សហរដ្ឋអាមេរិកផ្ដល់ជំនួយផ្នែកការអនុវត្តច្បាប់និងសន្តិសុខស៊ីវិលចំនួន ៤៥៧ លាន ៥ សែនដុល្លារបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃចន្ទ។
លោក Blinken បាននិយាយថា រដ្ឋាភិបាលអាមេរិករំពឹងថា ជំនួយនេះរួមជាមួយនឹងជំនួយចំនួន ១៨៧ លានដុល្លារដែលសហរដ្ឋអាមេរិកបានផ្ដល់ជូនរដ្ឋាភិបាលអ៊ុយក្រែនកាលពីមុន នឹងបន្តជួយប្រទេសអ៊ុយក្រែនទប់ទល់នឹងសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីរយៈពេល ៧ ខែកន្លងមក ហើយរដ្ឋាភិបាលអាមេរិកនឹងបញ្ជូនជំនួយនេះដោយផ្ទាល់ទៅឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិនិងនាយកដ្ឋានល្បាតព្រំដែនជាតិរបស់ប្រទេសអ៊ុយក្រែន។
លោក Blinken បាននិយាយថា៖ «ឧបករណ៍ការពារខ្លួន គ្រឿងបរិក្ខារពេទ្យ និងរថពាសដែក ដែលសហរដ្ឋអាមេរិកបានផ្ដល់ជូន [ប្រទេសអ៊ុយក្រែន] ទាំងនេះបានជួយកាត់បន្ថយយ៉ាងក្រាស់ក្រែលនូវករណីស្លាប់និងរងរបួសនៃជនស៊ីវិលនិងកងកម្លាំងសន្តិសុខរបស់អ៊ុយក្រែន»។
លោកបានបញ្ជាក់បន្ថែមថា ថវិកាមួយចំនួននៃជំនួយថ្មីនេះនឹងជួយប្រទេសអ៊ុយក្រែននៅក្នុងការបន្តស៊ើបអង្កេតនិងកាត់ទោសទាហានរុស្ស៊ីណាដែលបានប្រព្រឹត្តិអំពើសាហាវឃោរឃៅលើកងទ័ពអ៊ុយក្រែននិងជនស៊ីវិល។ កន្លងមក កងទ័ពនិងជនស៊ីវិលអ៊ុយក្រែនរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះ។
លោក Blinken បានលើកឡើងនៅពេលលោកប្រកាសអំពីកញ្ចប់ជំនួយនេះថា៖ «សហរដ្ឋអាមេរិកឈរនៅកៀកជាមួយនឹងប្រជាពលរដ្ឋអ៊ុយក្រែន និងនៅតែតាំងចិត្តគាំទ្រប្រទេសអ៊ុយក្រែនដែលមានលទ្ធិប្រជាធិបតេយ្យ ឯករាជ្យភាព និងអធិបតេយ្យភាព»៕