ទំនាក់ទំនងពាណិជ្ជកម្ម សន្តិសុខក្នុងតំបន់ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាបញ្ហាចម្បងៗដែលនឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden រៀបចំកិច្ចប្រជុំជាមួយនឹងបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន (ASEAN) នៅថ្ងៃទី ១២ និងទី ១៣ ខែឧសភានេះ។
មេដឹកនាំ ៨ រូបក្នុងចំណោមមេដឹកនាំទាំង ១០ រូបនៃសមាគមអាស៊ាននឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននេះ។ មេដឹកនាំពីររូបដែលនឹងមិនចូលរួមនោះគឺប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលគ្រោងនឹងចប់អាណត្តិនៅខែមិថុនាខាងមុខ និងមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ដែលអាស៊ានបានដកចេញពីការប្រជុំ។ លោក Min Aung Hlaing បានដឹកនាំរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីខែកុម្ភៈ ឆ្នាំ ២០២១។
សេតវិមានមិនបានបញ្ចេញសេចក្ដីលំអិតច្រើនអំពីកិច្ចប្រជុំកំពូលនេះទេ ដោយគ្រាន់តែបានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងបង្ហាញឱ្យឃើញអំពី «ការតាំងចិត្តមិនងាករេ» របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។
បើទោះបីជាកិច្ចប្រជុំនេះត្រូវគេរំពឹងថានឹងមិនមានលទ្ធផលច្រើនក៏ដោយ ក៏អ្នកតាមដានស្ថានការណ៍នានាបាននិយាយថា និមិត្តរូបដែលលោក Biden ចំណាយពេលពីរថ្ងៃនៅក្នុងការរៀបចំកិច្ចប្រជុំជាមួយនឹងមេដឹកនាំទាំងនេះនៅពេលដែលសង្គ្រាមកំពុងរាលដាលនៅក្នុងប្រទេសអ៊ុយក្រែន នឹងបញ្ជាក់ជាថ្មីថាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែជាអាទិភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
បន្ទាប់ពីកិច្ចប្រជុំនេះ លោក Biden នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងនិងទីក្រុងតូក្យូនៃប្រទេសជប៉ុនដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស Quad (Quadrilateral Security Dialogue) ដែលជាក្រុមប្រទេសចតុភាគីដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុនជាសមាជិក នៅពេលក្រោយនៅក្នុងខែនេះ។
បញ្ហាសំខាន់ៗដែលត្រូវតាមដានមើលនៅក្នុងកិច្ចប្រជុំនេះមានដូចខាងក្រោម៖
បញ្ហាអ៊ុយក្រែន
លោក Biden ទំនងជាជំរុញបញ្ហាអ៊ុយក្រែនដើម្បីសម្រេចឱ្យបាននូវការរួបរួមគ្នាមួយផុតពីទ្វីបអឺរ៉ុបនៅក្នុងការប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ៦ ខែឧសភាថា៖ «ខ្ញុំចង់បញ្ជាក់ថាមានការឆ្លើយតបជាទូទៅមួយចំពោះការឈ្លានពានលើអ៊ុយក្រែន ដែលការឈ្លានពាននេះបានធ្វើឡើងដោយប្រធានាធិបតី [រុស្ស៊ី] លោក [Vladimir] Putin និងកងទ័ពរុស្ស៊ី ដែលក្នុងនោះរួមមានទាំងប្រទេសមួយចំនួនផងដែរដែលបានចូលរួមនៅក្នុងការឈ្លានពាននេះ»។
គេឃើញមានទស្សនៈផ្សេងៗគ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍អំពីសង្គ្រាមនេះ។ ប្រទេសមីយ៉ាន់ម៉ាបានគាំទ្រដោយបើកចំហចំពោះប្រទេសរុស្ស៊ី។ ចំណែកឯប្រទេសសិង្ហបុរីវិញគឺជាប្រទេសតែមួយគត់នៃសមាគមអាស៊ានដែលថ្កោលទោសរដ្ឋាភិបាលរុស្ស៊ីតាមរយៈការដាក់ទណ្ឌកម្ម។
