នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃចន្ទបានទទូចឱ្យពលរដ្ឋធ្វើការហាត់ប្រាណដើម្បីសម្រកទម្ងន់ ដោយលោកថាលោកបានចាប់ផ្តើមធ្វើដូច្នេះក្រោយពីលោកបានជាសះស្បើយពីជំងឺកូវីដ១៩កាលពីដើមឆ្នាំនេះ។
ការទទូចរបស់លោកនេះជាផ្នែកមួយនៃយុទ្ធនាការសុខភាពសាធារណៈមួយដែលត្រូវសម្ពោធកាលពីថ្ងៃចន្ទ ដែលលើកទឹកចិត្តឱ្យពលរដ្ឋហាត់ប្រាណជាទៀងទាត់។
ក្នុងអំឡុងពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេសបានធ្លាក់ខ្លួនឈឺពីជំងឺកូវីដ១៩នៅដើមឆ្នាំនេះ រហូតត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យផងនោះ លោក Boris Johnson ពេលនោះធាត់លើសទម្ងន់។ លោកថាចាប់តាំងពីចេញពីមន្ទីរពេទ្យមក លោកចាប់ផ្តើមរត់ និងហាត់ប្រាណរហូតបានស្រកអស់៦គីឡូក្រាម។
ការឱ្យយោបល់របស់លោក Johnson នេះកើតមានឡើងក្រោយពីមានរបាយការណ៍មួយរបស់ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេសបង្ហាញថា អ្នកលើសទម្ងន់ងាយរងគ្រោះជាងពីអាការៈធ្ងន់ធ្ងរ និងការស្លាប់ពីជំងឺកូវីដ១៩៕