ក្រសួង​ការពារជាតិ​អង់គ្លេស​ថា​ អ៊ុយក្រែន​ទំនង​​បាន​បំផ្លាញ​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ជា​ច្រើន​គ្រឿង​ 

ទាហាន​ជើង​ទឹក​អ៊ុយក្រែន​កាន់​កាំភ្លើង AK-47 នៅសមរភូមិជិត​ទន្លេ Dnipro ក្បែរទីក្រុង Kherson ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២៣។

កង​កម្លាំង​អ៊ុយក្រែន​ទំនងបានវាយប្រហារ​ចំ​លើ​ឧបករណ៍​ការពារ​ដែនអាកាស​ និង​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​មួយ​ចំនួនកាល​ពី​ដើម​សប្តាហ៍​នេះ​ នៅ​ក្នុង​ព្រលាន​យន្តហោះ​ក្រុង​ Berdyansk ​និង​ Luhansk។ នេះ​បើ​តាម​ការលើក​ឡើង​របស់ក្រសួង​ការពារ​ជាតិ​អង់គ្លេស​នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​របាយការណ៍​ចារកម្មប្រចាំ​ថ្ងៃ​របស់​ខ្លួន​ស្តី​ពី​ប្រទេស​អ៊ុយក្រែន។​ ​

​របាយការណ៍​នេះបាន​ឱ្យ​ដឹង​ថា​ ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ចំនួន​៩​គ្រឿង​ក្នុង​ទីក្រុង​ Berdyansk និង៥​គ្រឿងក្នុង​ទីក្រុង Luhansk ទំនង​ដូច​ជា​ត្រូវ​បាន​បំផ្លាញ។​

អ៊ុយក្រែន​និយាយ​ថា ខ្លួនបាន​ប្រើ​គ្រាប់​មីស៊ីល​ ATACMS រយៈ​ចម្ងាយ​ឆ្ងាយ​ផ្តល់​ដោយ​សហរដ្ឋអាមេរិក ជា​លើក​ទី១​នៅ​ក្នុង​ការ​វាយប្រហារ​នោះ។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​និយាយ​ថា​ ប្រសិន​បើ​របាយការណ៍​លើ​ការ​ខូចខាត​ឧទ្ធម្ភាគចក្រ​នោះ​ត្រូវ​បាន​បញ្ជាក់​ថា​ពិត​មែន​នោះ​ ​នោះ​វា​ទំនងដែល​ថាការ​ខូច​ខាត​នេះ​ អាច​ប៉ះពាល់​ដល់​សមត្ថភាព​ការពារ​និង​សកម្មភាព​វាយប្រហាររបស់រុស្ស៊ី​ក្នុង​ពេល​ខាង​មុខ​ នៅ​ក្នុង​តំបន់ដែល​ប៉ះពាល់​នោះ។​ របាយការណ៍​នេះ​ក៏​បាន​និយាយ​ផង​ដែរ​ថា​ រុស្ស៊ី​អាច​នឹង​ជួប​ការ​លំបាក ក្នុង​ការ​ដាក់​ជំនួស​ឧទ្ធម្ភាគចក្រ​ថ្មីៗ។​ ​

​ទន្ទឹម​នឹង​នេះ​ដែរ​ ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថាប្រចាំ​ថ្ងៃ​របស់​លោក​ថា​ លោក​បាន​និយាយ​ជាមួយប្រធានាធិបតី​អាមេរិក​លោក​ Joe Biden កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​សារៈសំខាន់​របស់គ្រាប់​មីស៊ីលទាំង​នោះ​ក្នុង​ការ​ជួយពន្លឿន​អ៊ុយក្រែន​ ដើម្បី​រំដោះ​ទឹកដី​ពី​រុស្ស៊ី​វិញ៕