យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួនបានបំផ្ទុះស្ពានផ្លូវរថភ្លើងមួយកន្លែងនៅក្នុងតំបន់ Samara នៅភាគនិរតីប្រទេសរុស្ស៊ី។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបានលើកឡើងថា ការវាយប្រហារនេះបានសំដៅលើជើងសសរស្ពាននោះដែលឆ្លងកាត់ពីលើទន្លេ Chapaevka។
ទីភ្នាក់ងារនេះបានបន្ថែមថា រុស្ស៊ីបានប្រើស្ពាននេះដើម្បីដឹកជញ្ជូនសម្ភារៈយោធា។
ស្ថានីយអយស្ម័យយានរុស្ស៊ីបានរាយការណ៍អំពីឧបត្តិហេតុនេះនៅក្នុងតំបន់ Samara ដោយបានបញ្ជាក់ថាមិនមានអ្នករងគ្រោះនៅក្នុងហេតុការណ៍នេះទេ ប៉ុន្តែសេវារថភ្លើងត្រូវបានផ្អាកនៅក្នុងតំបន់នោះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវកាលពីថ្ងៃអាទិត្យទៅកាន់បណ្ដាបស្ចិមប្រទេសឱ្យផ្គត់ផ្គង់ជំនួយដែលបានពន្យារពេលកន្លងមកដល់អ៊ុយក្រែន។ អ៊ុយក្រែនកំពុងការពារខ្លួនពីការវាយប្រហារខ្លាំងក្លាពីរុស្ស៊ី ទោះបីជាខ្វះខាតគ្រាប់រំសេវក៏ដោយ។
សំឡេងធ្ងន់ៗរបស់លោក Zelenskyy នៅក្នុងសុន្ទរកថារបស់លោកបានបង្ហាញអំពីការខកចិត្តរបស់លោក នៅពេលដែលចំនួនអ្នកស្លាប់នៅក្នុងទីក្រុង Odesa ដែលជាទីក្រុងកំពង់ផែរបស់អ៊ុយក្រែន បានកើនដល់ ១២ នាក់ ដែលក្នុងនោះមានកុមារ ៥ នាក់ផងដែរ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរុស្ស៊ីបានបាញ់ដ្រូនចំអគារស្នាក់នៅមួយកន្លែងនៅទីនោះកាលពីថ្ងៃសៅរ៍។
អភិបាលក្រុង Odesa លោក Oleh Kiper បានបញ្ជាក់តាម Telegram ថា ក្រុមជួយសង្គ្រោះដែលធ្វើការពេលយប់បានរកឃើញសាកសពបន្ថែមទៀត។ កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមរុករកជនរងគ្រោះបានទាញសាកសពស្ត្រីម្នាក់និងទារកម្នាក់ចេញពីគំនរបាក់បែក។
គិតមកទល់នឹងពេលនេះគឺមានរយៈពេលជាង ២ ខែមកហើយតាំងពីពេលដែលសហរដ្ឋអាមេរិកបានបញ្ជូនជំនួយយោធាចុងក្រោយទៅឱ្យអ៊ុយក្រែន។ នៅសហរដ្ឋអាមេរិក មន្ត្រីនានាបានចាត់ទុកកង្វះសព្វាវុធនិងគ្រាប់រំសេវនៅអ៊ុយក្រែននិងការឈប់បញ្ជូនគ្រឿងផ្គត់ផ្គង់របស់អាមេរិកទៅអ៊ុយក្រែនថាជារឿងកាន់តែគួរឱ្យព្រួយបារម្ភ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP។