ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការសហប្រជាជាតិស្វះស្វែងរកថវិកាជាង​៤ពាន់​លាន​ដុល្លារ​សម្រាប់​ជំនួយមនុស្សធម៌​ដល់អ៊ុយក្រែន


ពលរដ្ឋអ៊ុយក្រែន​នាំ​គ្នា​មើល​កន្លែង​ដែល​មីស៊ីល​របស់​រុស្ស៊ី​បាញ់ចំ​ នៅ​ភូមិ Shostka តំបន់ Sumy នៃ​ប្រទេស​អ៊ុយក្រែន ខណៈ​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នៅតែ​បន្ត​ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
ពលរដ្ឋអ៊ុយក្រែន​នាំ​គ្នា​មើល​កន្លែង​ដែល​មីស៊ីល​របស់​រុស្ស៊ី​បាញ់ចំ​ នៅ​ភូមិ Shostka តំបន់ Sumy នៃ​ប្រទេស​អ៊ុយក្រែន ខណៈ​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នៅតែ​បន្ត​ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

អង្គការ​សហប្រជាជាតិនៅ​ថ្ងៃ​ចន្ទ​នេះ​បាន​អំពាវនាវ​រកថវិកា​ប្រមាណ ​៤,២​ពាន់​លានដុល្លារ​អាមេរិក​ ដើម្បី​ផ្តល់ជំនួយ​មនុស្សធម៌​ដល់អ្នក​ដែល​រងការប៉ះពាល់​ដោយ​សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន ដែល​មាន​រយៈពេលជិត​ ២​ឆ្នាំ​ហើយ​ ​ក៏​ដូច​ជាសម្រាប់​ជួយ​ដល់​ជនភៀស​ខ្លួន​រាប់​លាន​នាក់​ផ្សេង​ទៀត​ ដែល​បាន​រត់ទៅ​កាន់​ប្រទេស​ដទៃក្នុង​តំបន់ផង​ដែរ​។​ ​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​របស់​ទី​ភ្នាក់ងារមនុស្សធម៌​និង​ទី​ភ្នាក់ងារ​ជន​ភៀសខ្លួន​អង្គការ​សហប្រជាជាតិ​ បាន​គូស​បញ្ជាក់​ពីការវាយប្រហារទ្រង់ទ្រាយ​ធំ​កាល​ពីពេល​ថ្មីៗ​នេះ​របស់​រុស្ស៊ី​ដោយ​និយាយ​ថា​ ការ​វាយប្រហារ​នោះ​បាន​ធ្វើឲ្យ​មហន្តរាយជា​ខ្លាំង​ដល់​ជន​ស៊ីវិលក្នុង​សង្គ្រាម​នេះ​ ក៏​ដូច​ជាអំពានាវ​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ ទៅ​លើលក្ខខណ្ឌ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌កាន់​តែ​មាន​លក្ខណៈ​បន្ទាន់​ខ្លាំងជាង​មុន។

ប្រធាន​ទី​ភ្នាក់ងារ​ផ្តល់​ជំនួយអង្គការ​សហប្រជាជាតិលោក​ Martin Griffiths ​និយាយ​ដូច​នេះ​ថា៖​ «កុមារ​រាប់ម៉ឺននាក់​ កំពុង​រស់​នៅក្នុង​សហគមន៍ក្នុង​តំបន់​សមរភូមិ​មុខ​នៃ​សង្គ្រាមដោយ​ពួក​គេ​មាន​ការ​ភ័យ​រន្ធត់​ បាក់ស្បាត​ និង​មិន​ទទួល​បាន​ជំនួយ​ចាំបាច់​ផ្សេងៗ។ ​ផ្ទះ​សម្បែង​ សាលារៀន​ មន្ទីរពេទ្យរងការ​វាយប្រហារជា​ច្រើន​លើក​ច្រើន​សារ​ ហើយ​ប្រព័ន្ធ​ទឹក​ ថាមពល និង​អគ្គិសនី​ក៏​ទទួល​រង​ដូច​គ្នានេះ​ផង​ដែរ»។​ ​

លោក​បន្ថែម​ទៀត​ថា រចនា​សម្ព័ន្ធ​សង្គម​រង​ការ​វាយប្រហារ​ ដោយ​រង​ផលលំបាក​ដ៏​មហន្តរាយ។​

ចាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពានអ៊ុយក្រែនពេញទំហឹង​កាល​ពីខែកុម្ភៈ ​ឆ្នាំ​ ២០២២​ មក​ មានជន​ភៀស​ខ្លួនជាង ៥,៩​លាន​នាក់​ បាន​រត់​ទៅ​កាន់​ប្រទេសផ្សេងៗ​ក្នុង​ទ្វីបអឺរ៉ុប​។​ នេះបើ​តាម​ការ​ឱ្យ​ដឹង​របស់​អង្គការ​សហប្រជាជាតិ។​ ​ប្រទេស​អាល្លឺម៉ង់​និង​ប៉ូឡូញ​បានទទួល​ជនភៀស​ខ្លួនអ៊ុយក្រែន​ច្រើន​ជាង​គេ​ គឺ​ប្រមាន​ ១​លាន​នាក់ ​ក្នុងប្រទេស​នីមួយៗ​។​ ​ជនភៀស​ខ្លួន​អ៊ុយក្រែន​ប្រមាណ​ ៤​សែន​នាក់​ផ្សេង​ទៀត​ កំពុង​ស្ថិត​នៅ​ក្នុងសាធារណរដ្ឋ​ឆែក​ ហើយ​ជាង ១​សែន​នាក់ កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ម៉ុលដាវី​ ស្លូវ៉ាគី អៀឡង់​ អ៊ីតាលី​ ហូឡង់​ អេស្ប៉ាញ​ និង​ចក្រភព​អង់គ្លេស។​ ​

ទី​ប្រឹក្សា​សន្តិសុខ​ជាតិមក​ពី​ប្រទេស​ចំនួន​ ៨៣ បាន​ជួប​ប្រជុំ​គ្នានៅ​ក្នុង​ទីក្រុង Davos ​ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ នៅ​មុនកិច្ចប្រជុំនៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​ដើម្បីពិភាក្សា​ពី​ផែន​ការ​សន្តិភាព​ ១០​ ចំណុចរបស់​អ៊ុយក្រែន​ ដែល​នឹង​គូស​បញ្ជាក់​ពី​លក្ខខណ្ឌ​របស់រដ្ឋាភិបាល​ក្រុង​កៀវ ដើម្បី​បញ្ចប់​សង្គ្រាម​ជា​មួយ​រុស្ស៊ី។​ ​

ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy ​បាន​លើក​ឡើង​ពីសារ:សំខាន់​នៃ​ការ​ជួប​ប្រជុំ​ជា​អន្តរជាតិ​នេះ​ ដោយ​និយាយ​ថា៖​ «សណ្តាប់ធ្នាប់​ដែលផ្អែក​លើច្បាប់ត្រូវ​តែ​ស្តារ​ឡើង​វិញសម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​ពិភពលោកដោយ​គ្មាន​ការលើក​លែង»៕​ ​

ផ្នែក​ខ្លះ​នៃសេចក្តី​រាយការណ៍​នេះ​ ត្រូវ​បានដក​ស្រង់​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP, ​AFP ​និង​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG