អ៊ុយក្រែន​និយាយ​ថា​ រុស្ស៊ី​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល​សំដៅ​លើ​តំបន់​រដ្ឋធានី​កៀវ

រូបភាព​ពីលើ​អាកាស​បង្ហាញ រូប​អគារ​ខ្ទេចខ្ទី​ដោយសារ​ការ​វាយប្រហារ​ពីរុស្ស៊ី ក្នុង​ទីក្រុងកៀវ​នៃ​ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​១១ ធ្នូ​ ឆ្នាំ២០២៣។ REUTERS/Valentyn Ogirenko

យោធា​អ៊ុយក្រែន​និយាយនៅថ្ងៃចន្ទនេះ​ថា រុស្ស៊ី​បាន​វាយប្រហារ​លើ​តំបន់​រដ្ឋធានី​កៀវ​ ដោយ​ប្រើប្រាស់​គ្រាប់មីស៊ីល​បាលីស្ទីកចំនួន​៨​គ្រាប់​កាល​ពី​យប់មិញ​ នៅ​ក្នុង​រលក​នៃ​ការ​វាយប្រហារ​ថ្មីៗ​បំផុតតាម​អាកាស​ ដោយ​សំដៅ​លើរដ្ឋធានី​កៀវ​របស់ប្រទេស​នេះ។​

កងកម្លាំង​ការពារ​ដែន​អាកាស​អ៊ុយក្រែន​និយាយ​ថា​ ប្រព័ន្ធ​ការពារដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់គ្រាប់មីស៊ីលទាំង​៨​គ្រាប់​របស់​រុស្ស៊ី​ដែល​ធ្វើ​ការ​វាយប្រហារ​នោះ។​

អភិបាល​ក្រុង​កៀវ​លោក ​Vitali Klitschko​ និយាយ​ថា​ មនុស្ស​៤នាក់​ទទួល​ការ​ព្យាបាល ដោយ​សារដោយ​កម្ទេចកម្ទីគ្រាប់មីស៊ីល​ដែល​ត្រូវបាញ់​ទម្លាក់​នោះ​ធ្លាក់​ពី​លើ​អាកាស​នៅប៉ែក​ខាង​កើត​រដ្ឋធានី​កៀវ។​ ​អភិបាលក្រុង​រូបនេះ​ក៏​បាន​រាយការណ៍​ផង​ដែរ​ ពី​បំណែក​នៃ​គ្រាប់មីស៊ីលមួយ​ចំនួន​ដែល​ធ្លាក់​នៅ​កន្លែង​ឃ្លាំង​សម្ភារៈ​មួយ​កន្លែង តែ​មិន​មាន​ការ​ខូច​ខាត​អ្វី​ឡើយ។

កងទាហាន​អ៊ុយក្រែននិយាយ​ថា​ រុស្ស៊ីបាន​បង្ហោះដ្រូន​ចំនួន​១៨គ្រឿង​ចេញ​ពី​ទឹកដី​ ដែល​ខ្លួន​កាន់កាប់​ក្នុង​តំបន់ Crimea ហើយ​ប្រព័ន្ធការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូនទាំង​អស់​នោះ នៅ​តំបន់​ភាគខាង​ត្បូង​ប្រទេស​របស់​ខ្លួន​។

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden​ ​នឹង​ទទួល​ជួប​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​ នៅ​សេតវិមាន​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ ខណៈពេល​ដែល​រដ្ឋបាលសហរដ្ឋ​អាមេរិក​ កំពុង​ជំរុញ​សភារបស់​ខ្លួនឱ្យ​អនុម័ត​ជំនួយ​បន្ថែម​ដល់​អ៊ុយក្រែន​។​

សេតវិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃអាទិត្យ​ថា​ ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ុយក្រែន​នេះ គឺ​ក្នុង​បំណង​បង្ហាញ​ពី​ការ​តាំង​ចិត្ត​មិន​ងាករេរបស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការគាំទ្រ​ដល់​ប្រជាជន​អ៊ុយក្រែន​ ដើម្បី​ការពារ​ប្រឆាំង​នឹង​ការឈ្លានពាន​ដ៏​ព្រៃផ្សៃរបស់​រុស្ស៊ី។​

ខុទ្ទកាល័យ​របស់​លោក​Zelenskyy បាន​បញ្ជាក់​ថា លោក Zelenskyy បាន​ទទួល​យក​ការអញ្ជើ​ញ​របស់​លោក Biden រួច​ហើយ។ លោក​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ជា​មួយ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​ផង​ដែរ។​ ​

លោក ​Biden បាន​ស្នើ​ដល់​សភា​អាមេរិក​ឱ្យ​អនុម័ត​កញ្ចប់​ជំនួយ​ថវិកា ដែល​មាន​ទឹក​ប្រាក់​ចំនួន​១១០​ពាន់​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ ​អ៊ីស្រាអែល​ និង​សម្រាប់អាទិភាព​សន្តិសុខ​ជាតិ​អាមេរិក​ដទៃ​ផ្សេងៗ​ទៀត​ ប៉ុន្តែ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋកាល​ពី​ថ្ងៃពុធ​កន្លង​ទៅ បាន​បោះឆ្នោត​ប្រឆាំង​នឹង​សំណើ​នេះ ដោយ​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​ក្នុង​ព្រំដែន​ដ៏​សំខាន់​របស់​អាមេរិក​ មាន​ការ​ចាំបាច់ខ្លាំង៕​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​AP, AFP​និង​ Reuters.