ដោយសារតែសមាជិកអាស៊ានជាច្រើនបានរងផលប៉ះពាល់ដោយសារការឡើងថ្លៃដែលបណ្ដាលមកពីសង្គ្រាមនេះលើតម្លៃប្រេងឥន្ធនៈ ឧស្ម័ន ធញ្ញជាតិ និងជី អាស៊ាននឹងអំពាវនាវឱ្យមានដំណោះស្រាយការទូតសម្រាប់សង្គ្រាមនេះ។
លោក Sarang Shidore ប្រធានផ្នែកសិក្សាអប់រំនៃវិទ្យាស្ថាន Quincy Institute for Responsible Statecraft បានព្រមានថា នៅក្នុងតំបន់មួយដែលរងការបង្ហូរឈាមដោយសារសង្គ្រាមត្រជាក់ ជំនឿរបស់លោក Biden នៅក្នុងការផ្ដាច់របបប្រជាធិបតេយ្យចេញពីរបបអត្តាធិបតេយ្យនឹងមិនទៅរួចនោះទេ។ រដ្ឋបាលរបស់លោក Biden ត្រូវតែប្រយ័ត្នប្រយែងធ្វើយ៉ាងណាកុំឱ្យបង្កឱ្យមានទស្សនៈមិនចូលបក្សសម្ព័ន្ធនៅក្នុងតំបន់។
លោក Shidore បានប្រាប់ VOA ថា៖ «បណ្ដាប្រទេសអាស៊ានមិនចង់បានពិភពលោកមួយដែលមានប្លុកពីរនោះឡើយ»។
បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាំបាច់ត្រូវធ្វើពិពិធកម្មទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសដែលមានឥទ្ធិពលធំៗ ដែលក្នុងនោះរួមមានទាំងប្រទេសរុស្ស៊ីផងដែរ ដើម្បីធ្វើយ៉ាងណាកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់ភាពជាសត្រូវរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់លោក Aaron Connelly អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកនយោបាយអាស៊ីអាគ្នេយ៍និងគោលនយោបាយការបរទេសនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies)។
លោក Connelly បានប្រាប់ VOA ថា៖ «ដោយសារតែរុស្ស៊ីត្រូវបានផ្ដាច់ចេញដោយសារទណ្ឌកម្មឬការដាក់សម្ពាធរបស់ក្រុមបស្ចិមប្រទេស ការសម្រេចឱ្យបាននូវទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងទាំងនោះគឺពិតជាបញ្ហាប្រឈមសម្រាប់ពួកគេ [ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍] ដោយសារតែការធ្វើដូច្នេះនឹងបង្ខំឱ្យពួកគេកាន់តែប្រឡូកជាងមុននៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ដែលនេះជាអ្វីដែលពួកគេមិនចង់ធ្វើនោះឡើយ»។
ចំណុចសំខាន់ដែលត្រូវតាមដានមើលគឺថាតើរដ្ឋាភិបាលអាមេរិកនឹងជំរុញបណ្ដាមេដឹកនាំអាស៊ានឱ្យកាត់បន្ថយការទិញសព្វាវុធពីរដ្ឋាភិបាលរុស្ស៊ី ឬក៏គំរាមពួកគេតាមរយៈការដាក់ទណ្ឌកម្មបន្ទាប់បន្សំលើប្រេងឥន្ធនៈរបស់រុស្ស៊ីឬក៏យ៉ាងណានោះ។
ទណ្ឌកម្មបន្ទាប់បន្សំនេះ ដែលដូចទៅនឹងទណ្ឌកម្មដែលបានដាក់ឡើងវិញលើប្រទេសអ៊ីរ៉ង់កាលពីឆ្នាំ ២០១៨ ជាដើម គឺដាក់សម្ពាធលើប្រទេសភាគីទីបីដែលនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីឱ្យកាត់បន្ថយការទិញរបស់ពួកគេ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការត្រូវកាត់ផ្ដាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។
ទំនាក់ទំនងពាណិជ្ជកម្ម
កិច្ចប្រជុំនេះគឺជាឱកាសមួយដើម្បីពិភាក្សាឱ្យកាន់តែស៊ីជម្រៅថែមទៀតអំពីទំនាក់ទំនងពាណិជ្ជកម្ម។ ទំនាក់ទំនងពាណិជ្ជកម្មនេះគឺជាចំណុចដ៏សំខាន់មួយនៃអ្វីដែលអាស៊ានចង់បានជាផ្នែកមួយនៃគម្រោងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ដែលបានចរចាតាំងពីខែតុលាឆ្នាំមុនមក។ អាស៊ានមានកិច្ចព្រមព្រៀងនេះរួចហើយជាមួយនឹងប្រទេសចិននិងប្រទេសអូស្ត្រាលី។
អ្នកតាមដានស្ថានការណ៍នានាបាននិយាយថា សហរដ្ឋអាមេរិកខ្វះយុទ្ធសាស្ត្ររឹងមាំផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដើម្បីទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
រដ្ឋបាលរបស់លោក Biden បានបញ្ជាក់ថា ខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីណាមួយនោះទេ។ ដោយសារតែគំនិតបែបគាំពារផលិតផលក្នុងស្រុកសម័យលោកអតីតប្រធានាធិបតី Donald Trump នៅមានកម្រិតខ្លាំងនៅឡើយ ការបើកលទ្ធភាពចូលមកកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកត្រូវបានពលរដ្ឋអាមេរិកាំងមើលឃើញថាជាហានិភ័យផ្នែកនយោបាយ។
ស្របពេលនេះដែរ តំបន់អាស៊ីអាគ្នេយ៍មានជម្រើសពាណិជ្ជកម្មសេរីជាច្រើនដែលអាចជ្រើសរើសបាន។ អាស៊ានកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសកាណាដា ហើយសមាជិកអាស៊ានមួយចំនួនបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងទូលំទូលាយនិងវិវឌ្ឍទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។
សហរដ្ឋអាមេរិកមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀង RCEP នេះទេ។ កិច្ចព្រមព្រៀង RCEP នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់នៅលើពិភពលោកដែលមានប្រទេសចិនជាសមាជិកផងដែរ។
រដ្ឋាភិបាលចិនបានដាក់ពាក្យចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP។ កិច្ចព្រមព្រៀង CPTPP នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកើតចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលអតីតប្រធានាធិបតីអាមេរិកលោក Barack Obama បានជំរុញឡើង ប៉ុន្តែត្រូវបានលោក Trump ដកសហរដ្ឋអាមេរិកចេញវិញ។
ដើម្បីបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួននៅក្នុងការកសាងពាណិជ្ជកម្មឡើងវិញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រដ្ឋបាលរបស់លោក Biden កំពុងបង្កើតគ្រោងការណ៍សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលនឹងរួមបញ្ចូលផ្នែកផ្សេងៗគ្នាផ្ដោតលើ «ពាណិជ្ជកម្មដែលមានយុត្តិធម៌និងភាពធន់ ភាពធន់របស់ខ្សែសង្វាក់ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធនិងការកាត់បន្ថយសារធាតុកាបូន និងពន្ធដារនិងការប្រឆាំងនឹងអំពើពុករលួយ»។ ប្រទេសនីមួយៗអាចជ្រើសរើសផ្នែកណាមួយដែលពួកគេចាប់អារម្មណ៍បាន។
កន្លងមកគេមិនសូវឃើញមានចំណាប់អារម្មណ៍ប៉ុន្មានទេនៅក្នុងការចូលរួមជាមួយនឹងគម្រោង IPEF នេះ ដែលនេះគឺជាការប្រឈមមួយសម្រាប់រដ្ឋបាលរបស់លោក Biden។
ជារួម ប្រទេសទាំង ១០ ដែលជាសមាជិកអាស៊ានគឺជាសេដ្ឋកិច្ចធំបំផុតទីបីនៅក្នុងទ្វីបអាស៊ី និងជាសេដ្ឋកិច្ចធំបំផុតទី ៧ នៅលើពិភពលោក ដោយផលិតផលក្នុងស្រុកសរុប (GDP) របស់អាស៊ានមានចំនួន ២,៤ លានលានដុល្លារអាមេរិក។
លោក Marc Mealy អនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយនៃក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន (US-ASEAN Business Council) បាននិយាយថា៖ «បណ្ដាប្រទេសអាស៊ានគឺមានសារៈសំខាន់។ ក្នុងចំណោមប្រទេសដៃគូពាណិជ្ជកម្មកំពូលៗពី ២០ ទៅ ៣០ របស់សហរដ្ឋអាមេរិកនៅលើពិភពលោក ប្រទេសចំនួន ៦ គឺជាសមាជិកអាស៊ាន»។
សហរដ្ឋអាមេរិកក៏ដើរក្រោយប្រទេសចិនផងដែរនៅក្នុងផ្នែកវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ការចាប់ផ្ដើមអនុវត្តនូវគម្រោងកសាងពិភពលោកជាថ្មីឱ្យប្រសើរ (B3W) ដែលត្រូវបានចាត់ទុកថាជាជម្រើសដ៏ប្រសើរមួយជំនួសឱ្យគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ប្រទេសចិន ត្រូវបានពន្យារពេល។
បញ្ហាគំរាមកំហែងរបស់ចិន
នៅចំពេលដែលមានការគំរាមកំហែងបង្កឡើងដោយប្រទេសចិន បណ្ដាប្រទេសអាស៊ាននឹងចង់បានការធានាថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកចំពោះអង្គការអូតង់ (NATO) និងចំពោះប្រទេសអ៊ុយក្រែននឹងមិនធ្វើឡើងដោយធ្វើឱ្យកាត់បន្ថយដល់ការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ។
សហរដ្ឋអាមេរិកនឹងទំនងជាថ្កោលទោសឥរិយាបថរបស់ចិន ជាពិសេសយោធានីយកម្មរបស់ចិននៅលើកោះនានានៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែ ទស្សនៈខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកអាស៊ានអំពីប្រទេសចិនគឺជាបញ្ហាប្រឈម។
លោក Gregory Poling ប្រធានកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS) បាននិយាយថា៖ «សមាជិក [អាស៊ាន] មួយចំនួនដូចជាប្រទេសវៀតណាមជាដើម និងប្រទេសហ្វីលីពីនក្នុងកម្រិតមួយចំនួន ពិតជាចង់ឮការពិភាក្សាគ្នាស្វិតស្វាញបន្ថែមអំពីប្រទេសចិន។ រីឯប្រទេសឥណ្ឌូណេស៊ីវិញ និងប្រទេសសិង្ហបុរីក្នុងកម្រិតមួយចំនួន ហើយនឹងប្រាកដណាស់ប្រទេសម៉ាឡេស៊ីនិងប្រទេសថៃ គឺចង់ផ្ដាច់ខ្លួនចេញពីការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន និងទុកឱ្យការប្រកួតប្រជែងនេះស្ថិតនៅក្រៅសមាគមអាស៊ានយ៉ាងហោចណាស់ក៏ក្នុងលក្ខណៈជាសាធារណៈដែរ»។
លោក Poling បានបន្ថែមថា៖ «សហរដ្ឋអាមេរិកត្រូវតែឆ្លើយតបចំពោះសញ្ញានៃការទាមទារទាំងពីរនេះ»។
សេចក្ដីថ្លែងការណ៍ដែលនឹងចេញពីកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននេះទំនងជានឹងមានបញ្ចូលនូវពាក្យពេចន៍ដែលធ្លាប់ប្រើជាទូទៅចំពោះបញ្ហាកូរ៉េខាងជើងនិងហានិភ័យនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែអ្វីដែលគេចង់តាមដានដិតដល់នោះគឺអ្វីដែលសេចក្ដីថ្លែងការណ៍នៃកិច្ចប្រជុំនេះលើកឡើងអំពីបញ្ហាអ៊ុយក្រែននិងបញ្ហាសមុទ្រចិនខាងត្បូង។
ការរើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩
ប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-20 នៅខែវិច្ឆិកាខាងមុខ និងជាប្រទេសសហរៀបចំកិច្ចប្រជុំកំពូលតាមអនឡាញអំពីជំងឺកូវីដ១៩ ជាសាកលនៅសប្ដាហ៍នេះ គ្រោងនឹងជំរុញឱ្យមានរបៀបវារៈនៃការរើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩ នៅលើពិភពលោកដែលមានលក្ខណៈរស់រវើកនិងស្មើភាពជាងមុន ដែលក្នុងនោះរួមបញ្ចូលទាំងលទ្ធភាពនៅក្នុងការទទួលបានវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលផងដែរ។
កន្លងមក សហរដ្ឋអាមេរិកបានបរិច្ចាគវ៉ាក់សាំងចំនួន ១៩០ លានដូសទៅឱ្យបណ្ដាប្រទេសអាស៊ាននិងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននេះក៏គ្រោងនឹងផ្អែកលើការវិនិយោគកាលពីអតីតកាលផងដែរដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងនោះរួមមានទាំងថវិកាចំនួន ៤០ លានដុល្លារដែលបានប្រកាសកាលពីខែតុលាឆ្នាំមុននៅក្នុងការបង្កើនល្បឿននៃការស្រាវជ្រាវរួមគ្នានិងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលតាមរយៈគម្រោងអនាគតសុខាភិបាលអាមេរិក-អាស៊ាន (U.S.-ASEAN Health Futures) ផងដែរ។ គម្រោងអនាគតសុខាភិបាលអាមេរិក-អាស៊ាននេះគឺជាគម្រោងផ្ដួចផ្ដើមមួយដែលបានចាប់ផ្ដើមអនុវត្តនៅក្នុងសម័យលោក Trump។
ការវិនិយោគសំខាន់មួយទៀតកាលពីអតីតកាលនោះគឺការិយាល័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលបានបើកដំណើរការនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីខែសីហា ឆ្នាំមុន។
ប៉ុន្តែ ដោយសារតែសំណើរបស់រដ្ឋបាលលោក Biden នៅក្នុងការស្នើសុំថវិកាសម្រាប់ឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ នៅលើពិភពលោកកំពុងជាប់គាំងនៅសភា សហរដ្ឋអាមេរិកប្រហែលជាមិនអាចផ្ដល់នូវអ្វីដែលតំបន់អាស៊ីអាគ្នេយ៍ត្រូវការបានទេ ដែលនោះគឺថវិកាសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩។
បញ្ហាសិទ្ធិមនុស្ស
លើកនេះគឺជាលើកដំបូងបង្អស់ដែលនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ បានមកប្រជុំដោយផ្ទាល់នៅសេតវិមានតាំងពីពេលដែលលោកបានឡើងកាន់អំណាចកាលពីឆ្នាំ ១៩៨៥ មក។
សកម្មជននានាមានការព្រួយបារម្ភថា ការអញ្ជើញលោក ហ៊ុន សែនមកចូលរួមក្នុងកិច្ចប្រជុំនេះ គឺប្រៀបដូចជាលោក Biden ផ្ដល់ភាពត្រឹមត្រូវជាអន្តរជាតិដល់លោក ហ៊ុន សែន ដូច្នេះដែរ ដែលការដឹកនាំរបស់លោក ហ៊ុន សែនកន្លងមកត្រូវបានគេចាត់ទុកថាមានអំពើពុករលួយ ការកៀបសង្កត់ និងអំពើហិង្សា។
លោក John Sifton ប្រធានផ្នែកតស៊ូមតិអាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានប្រាប់ VOA ថា៖ «ប្រសិនបើរដ្ឋបាលរបស់លោក Biden រៀបចំកិច្ចប្រជុំនេះ ហើយមិនលើកឡើងពីក្ដីបារម្ភផ្នែកសិទ្ធិមនុស្សជាសាធារណៈជាមួយនឹងបណ្ដាប្រទេសអាស៊ាន នោះវានឹងបង្ហាញឱ្យឃើញថា ការរំលោភសិទ្ធិមនុស្សឥឡូវនេះគឺភាគច្រើនអាចអត់ឱនឱ្យបានក្នុងនាមនៃការបង្កើតសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងចិន»។
ប្រទេសមីយ៉ាន់ម៉ា ដែលដឹកនាំដោយរដ្ឋាភិបាលយោធា គឺជាបញ្ហាមួយទៀត។ បើទោះបីជាមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បានយល់ព្រមធ្វើតាមការទាមទាររបស់អាស៊ាននៅក្នុងការបញ្ជូនតែអ្នកតំណាងមិនពាក់ព័ន្ធនឹងនយោបាយទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនេះក៏ដោយ ក៏ភាគច្រើនលោកបានធ្វើព្រងើយកន្ដើយចំពោះការឯកភាព ៥ ចំណុចរបស់អាស៊ានដែលតម្រូវឱ្យលោកបញ្ឈប់អំពើហិង្សានិងចូលរួមនៅក្នុងការចរចា នៅក្រោយពេលមានភាពចលាចលដ៏ប្រល័យកើតឡើងនៅក្រោយរដ្ឋប្រហារ។
កាលពីខែមុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានរិះគន់យោធាមីយ៉ាន់ម៉ាថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងនឹងជាតិសាសន៍រ៉ូហ៊ីងយ៉ា (Rohingya)។
អ្នកតាមដានស្ថានការណ៍មួយចំនួនបានអះអាងថា រដ្ឋបាលរបស់លោក Biden នឹងជំរុញឱ្យមានវិធានការតឹងតែងជាងមុនប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែការជំរុញបែបនេះទំនងជាមិនបានលទ្ធផលអ្វីទេជាមួយនឹងសមាជិកអាស៊ាន។
បញ្ហាប្រែប្រួលអាកាសធាតុ
អ្នកតាមដានស្ថានការណ៍នានាបាននិយាយថាមានឱកាសដែលមិនទាន់ប្រើ ដែលអាចផ្គូផ្គងគោលបំណងរបស់រដ្ឋបាលលោក Biden ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅលើពិភពលោកជាមួយនឹងការចង់បានផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់អាស៊ីអាគ្នេយ៍បាន។
គម្រោងផ្ដួចផ្ដើមមួយចំនួនគ្រោងនឹងត្រូវបានគេពង្រីក។ ក្នុងចំណោមនោះក៏មានគម្រោងអនាគតអាកាសធាតុអាមេរិក-អាស៊ាន (U.S.-ASEAN Climate Futures) ផងដែរ ដែលជាកម្មវិធីមួយដែលជួយពិភពលោកឱ្យធ្វើយ៉ាងណាឱ្យការឡើងកម្ដៅផែនដីមានកម្រិតត្រឹមតែ ១,៥ អង្សារសេតែប៉ុណ្ណោះ។
បណ្ដាមេដឹកនាំអាស៊ានគ្រោងនឹងជួបជាមួយនឹងថ្នាក់ដឹកនាំសភាសហរដ្ឋអាមេរិក និងចូលរួមនៅក្នុងពិធីពិសារអាហារពេលល្ងាចនៅសេតវិមាននៅថ្ងៃព្រហស្បតិ៍។ លោក Biden និងបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាននឹងចូលរួមនៅក្នុងការពិភាក្សាអំពីកិច្ចប្រជុំកំពូលពិសេសនេះនៅឯក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃបន្ទាប់។
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានលើកនេះគឺជាកិច្ចប្រជុំលើកទីពីរជាមួយនឹងបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន ដែលធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក។ កិច្ចប្រជុំលើកទីមួយបានធ្វើឡើងក្នុងសម័យលោក Obama នៅឯរមណីយដ្ឋាន Sunnylands ក្នុងរដ្ឋ California។
មនុស្សជាច្រើនបានសរសើរកិច្ចប្រជុំកំពូលកាលពីឆ្នាំ ២០១៦ នោះថាជាការចាប់ផ្ដើមនូវយុគសម័យថ្មីមួយនៃទំនាក់ទំនងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ដ៏រស់រវើកបំផុតមួយនៅលើពិភពលោក ដោយសារតែមានភាពចម្រុះផ្សេងៗគ្នាទាំងផ្នែកនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចនៃប្រទេសជាសមាជិកអាស៊ានទាំង ១០៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