លោក Zelenskyy ថា កងទ័ព​រុស្ស៊ី​ត្រូវ​ដកថយ​បើ «ចង់​នៅ​រស់» ខណៈ​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​តំបន់ Kherson

ទាហាន​អ៊ុយក្រែន​ម្នាក់​ប្រមូល​បំណែក​ក្នុង​រណ្ដៅ​មួយ​ដើម្បី​កំណត់​ពី​ប្រភេទ​គ្រាប់​រំសេវ ក្រោយ​ពី​រុស្ស៊ី​បាន​វាយប្រហារ​និង​ធ្វើ​ឱ្យ​ខូចខាត​អគារ​មួយ​ចំនួន​នៅ​ទី​ក្រុង Kharkiv កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២២។

ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​រាយការណ៍​ថា​ មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​តំបន់ Kherson នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។ តំបន់​នេះ​ត្រូវ​បាន​ត្រួតត្រា​ដោយ​កងទ័ព​រុស្ស៊ី ហើយ​កងទ័ព​អ៊ុយក្រែន​ថា​ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​តបត​ទៅ​វិញ​ដើម្បី​ព្យាយាម​ដណ្ដើម​យក​តំបន់​នេះ​មក​វិញ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​សន្យា​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា កងទ័ព​អ៊ុយក្រែន​នឹង​ដណ្ដើម​យក​មក​វិញ​ឱ្យ​បាន​នូវ​ដែនដី​របស់​ខ្លួន។ លោក​ថា អ៊ុយក្រែន​នឹង​ដេញ​កងទ័ព​រុស្ស៊ី​ឱ្យ «ទៅ​ដល់​ព្រំដែន»។

លោក​លើកឡើង​ដូច្នេះ​ថា៖ «ប្រសិនបើ​ពួកគេ​ចង់​នៅ​រស់ នេះ​គឺ​ជា​ពេល​ដែល​កងទ័ព​រុស្ស៊ី​ត្រូវ​រត់​គេច​ចេញ​ទៅ​ប្រទេស​របស់​ខ្លួន​វិញ»។

ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ «កងពល​តូច​មួយ​ចំនួន​នៃ​កងទ័ព​អ៊ុយក្រែន​បាន​បង្កើន​ការ​បាញ់​ផ្លោង​នៅ​តំបន់​សមរភូមិ​ជួរ​មុខ​នៅ​ទូទាំង​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ុយក្រែន»។

ក្រសួង​នេះ​បាន​បន្ថែម​ថា ចាប់តាំង​ពី​ដើម​ខែ​សីហា​មក រុស្ស៊ី​បាន​ប្រឹងប្រែង​ដើម្បី​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​តាម​តំបន់​ភាគ​ខាង​លិច​នៃ​មាត់​ទន្លេ Dnipro ក្នុង​តំបន់ Kherson។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា កងទ័ព​រុស្ស៊ី​បាន​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Kherson និង​តំបន់ Mykolaiv និង​បាន​ធ្វើ​ឱ្យ​កងទ័ព​អ៊ុយក្រែន «បាត់បង់​ធ្ងន់ធ្ងរ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។