អ៊ុយក្រែន​បន្ទោស​រុស្ស៊ី​​​​​​​លើ​ការ​​មិន​​ផ្លាស់​ប្តូរ​ឈ្លើយសឹក​ក្នុង​ពេល​ថ្មីៗ​នេះ

អ្នកទោស​សង្រ្គាមអ៊ុយក្រែនអំឡុងពេលដោះដូរ​ជាមួយ​ទាហាន​រុស្ស៊ីកាលពីថ្ងៃទី​១៦ មេសា ឆ្នាំ២០២៣។

ប្រទេស​អ៊ុយក្រែន​បាន​បន្ទោស​រុស្ស៊ីពី​ការ​មិន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ឈ្លើយសឹក​រវាង​ប្រទេសទាំង​ពីរ​ក្នុងរយៈពេលពីរ​បី​ខែ​នេះ​កន្លងមកនេះ។​ ​

ចាប់​តាំង​ពីខែ​ដំបូងៗ​នៃ​សង្គ្រាមរវាងរុស្ស៊ីនិង​អ៊ុយក្រែនចាប់​ផ្តើម​មក រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ឈ្លើយសឹកជាច្រើន​លើក​ ប៉ុន្តែ​ការ​ដោះដូរនេះ​មិន​បាន​កើតឡើង​ដូច​មុន​ទៀត​ឡើយ​ ចាប់​តាំង​ពី​ខែ​សីហា​កន្លង​ទៅ។​

ស្នងការ​សិទ្ធិមនុស្ស​អ៊ុយក្រែន​លោក​Dmytro Lubinets និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ឈ្លើយសឹករុស្ស៊ី​ ដែល​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​អ៊ុយក្រែននិយាយ​ថា ពួក​គេ​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ ប៉ុន្តែ​ខាង​ភាគី​រុស្ស៊ី​មិន​ចង់​ទទួល​ពួក​គេ​យក​ទៅ​វិញ​ទេ។​ ​

ក្នុង​សុន្ទរកថា​ពេល​រាត្រីកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បានស្នើ​ឱ្យ​មាន​ការ​សាងសង់​របាំង​ប៉ម​ការពារ​នៅតំបន់​ខ្សែត្រៀម​ជួរ​មុខសំខាន់ៗ​នៅ​ភាគខាង​កើតអ៊ុយក្រែន​ឱ្យ​បាន​ឆាប់រហ័ស​ ដែល​កំពុង​ស្ថិត​ក្រោមសម្ពាធរបស់​កងកម្លាំង​រុស្ស៊ី​នៅ​ទីនោះ​។​ ​

ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​នាំ​ពាក្យក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន លោក John Kirby បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា​ សហរដ្ឋ​អាមេរិកកំពុង​ធ្វើការ​ជា​មួយ​អ៊ុយក្រែន​ ​ក្នុង​ការ​ត្រៀម​ទប់ទល់​នឹង​ការ​វាយប្រហារ​ដែល​ត្រូវ​បាន​រំពឹង​ទុកក្នុង​រដូវ​រងា​នេះ​ ​ពីសំណាក់​កងទ័ព​រុស្ស៊ី។​

លោក Kirby ថា​ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនប៉ាន់ស្មាន​ថា​ រុស្ស៊ីនឹង​ប៉ុនប៉ង​វាយប្រហារ​លើ​គោលដៅ​ហេដ្ឋារចនា​សម្ព័ន្ធថាមពល​សំខាន់ៗរបស់​អ៊ុយក្រែនក្នុង​រដូវ​រងា​នេះ ដូច្នេះ​សហរដ្ឋ​អាមេរិក​ នឹង​ផ្តល់ឧបករណ៍មួយ​ចំនួន​ ដើម្បី​ជួយពលរដ្ឋ​អ៊ុយក្រែនកុំ​ឱ្យ​បាត់​បង់​កម្តៅ​និង​ភ្លើង​អគ្គិសនី៕ ​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press, Agence France-Presse និង​Reuters.