ចក្រភពអង់គ្លេស បានបញ្ជាក់ថា ខ្លួនបានបន្ថែមមហាសេដ្ឋីជនជាតិរុស្ស៊ីល្បីៗជាច្រើនទៅក្នុងបញ្ជីឈ្មោះដែលត្រូវដាក់ទណ្ឌកម្មរបស់ខ្លួន រួមមានលោក Roman Abramovich មហាសេដ្ឋីដែលជាម្ចាស់ក្រុមហ៊ុនបាល់ទាត់Premier League ក្លឹប Chelsea និងអ្នកឧស្សាហកម្ម Oleg Deripaska ដែលបានអំពាវនាវឲ្យបញ្ចប់សង្គ្រាមដែលរដ្ឋាភិបាលក្រុងមូស្គូបានចាប់ ផ្តើមជាមួយអ៊ុយក្រែនកាលពីខែមុន។
រដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១០ ខែមីនានេះ ថា បញ្ជីថ្មីនោះ ក៏រួមមានលោកIgor Sechin ប្រធានប្រតិបត្តិក្រុមហ៊ុន Rosneft ប្រធានធនា គារ VTB លោក Andrei Kostin ប្រធានក្រុមហ៊ុនប្រេង Gazprom លោក Aleksei Miller ម្ចាស់បំពង់បង្ហូរប្រេងក្រុមហ៊ុន Transeft លោក Nikolai Tokarev និងប្រធានធនាគារ Rossia លោក Dmitry Lebedev។
ចំណាត់ការនេះ ជាការឆ្លើយតបទៅនឹងការឈ្លានពានដែលគ្មានហេតុផលត្រឹមត្រូវរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដើម្បីបង្កកទ្រព្យសម្បត្តិនៅក្នុងចក្រភពអង់គ្លេសរបស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ហើយក៏ហាមឃាត់ការធ្វើដំណើររបស់ពួកគេដែរ មានន័យថា ពួកគេត្រូវបានហាមឃាត់មិនឲ្យទៅទស្សនាចក្រភពអង់គ្លេស ហើយក៏ហាមឃាត់មិនឲ្យធ្វើជំនួញជាមួយជនជាតិអង់គ្លេសដែរ។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដែលបានប្រកាសការបន្ថែមឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្មនោះថា « ការដាក់ទណ្ឌកម្មនៅថ្ងៃ
នេះ ជាវិធានការថ្មីៗបំផុតនៅក្នុងការគាំទ្រមិនងាករេរបស់ចក្រភពអង់គ្លេសដល់ប្រជាពលរដ្ឋអ៊ុយក្រែន។ យើង នឹងដេញតាមគ្មានទីបញ្ចប់ដល់អ្នកដែលសម្លាប់ជនស៊ីវិល បំផ្លិចបំផ្លាញមន្ទីរពេទ្យនិងត្រួតត្រាខុសច្បាប់លើអធិបតេយ្យភាពរបស់សម្ពន្ធមិត្ត»។
រុស្ស៊ី បានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។ ចាប់តាំងពីពេលនោះមក ប្រទេសលោកខាងលិចជាច្រើន បានដាក់ទណ្ឌកម្មធ្វើឲ្យសេដ្ឋកិច្ចជាប់គាំងប្រឆាំងរដ្ឋាភិបាលក្រុងមូស្គូនិងពួកមន្ត្រីជាច្រើនហើយនឹងមហាសេដ្ឋីរុស្ស៊ីដែលត្រូវបានគេមើលឃើញមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