អ៊ុយក្រែនបានទទួលយន្តហោះចម្បាំងធុន F-16 ជាលើកទី១ដែលខ្លួនបានស្វះស្វែងរកអស់ជាច្រើនខែមកហើយដើម្បីវាយបកប្រឆាំងនឹងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់មន្ត្រីម្នាក់របស់សហរដ្ឋអាមេរិកប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP។
អ៊ុយក្រែនបានជំរុញសម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់ខ្លួនឱ្យផ្តល់យន្តហោះធុន F-16s ដល់អ៊ុយក្រែនអស់ជាច្រើនខែមកហើយ ដោយនិយាយថាពួកគេត្រូវការយន្ត ហោះនោះយ៉ាងខ្លាំងដើម្បីវាយបកប្រឆាំងនឹងការវាយប្រហារយ៉ាងខ្លាំងដោយកាំជ្រួចមីស៊ីលដែលរុស្ស៊ីបានបាញ់ប្រឆាំងនឹងខ្លួន។ យន្តហោះចម្បាំង F-16 មានឯកទេសក្នុងការបង្ក្រាបសត្រូវក្នុងដែនការពារផ្លូវអាកាស។ ប្រទេសលោកខាងលិចមានការស្ទាក់ស្ទើរក្នុងការផ្តល់យន្តហោះទាំងនោះ បន្ទាប់ពីការព្រួយកង្វល់កាលពីពេលមុនៗថាការបំពាក់អាវុធទំនើបៗដល់អ៊ុយក្រែននឹងពង្រីកសង្គ្រាមជាមួយរុស្ស៊ី។
សហរដ្ឋអាមេរិកក៏បានហ្វឹកហ្វឺនអ្នកបើកបរយន្តហោះជាតិអ៊ុយក្រែនថាតើត្រូវបើកបរយន្តហោះចម្បាំងនោះយ៉ាងដូចម្តេចហើយបានបញ្ចប់វគ្គក្រុមបើកបរទី១រួចហើយស្តីពីកិច្ចប្រតិបត្តិការនេះ។
គេមិនទាន់ច្បាស់នៅឡើយថាតើយន្តហោះចម្បាំងប៉ុន្មានដែលត្រូវផ្តល់ជាលើកដំបូងនេះឬថាតើប្រទេសណាផ្តល់យន្តហោះទាំងនោះ។ រដ្ឋាភិបាលអ៊ុយក្រែនមិនបានបញ្ជាក់ពីការទទួលបានយន្តហោះចម្បាំងនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអនុញ្ញាតឱ្យបញ្ជូនយន្តហោះចម្បាំងដែលផលិតដោយសហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែនកាលពីខែសីហា ឆ្នាំ ២០២៣។ ការណ៍នេះកើតមានឡើងបន្ទាប់ពីការដាក់សម្ពាធជាច្រើនខែពីរដ្ឋាភិបាលក្រុងកៀវនិងការជជែកដេញដោលផ្ទៃក្នុងនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកជាទីកន្លែងដែលពួកមន្ត្រីមានការភ័យខ្លាចថាចំណាត់ការនេះអាចបង្កើនការតានតឹងជាមួយរដ្ឋាភិបាលរុស្ស៊ី។
ប្រទេសបែលហ្ស៊ិក ដាណឺម៉ាក ហូឡង់និងន័រវែសដែលជាសមាជិកអង្គការអូតង់បានសន្យាផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះជាង៦០គ្រឿង។ ចំនួននេះតិចបើប្រៀបធៀបទៅនឹងកងយន្តហោះរបស់រុស្ស៊ីដែលត្រូវបានគេប៉ាន់ស្មានថាមានប្រហែល១០ដងច្រើនជាងនេះ។
អ៊ុយក្រែនត្រូវការយ៉ាងហោចណាស់នូវយន្តហោះចម្បាំង F-16s ចំនួន១៣០គ្រឿងដើម្បីបន្សាបកម្លាំងទ័ពអាកាសរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់ពួកមន្ត្រីអ៊ុយក្រែន៕