នៅថ្ងៃសៅរ៍នេះ ក្រុមទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្សីត្រៀមនឹងប្រគល់អ្នកទោសអ៊ុយក្រែនមួយចំនួនទៅឲ្យរដ្ឋាភិបាលក្រុងកៀវ (Kyiv) មួយថ្ងៃក្រោយពីភាគីទាំងពីរបានដោះដូរអ្នកទោសរាប់រយនាក់។
ការដោះដូរក្រុមអ្នកទោសនៅថ្ងៃសៅរ៍នេះនឹងបញ្ចប់ការដោះដូរអ្នកទោសទៅវិញទៅមករវាងភាគីច្បាំងគ្នាទាំងពីរនេះ។
ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូសេនកូ (Petro Poroshenko) បាននិយាយថាអ៊ុយក្រែនបានប្រគល់ជនឧទ្ទាមដែលត្រូវបានចាប់ខ្លួនចំនួន២២២នាក់កាលពីថ្ងៃសុក្រ ចំណែកឯក្រុមទាមទារបំបែករដ្ឋបានដោះលែងទាហានរដ្ឋាភិបាលអ៊ុយក្រែន១៤៦នាក់់នៅក្នុងការដោះដូរអ្នកទោសច្រើនបំផុតមួយចាប់តាំងពីក្រុមទាមទារបំបែករដ្ឋបានធ្វើការបះបោរកាលពីខែមេសាមក។
ការដោះដូរអ្នកទោសនេះ ដែលត្រូវបានបញ្ចាំងតាមទូរទស្សន៍រុស្សី មានកំណត់ត្រូវធ្វើឡើងតាំងពីដើមសប្តាហ៍នេះមកម្លេះ។ក៏ប៉ុន្តែការមិនចុះសម្រុងគ្នានៅនាទីចុងក្រោយនៅក្នុងកិច្ចចរចាអំពីកិច្ចឈប់បាញ់គ្នាដែលបានប្រព្រឹត្តទៅនៅបេឡារុស បានបង្ខំឱ្យមានការពន្យាពេលក្នុងរយៈពេលខ្លីនិងនាំឱ្យមានការផ្អាកជារៀងរហូតនូវកិច្ចចរចាក្នុងថ្ងៃទីពីរដែលមានកំណត់ត្រូវធ្វើនៅថ្ងៃសុក្រ។
នៅក្នុងព្រឹត្តិការណ៍ដាច់ដោយទ្បែកមួយ រដ្ឋាភិបាលក្រុង Kyiv បានប្រកាសកាលពីថ្ងៃសុក្រថាខ្លួនបានផ្អាកសេវាកម្មរទេះភ្លើងនិងរថយន្តក្រុង ទាំងអស់ទៅកាន់និងមកពីតំបន់គ្រីម៉េ (Crimea)។រុស្សីបានចូលទៅកាន់កាប់តំបន់គ្រីម៉េកាលពីពេលមុននេះក្នុងឆ្នាំនេះ ទោះជាមានការតវ៉ាខ្លាំងពីរដ្ឋាភិបាលបស្ចឹមប្រទេសនិងអ.ស.ប.ក៏ដោយ៕