ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងលោក Dmytro Ponomarenko បានប្រាប់ VOA ថា ប្រទេសកូរ៉េខាងត្បូងគួរតែគាំទ្រឱ្យបានច្បាស់លាស់ជាងមុននូវការវាយប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដោយលោកបានជំរុញជាថ្មីឱ្យកូរ៉េខាងត្បូងផ្ដល់សព្វាវុធដល់ខ្លួនដែលសព្វាវុធទាំងនោះអាចដើរតួនាទីសំខាន់នៅក្នុងការជួយអ៊ុយក្រែនដណ្ដើមមកវិញនូវដែនដីដែលបានបាត់បង់។
នៅក្នុងសារឆ្លើយឆ្លងទៅវិញទៅមកជាមួយនឹង VOA លោកឯកអគ្គរដ្ឋទូត Ponomarenko បានបង្ហាញការដឹងគុណចំពោះជំនួយមនុស្សធម៌ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្ដល់ដល់ប្រទេសអ៊ុយក្រែន ប៉ុន្តែបានសង្កត់ធ្ងន់ថាអ៊ុយក្រែននៅតែ «ត្រូវការយ៉ាងខ្លាំង» នូវសព្វាវុធធុនធ្ងន់ដែលកូរ៉េខាងត្បូងអាចផ្ដល់ជូនបាន។
លោក Ponomarenko ថ្លែងដូច្នេះថា៖ «ជារឿងដ៏គួរឱ្យសោកស្ដាយដែលកូរ៉េខាងត្បូងនៅតែស្ទាក់ស្ទើរនៅក្នុងការផ្ដល់ឱ្យទាហានរបស់យើងនូវសព្វាវុធដែលពួកគេត្រូវការនៅសមរភូមិមុខ»។
ចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុនមក អ៊ុយក្រែនបានធ្វើការអង្វរជាសាធារណៈជាទៀងទាត់ឱ្យកូរ៉េខាងត្បូងផ្ដល់សព្វាវុធដល់ខ្លួន។ ប៉ុន្តែ ស្ថានការណ៍គឺកាន់តែបន្ទាន់ឡើង ដោយសារតែរុស្ស៊ីបានរុលទៅមុខនៅភាគខាងកើតអ៊ុយក្រែន ដែលនៅទីនោះភាគីទាំងពីរកំពុងមានបញ្ហាកង្វះគ្រាប់រំសេវ។
លោក Ponomarenko បញ្ជាក់ដូច្នេះថា៖ «យើងត្រូវការការផ្ដល់ជូនដោយគ្មានការបង្អាក់និងទាន់ពេលវេលានូវរថពាសដែកធុនធ្ងន់ កាំភ្លើងធំ ប្រព័ន្ធការពារដែនអាកាស គ្រាប់រំសេវ និងយុទ្ធោបករណ៍ដែលមានកម្រិតត្រូវតាមស្ដង់ដាររបស់អង្គការអូតង់ (NATO) ដើម្បីអាចបន្តកិច្ចប្រតិបត្តិការទប់ទល់នឹងការវាយលុករបស់រុស្ស៊ីបាន»។
កូរ៉េខាងត្បូងស្ថិតក្នុងចំណោមប្រទេសនាំចេញសព្វាវុធច្រើនជាងគេបង្អស់នៅលើពិភពលោក ហើយកាលពីពេលថ្មីៗនេះបានភ្ជាប់ខ្លួនកាន់តែជិតជាមួយនឹងក្រុមបស្ចិមប្រទេស។ ប៉ុន្តែ រដ្ឋាភិបាលកូរ៉េខាងត្បូងមិនបានយល់ព្រមចំពោះការលក់ឬក៏ការបរិច្ចាគសព្វាវុធដល់អ៊ុយក្រែនទេ ដោយយោងលើច្បាប់ក្នុងប្រទេសដែលដាក់កំហិតតឹងតែងលើការបញ្ជូនសព្វាវុធទៅកាន់តំបន់សង្គ្រាម។
ប៉ុន្តែ ក្នុងពេលកន្លងមក កូរ៉េខាងត្បូងបានបញ្ជូនឱ្យអ៊ុយក្រែននូវជំនួយយោធាដែលមិនមែនជាសព្វាវុធដូចជាអាវក្រោះ មួកការពារ និងគ្រឿងបរិក្ខារពេទ្យជាដើម។ កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងបានប្រកាសអំពីផែនការនៅក្នុងការបញ្ជូនឱ្យអ៊ុយក្រែននូវជំនួយមនុស្សធម៌ចំនួន ១៣០ លានដុល្លារបន្ថែមពីលើជំនួយមនុស្សធម៌ចំនួន ១០០ លានដុល្លារដែលខ្លួនបានបញ្ជូនឱ្យអ៊ុយក្រែនកាលពីឆ្នាំមុន។
លោក Ponomarenko បានជំរុញឱ្យកូរ៉េខាងត្បូងផ្ដល់ជំនួយជាសព្វាវុធ ដោយបាននិយាយថាការផ្ដល់សព្វាវុធនេះគឺស្របតាមឧត្តមគតិក្នុងប្រទេសកូរ៉េខាងត្បូងនិងឋានៈប្រទេសកូរ៉េខាងត្បូងក្នុងនាមជា «ប្រទេសដ៏សំខាន់អស្ចារ្យមួយនៅលើពិភពលោក»។
