យោធាអ៊ុយក្រែនបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលផ្លោងឆ្លងទ្វីបទៅលើអ៊ុយក្រែន ដែលប្រសិនបើអាចបញ្ជាក់ថាជាការពិតមែន ការបាញ់មីស៊ីលផ្លោងឆ្លងទ្វីបនេះនឹងជាការប្រើប្រាស់អាវុធប្រភេទនេះដំបូង ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីដើមឆ្នាំ២០២២។
កងកម្លាំងអាកាសអ៊ុយក្រែនថ្លែងថា មីស៊ីលនេះត្រូវបានបាញ់ពីតំបន់ Astrakhan របស់រុស្ស៊ី និងជាផ្នែកនៃការវាយប្រហារកាន់តែធំឡើងដែលរួមបញ្ចូលមីស៊ីលលឿនជាងសំឡេង និងមីស៊ីលបំពាក់ប្រព័ន្ធស្វ័យនាំផ្លូវចំនួន៧គ្រាប់។
រុស្ស៊ីមិនបានផ្តល់អត្ថាធិប្បាយភ្លាមៗទៅលើសេចក្តីថ្លែងការណ៍អ៊ុយក្រែននៅឡើយទេ។
ការពង្រាយមីស៊ីល ICBM ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអាមេរិកនិងអង់គ្លេសអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ វាយប្រហារទៅលើទីដៅនានាចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ៕