ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់ចក្រភពអង់គ្លេសជួយសម្រួលដល់ការវាយប្រហាររបស់កងទ័ពអ៊ុយក្រែនចូលកាន់តែជ្រៅក្នុងប្រទេសរុស្ស៊ីដើម្បីបញ្ឈប់ការវាយប្រហារដោយកាំជ្រួចមីស៊ីលជាប្រចាំទៅលើប្រទេសរបស់លោក នៅពេលដែលលោកធ្វើសុន្ទរកថាដ៏កម្រមួយដោយមេដឹកនាំបរទេសម្នាក់ទៅកាន់ជំនួបរបស់គណៈរដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Zelenskyy បាននិយាយថា៖«កាំជ្រួចមីស៊ីលវង់ប្រតិបត្តិការឆ្ងាយ»ដើម្បីកម្ទេចទីតាំងនានាជាទីកន្លែងដែលអាវុធរុស្ស៊ីប្រមូលផ្តុំជាគន្លឹះដ៏សំខាន់មួយដល់ការការពារអ៊ុយក្រែន។
លោក Zelenskyy បានប្រាប់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer ថា៖«ខ្ញុំសុំឱ្យលោកបង្ហាញភាពជាអ្នកដឹកនាំ»នៅក្នុងការលុបចោលការរឹតត្បិតលើការប្រើអាវុធរបស់លោកខាងលិចសម្រាប់ប្រទេសអ៊ុយក្រែន។
រុស្ស៊ីបានដាក់ពង្រាយអាវុធដ៏ប្រល័យនៅពេលដែលខ្លួនធ្វើការវាយប្រហារនៅរដូវក្តៅនៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែនដើម្បីកម្ទេចភូមិនានាហើយនឹងរុញច្រានកងទ័ពអ៊ុយក្រែននៅក្នុងភូមិទាំងនោះ។ រុស្ស៊ីក៏បានបាញ់កាំជ្រួចមីស៊ីលហើយនឹងវាយប្រហារដោយប្រើដ្រូននៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សរាប់សិបនាក់និងវាយប្រហារទីដៅនានា រួមទាំងមន្ទីរពេទ្យកុមារមួយកន្លែងនៅក្នុងរដ្ឋធានីកៀវផងដែរ។
សម្ព័ន្ធមិត្តខ្លះរបស់រដ្ឋាភិបាលក្រុងកៀវមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធរបស់ខ្លួនដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី ពីព្រោះតែការព្រួយកង្វល់ថាប្រទេសលោកខាងលិចអាចត្រូវអូសទាញឱ្យចូលក្នុងជម្លោះនោះដោយផ្ទាល់ជាមួយរុស្ស៊ី។ រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថាការណ៍នេះអាស្រ័យលើអ៊ុយក្រែនថាតើត្រូវប្រើប្រាស់មីស៊ីលដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសយ៉ាងដូចម្តេច ដរាបណាច្បាប់អន្តរជាតិត្រូវបានគោរព៕