កងកម្លាំងរុស្ស៊ីនិងអ៊ុយក្រែន បានផ្តល់របាយការណ៍ផ្ទុយគ្នានៅកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ជុំវិញស្ថានភាព ទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន ដែលជាកន្លែងដែលមានការវាយប្រហារដ៏ខ្លាំងក្លាអស់រយៈពេលជាច្រើនខែមកហើយ រវាងកងកម្លាំងនៃប្រទេសទាំងពីរនេះ។
ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បាននិយាយថា កងកម្លាំងរបស់ខ្លួនបានលើកទង់ជាតិរុស្ស៊ីនៅលើអគាររដ្ឋបាលរបស់សាលាក្រុង Bakhmut រួចហើយ និងបានកាន់កាប់ទីក្រុងនេះ បើផ្អែកលើផ្លូវច្បាប់នោះ។
ដោយឡែកក្រុមកងកម្លាំងអ៊ុយក្រែនវិញនិយាយថា កងកម្លាំងរុស្ស៊ីនៅកំពុងវាយដណ្តើមកាន់កាប់ទីក្រុងនេះនៅឡើយទេ ហើយថា កងកម្លាំងអ៊ុយក្រែននៅកំពុងទប់ទល់យ៉ាងក្លៀវក្លា និងកំពុងកាន់កាប់ទីក្រុងនេះនៅឡើយ និងធ្វើការវាយបករុញច្រានការវាយប្រហារជាច្រើនលើករបស់សត្រូវទៀតផង។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំយប់ថ្ងៃអាទិត្យថា ស្ថានភាពប្រយុទ្ធក្នុងទីក្រុង Bakhmut កំពុងក្តៅខ្លាំង ជាពិសេសនៅថ្ងៃអាទិត្យនេះ។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken បានអំពាវនាវឱ្យមានការដោះលែងអ្នកសារព័ត៌មានរបស់កាសែតThe Wall Street Journal អាមេរិកមួយរូប ដែលរុស្ស៊ីបានចាប់ខ្លួនពីបទធ្វើចារកម្ម ដោយលោកBlinken បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov តាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យម្សិលមិញផងដែរ។
ជាការឆ្លើយតបទៅនឹងការស្នើសុំរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov និយាយថា ជោគវាសនារបស់អ្នកកាសែតអាមេរិកឈ្មោះ Gershkovich នោះ នឹងត្រូវសម្រេចដោយតុលាការរុស្ស៊ី ដោយលោក Lavrov បានប្រាប់ទៅលោកBlinken ផងដែរថា វាមិនអាចទទួលយកបានឡើយ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានយករឿងនេះធ្វើជារឿងនយោបាយនោះ។ លោក Lavrov ថា អ្នកកាសែតអាមេរិករូបនេះ ត្រូវបានចាប់ខ្លួនដោយការប្រព្រឹត្តកំហុសជាក់ស្តែង។ បើទោះបីជាយ៉ាងនេះក្តីក៏រុស្ស៊ីនៅមិនទាន់បង្ហាញភស្តុតាងណាមួយ ជុំវិញការចាប់អ្នកសារព័ត៌មានអាមេរិកនេះ នៅឡើយទេ៕
ព័ត៌មានខ្លះនៅក្នុងអត្ថបទនេះដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters