នៅថ្ងៃពុធនេះ ប្រទេសអ៊ុយក្រែនបានជំរុញបណ្ដាប្រទេសដែលគាំទ្រខ្លួនឱ្យបញ្ជាក់ឱ្យបានច្បាស់ចំពោះប្រទេសរុស្ស៊ីថា «ការប៉ុនប៉ងរបស់រុស្ស៊ីនៅក្នុងការភ្ជាប់យក [ដែនដីរបស់អ៊ុយក្រែន] ការគំរាមកំហែង និងការដាក់ឱសានវាទ [ចំពោះរឿងនេះ]» នឹងមានតែធ្វើឱ្យមានការគាំទ្របន្ថែមទៀតចំពោះប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះនៅក្នុងសង្គ្រាមដែលរុស្ស៊ីបានចាប់ផ្ដើមតាំងពីខែកុម្ភៈកន្លងមកនេះ។
ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ប្រទេសអ៊ុយក្រែនអំពាវនាវដល់សហភាពអឺរ៉ុប អង្គការអូតង់ (NATO) និងក្រុមប្រទេស G-7 ឱ្យបង្កើនការដាក់សម្ពាធឱ្យបានឆាប់និងក្រាស់ក្រែលលើប្រទេសរុស្ស៊ី ដែលក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មថ្មីធ្ងន់ធ្ងរ [លើរុស្ស៊ី] និងការបង្កើនឱ្យបានច្រើនគួរសមនូវជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែនផងដែរ»។
ការអំពាវនាវរបស់អ៊ុយក្រែននេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា គេត្រូវតែធ្វើយ៉ាងណាឱ្យប្រទេសរុស្ស៊ីនៅឯកោនៅលើឆាកអន្តរជាតិទាក់ទិននឹងការធ្វើប្រជាមតិក្លែងក្លាយរបស់ប្រទេសនេះដើម្បីភ្ជាប់យកដែនដីរបស់អ៊ុយក្រែន។
លោក Zelenskyy បានថ្លែងតាមវីដេអូដូច្នេះថា៖ «មានវិធីតែមួយគត់ដើម្បីបញ្ឈប់រឿងនេះទាំងស្រុង។ ដំបូង គឺធ្វើយ៉ាងណាឱ្យរុស្ស៊ីស្ថិតក្នុងភាពឯកោទាំងស្រុង ដើម្បីឆ្លើយតបចំពោះអ្វីៗគ្រប់យ៉ាងដែលប្រទេសនេះបានធ្វើ»។
លោក Zelenskyy បានព្រមានអំពីលទ្ធភាពដែលរុស្ស៊ីអាចនឹងភ្ជាប់យកដែនដីរបស់អ៊ុយក្រែន បន្ទាប់ពីការបោះឆ្នោតប្រជាមតិនៅក្នុងតំបន់ ៤ ដែលត្រួតត្រាឬកាន់កាប់ដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនអំពីការភ្ជាប់ខ្លួនជាផ្នែកមួយនៃប្រទេសរុស្ស៊ីបានបញ្ចប់ទៅកាលពីថ្ងៃអង្គារ។
លោកនិយាយដូច្នេះថា៖ «ការភ្ជាប់យកណាមួយនៃដែនដីដែលរុស្ស៊ីបានដណ្ដើមកាន់កាប់ទាំងនេះ...គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ នេះគឺជាការប៉ុនប៉ងដើម្បីលួចទឹកដីនៃប្រទេសមួយផ្សេងទៀត។ នេះគឺជាការប៉ុនប៉ងដើម្បីបំបាត់ចោលនូវបទដ្ឋាននៃច្បាប់អន្តរជាតិ»។
លោក Zelenskyy បានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលរុស្ស៊ីភ្ជាប់យកដែនដីទាំងនេះ នោះវា «នឹងមានន័យថាគ្មានន័យអ្វីទេដែលត្រូវនិយាយជាមួយនឹងប្រធានាធិបតីរុស្ស៊ីនោះ»។
ប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក និងបណ្ដាបស្ចិមប្រទេសនានាបានរិះគន់ការធ្វើប្រជាមតិទាំងនេះថាខុសច្បាប់៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។