លោក Ponomarenko បានបញ្ជាក់ដូច្នេះថា៖ «ការចៀសវាងមិនធ្វើការសម្រេចចិត្តនិងការធ្វើពុតជាអព្យាក្រឹត្យមិនបានជួយដល់អ្នកដែលបានជ្រើសរើស «ផ្លូវ» ដូចនេះ ឬក៏មិនបានជួយដល់បុព្វហេតុនៃសន្តិភាពទាំងមូលនោះទេ»។
ការដាក់សម្ពាធឱ្យកូរ៉េខាងត្បូងធ្វើបន្ថែមទៀតនេះគឺមានកម្រិតកាន់តែខ្លាំងក្លាឡើងនៅពេលដែលក្រុមបស្ចិមប្រទេសប្រឹងប្រែងដើម្បីផលិតកាំភ្លើងធំឱ្យបានគ្រប់គ្រាន់សម្រាប់អ៊ុយក្រែន។ កូរ៉េខាងត្បូងត្រូវបានគេមើលឃើញថាជាប្រទេសផ្គត់ផ្គង់សព្វាវុធដ៏ទំនងឥតខ្ចោះមួយ ដោយសារតែកិត្តិនាមរបស់ខ្លួនក្នុងការបញ្ជូនដល់គោលដៅយ៉ាងលឿននូវសព្វាវុធដែលមានគុណភាពខ្ពស់និងតម្លៃថោក។
ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលកាលពីខែមករា អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានជំរុញប្រទេសកូរ៉េខាងត្បូងឱ្យ «បង្កើន» ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ដោយលោកបានកត់សម្គាល់ថាបណ្ដាប្រទេសនៅអឺរ៉ុបបានកែប្រែគោលនយោបាយនាំចេញសព្វាវុធរបស់ខ្លួនបន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមក។
នៅក្នុងសន្និសីទកាសែតមួយកាលពីចុងខែកុម្ភៈកន្លងទៅនេះស្ដីពីខួបមួយឆ្នាំនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានគាំទ្រការអំពាវនាវរបស់លោក Stoltenberg ដែលចង់ឱ្យប្រទេសកូរ៉េខាងត្បូងផ្ដល់សព្វាវុធដល់អ៊ុយក្រែន។
ប៉ុន្តែ ឧបសគ្គដ៏ធំបំផុតមួយចំពោះការផ្ដល់សព្វាវុធរបស់កូរ៉េខាងត្បូងដល់អ៊ុយក្រែនគឺនៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់។
ពលរដ្ឋកូរ៉េខាងត្បូងតែ ១៥% ប៉ុណ្ណោះដែលគាំទ្រឱ្យមានការបញ្ជូនសព្វាវុធឱ្យអ៊ុយក្រែន។ នេះបើយោងតាមការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុន Gallup Korea កាលពីខែមិថុនាឆ្នាំមុន។
អ្នករិះគន់ខ្លាំងក្លាជាច្រើននៅរដ្ឋសភាជាតិកូរ៉េខាងត្បូងលើប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol មានក្ដីបារម្ភអំពីការពាក់ព័ន្ធរបស់កូរ៉េខាងត្បូងជាមួយនឹងអ៊ុយក្រែន។
នៅពេលដែលលោក Zelenskyy ថ្លែងសុន្ទរកថាកាលពីខែមេសាឆ្នាំមុនទៅកាន់រដ្ឋសភាកូរ៉េខាងត្បូងដើម្បីស្នើសុំជំនួយបន្ថែមទៀតពីកូរ៉េខាងត្បូង គេឃើញមានសមាជិកសភាប្រហែលតែ ៦០ នាក់ប៉ុណ្ណោះក្នុងចំណោម ៣០០ នាក់ដែលបានចូលរួម ដោយក្នុងនោះសមាជិកសភាខ្លះបានចាកចេញពីសាលប្រជុំក្នុងអំឡុងពេលលោក Zelenskyy ថ្លែងសុន្ទរកថា។
មន្ត្រីការទូតម្នាក់ប្រចាំនៅទីក្រុងសេអ៊ូលមកពីប្រទេសជាសមាជិកមួយរបស់អង្គការអូតង់បានប្រាប់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីខែកុម្ភៈថា លោកមិនរំពឹងថានឹងមានការប្រែប្រួលធំដុំណាមួយពីកូរ៉េខាងត្បូងនៅពេលឆាប់ៗខាងមុខនេះទេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
ការស្នើរបស់អ៊ុយក្រែនឱ្យកូរ៉េខាងត្បូងផ្ដល់សព្វាវុធដល់ខ្លួននៅតែជួបការលំបាក
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —