អ៊ុយក្រែនបាននិយាយថាខ្លួនបានបាញ់ទម្លាក់ដ្រូន២៨គ្រឿងក្នុងចំណោម៣២គ្រឿង និងកាំជ្រួចមីស៊ីលចំនួន៤គ្រាប់ក្នុងចំណោម៨គ្រាប់ដែលត្រូវបានបាញ់ក្នុងអំឡុងពេលនៃការវាយប្រហារពេលយប់មួយរបស់រុស្ស៊ី។
អភិបាលតំបន់ Odessa លោក Oleh Kiper បាននិយាយនៅលើកម្មវិធីផ្ញើសារតេឡេ ក្រាមថាកាំជ្រួចមីស៊ីលមួយបានវាយប្រហារតំបន់មួយ ហើយធ្វើឱ្យមានភ្លើងឆេះហើយកម្ទេចកម្ទីបានបំផ្លាញរថយន្តដឹកទំនិញពីរគ្រឿង។
នៅទីក្រុងកៀវ អភិបាលតំបន់ Ruslan Kravchenko បាននិយាយថាការវាយប្រហារដោយដ្រូន មិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឬលំនៅដ្ឋាននោះទេ។
នៅតំបន់ Kharkiv ភាគពាយព្យនៃប្រទេសអ៊ុយក្រែន ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យខូចខាតដល់ឃ្លាំងមួយនៅព្រឹកថ្ងៃពុធ។ មន្ត្រីអ៊ុយក្រែនបាននិយាយថាកាលពីថ្ងៃអង្គារ មនុស្ស៣នាក់បានស្លាប់នៅទីនោះ និងជាង៣០នាក់ទៀតបានរងរបួស។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«គោលដៅនៃការទម្លាក់គ្រាប់បែករបស់រុស្ស៊ី គឺអគារផ្ទះល្វែង ហាងនំប៉័ង កីឡាដ្ឋាន។ និយាយរួមគឺ កន្លែងរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋសាមញ្ញទូទៅ»។
លោក Zelenskyy បានចេញផ្សាយរូបថតនៃអគារផ្ទះល្វែងដែលបង្ហាញពីរន្ធដ៏ធំនៅកណ្តាល ជាន់របស់អាគារជាច្រើនត្រូវបានបំផ្លាញ បង្អួចបែកបាក់ខ្ទេចខ្ទី និងកម្ទេចថ្មពាសពេញដី។
ការវាយប្រហារនេះបានកើតឡើង ខណៈដែលលោក Zelenskyy ស្ថិតនៅក្នុងសហរដ្ឋអាមេរិកដែលលោកបានថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅរសៀលថ្ងៃអង្គារ៕