ប្រទេសអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមការវាយប្រហាររបស់ខ្លួនដើម្បីត្រួតត្រាតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈដែលការវាយប្រហារកាំជ្រួចមីស៊ីលមួយបានចំទីក្រុង Lviv ភាគខាងលិច ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៧នាក់ដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូកាលពីថ្ងៃចន្ទថា «ឥឡូវនេះយើងអាចថ្លែងថា កងទ័ពរុស្ស៊ី បានចាប់ផ្តើមសង្គ្រាមនៅក្នុងតំបន់ Donbas ដែលពួកគេបានប្រុងប្រៀបជាយូរយារមកហើយនោះ»។
លោកបាននិយាយទៀតថា៖ «ផ្នែកដ៏សំខាន់មួយនៃកងទ័ពរុស្ស៊ីទាំងមូលឥឡូវនេះបានផ្តោតទៅលើការវាយប្រហារ»។ តំបន់ Donbas រួមមានLuhansk និងDonetsk ជាខេត្ត២ដែលមួយផ្នែកត្រូវបានកាន់កាប់ដោយពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ី រួមជាមួយទីក្រុងកំពង់ផែ Mariupol នៅភាគខាងត្បូងផងដែរ។ ការកាន់កាប់តំបន់នេះ នឹងអនុញ្ញាតឲ្យរុស្ស៊ីត្រួតត្រារបៀងដីគោកទៅកាន់ឧបទ្វីប Crimea ដែលរុស្ស៊ី បានកាន់កាប់ក្នុងឆ្នាំ២០១៤។
ការដកកងទ័ពរបស់រុស្ស៊ីចេញពីតំបន់នានាជុំវិញរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន និងផ្នែកនានានៃតំបន់ភាគខាងជើងក្នុងប៉ុន្មានសប្តាហិ៍ថ្មីៗនេះ បានបណ្តាលឲ្យមានការវាយតម្លៃពីក្រុមមន្ត្រីយោធាប្រទេសលោកខាងលិចថា រុស្ស៊ីបានពង្រឹងនិងដាក់ពង្រាយកងទ័ពរបស់ខ្លួនឡើងវិញនៅផ្នែកខាងកើតអ៊ុយក្រែន។
ក្នុងទីក្រុងLvivភាគខាងលិច លោកMaksym Kozystkiyជាអភិបាលតំបន់ បាននិយាយថា កាំជ្រួចមីស៊ីល៣គ្រាប់បានត្រូវបាញ់ចំទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន ខណៈ ដែលកាំជ្រួចមីស៊ីលមួយគ្រាប់ទៀត បានធ្លាក់ចំកន្លែងប៉ះកង់រថយន្តមួយកន្លែងដែលស្ថិតនៅចម្ងាយ៦០គីឡូ ម៉ែត្រពីប្រទេសប៉ូឡូញ ដែលកាលពីពេលមុនបានគេចផុតពីអំពើហិង្សាដ៏អា ក្រក់បំផុតនៃការឈ្លានពានរបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពី២ខែកន្លងទៅ។
ទីក្រុងនេះជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានទទួលអាវុធមកពីសម្ពន្ធមិត្តលោកខាងលិច។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយថា សហរដ្ឋអាមេរិក មិនមានការចង្អុលបង្ហាញណាមួយថា ជំនួយប្រទេសលោកខាងលិចជាគោលដៅនៃការវាយប្រហារនៅក្នុងទីក្រុងLviv នោះទេ។
ការវាយប្រហារថ្មីៗបានកើតមានឡើងនៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងក្នុងអំឡុងពេលនៃការនិយាយតាមវីដេអូជាមួយពួកមន្ត្រីសេដ្ឋកិច្ចថា ការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តរបស់ខ្លួនបានបរាជ័យ។
ក្រុមមន្ត្រីលោកខាងលិចនិយាយថា ការដាក់ទណ្ឌកម្ម បានជំរុញឲ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចូលក្នុងស្ថានភាពអន់ថយខ្លាំង ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះអស់ពេលជាច្រើនឆ្នាំ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន APទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។