោយដាក់ក្រុមហ៊ុននេះទៅក្នុងបញ្ជីតាមដានពិសេស៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAssociated Press និង Reuters។