យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនរយៈពេលមួយយប់ដោយដ្រូន ៧ គ្រឿងនិងមីស៊ីលស្វ័យនាំផ្លូវ ៣ គ្រាប់។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូន ៥ គ្រឿង ដោយការបាញ់ទប់ស្កាត់ទាំងអស់បានកើតមានឡើងនៅលើតំបន់ Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែន។
លោក Oleh Kiper អភិបាលតំបន់ Odesa បាននិយាយនៅលើតេឡេក្រាមថា ការវាយប្រហារតាមអាកាសបានធ្វើឱ្យខូចខាតអគារឃ្លាំងនិងម៉ាស៊ីនកសិកម្មនិងសម្ភារៈផ្សេងៗទៀត។
លោក Kiper បាននិយាយទៀតថា មិនមានសេចក្តីរាយការណ៍ពីមនុស្សរងរបួសទេ។
ការវាយប្រហារនៅពេលថ្មីៗនេះកើតមានឡើង នៅពេលដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកត្រូវគេរំពឹងផ្តល់ការអនុម័តរបស់ខ្លួននៅសប្តាហ៍នេះដល់សេចក្តីព្រាងច្បាប់ដែលរួមមានប្រាក់ជំនួយ ៦០ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន។
សេចក្តីព្រាងច្បាប់នេះបានអនុម័តរួចហើយនៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិកហើយបានគាំទ្រដោយលោកប្រធានាធិបតី Joe Biden។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថានៅពេលយប់របស់លោកកាលពីថ្ងៃអាទិត្យថា កញ្ចប់ជំនួយនោះរួមមាន«សម្ភារៈដែលអ្នកធ្វើសង្គ្រាមរបស់យើងនៅសមរភូមិមុខរំពឹងយ៉ាងខ្លាំង»។
លោក Zelenskyy បាននិយាយថា ពេលវេលារវាងការអនុម័តសេចក្តីព្រាងច្បាប់និងការទទួលបានជំនួយយោធានៅក្នុងដៃរបស់កងទ័ពអ៊ុយក្រែន«ត្រូវតែឱ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន»៕