កងទ័ពអ៊ុយក្រែនបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានកម្ចាត់ការវាយប្រហារដោយយន្តហោះដ្រូនគ្មានមនុស្សបើកកាលពីពេលយប់មកលើប្រទេសខ្លួន រួមទាំងរដ្ឋធានីកៀវផងដែរ គឺមួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានវាយប្រហារដោយកាំជ្រួចមីស៊ីលជាហ្វូងលើអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
កងទ័ពអាកាសរបស់អ៊ុយក្រែនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គមថា៖ «កាលពីយប់ថ្ងៃទី ២៩ និងទី ៣០ ខែធ្នូនេះ សត្រូវបានវាយប្រហារលើប្រទេសអ៊ុយក្រែនដោយប្រើយន្តហោះដ្រូនគ្មានមនុស្សបើកប្រភេទ Kamikaze ដែលផលិតនៅក្នុងប្រទេសអ៊ីរ៉ង់»។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា យន្តហោះដ្រូនគ្មានមនុស្សបើកទាំងអស់ចំនួន ១៦ គ្រឿង ដែលបានបង្ហោះចេញពីទិសភាគអាគ្នេយ៍និងខាងជើង ហើយយន្តហោះគ្មានមនុស្សបើកទាំងអស់នោះ ត្រូវបានកម្ទេចដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន។
នៅក្នុងរដ្ឋធានីកៀវ ក្រុមអាជ្ញាធរក្រុងបានប្រកាសភាពអាសន្នអំពីការវាយប្រហារតាមអាកាសនៅម៉ោង ២:១២ព្រឹក ម៉ោងក្នុងស្រុកដែលមានរយៈពេល ២ ម៉ោង។
អភិបាលក្រុងលោក Vitali Klitschko បាននិយាយក្រោយមកថា រដ្ឋធានីត្រូវបានរងការវាយប្រហារដោយយន្តហោះដ្រូនគ្មានមនុស្សបើកចំនួន ៧ គ្រឿង។ ដ្រូន ២ គ្រឿងត្រូវបានបាញ់ទម្លាក់នៅពេលហោះជិតទីក្រុង ហើយ ៥ គ្រឿងទៀតបានហោះពីលើទីក្រុង។
លោកបានបន្ថែមទៀតថា មិនមានមនុស្សស្លាប់ឬរងរបួសទេ ក៏ប៉ុន្តែការបាញ់កម្ទេចបាក់បែករបស់យន្តហោះគ្មានមនុស្សបើកនោះបានធ្វើឱ្យខូចបង្អូចរបស់អគារ ២ នៅក្នុងសង្កាត់ភាគនិរតី។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ការផ្ទុះត្រូវបានគេរាយការណ៍នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវនិងទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២ នៅភាគខាងកើតនិងទីក្រុង Lviv នៅភាគខាងលិចជិតព្រំដែនជាមួយប្រទេសប៉ូឡូញផងដែរ។
កងទ័ពអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីល Cruise ចំនួន ៦៩ គ្រាប់ ដែលក្នុងនោះកាំជ្រួចចំនួន ៥៤ គ្រាប់ ត្រូវបានបាញ់ទម្លាក់៕