ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភពអង់គ្លេសប្រកាសជោគជ័យដ៏សំខាន់មួយនៃការព្យាបាលជំងឺកូវីដ១៩


រូបឯកសារ៖ គ្រូពេទ្យម្នាក់បង្ហាញពីថ្នាំប្រភេទ Dexamethasone នៅមន្ទីរពេទ្យ Erasme នៅក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ គ្រូពេទ្យម្នាក់បង្ហាញពីថ្នាំប្រភេទ Dexamethasone នៅមន្ទីរពេទ្យ Erasme នៅក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ក្រុមអ្នកវិទ្យាសាស្រ្តចក្រភពអង់គ្លេសបានប្រកាសពីជោគជ័យដ៏សំខាន់មួយនៃការព្យាបាលមេរោគកូរ៉ូណាដោយនិយាយថា ប្រភេទថ្នាំ Steroid មានតម្លៃថោក ដែលមានរួចហើយ និងមានគ្រប់គ្រាន់ អាចរារាំងការស្លាប់ពីជំងឺកូវីដ១៩។

ក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេសនិយាយថា ក្នុងការសាកល្បង​ថ្នាំ Dexamethasone បានកាត់បន្ថយអត្រាការស្លាប់ចំនួន៣៥ភាគរយសម្រាប់អ្នកជំងឺដែល​ប្រើប្រដាប់ជួយដកដង្ហើម និងចំនួន២០ភាគរយសម្រាប់អ្នកជំងឺមិនសូវធ្ងន់ដែលត្រូវការខ្យល់អុកស៊ីសែន។

លោក Peter Horby ជាអ្នកដឹកនាំការស្រាវជ្រាវនោះ បានប្រាប់សន្និសីទកាសែតថា «អ្វីដែលយើង បានឃើញគឺការចាប់អារម្មណ៍ដ៏ពិតប្រកដមួយ»។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ដែលឈរនៅក្បែលោក បានសរសើរការសាកល្បងនោះថាជាការបំបែកភាពទាល់ច្រកដ៏ធំបំផុតមួយនៅក្នុងការព្យាបាលជំងឺកូវីដ១៩។

លោក Horby បាននិយាយថា «ខ្ញុំមានមោទនភាពចំពោះក្រុមអ្នកវិទ្យាសាស្រ្តចក្រភពអង់គ្លេស ដែលមានការទំនុកបម្រុងថវិកាពីរដ្ឋាភិបាលអង់គ្លេស ដែលបានដឹកនាំការសាកល្បងឱសថនេះមុនគេនៅទីកន្លែងក្នុងពិភពលោកដើម្បីស្វែងរកការព្យាបាលមេរោគកូរ៉ូណាបង្ហាញពីការកាត់បន្ថយនៃការស្លាប់»។

លោកនាយករដ្ឋមន្រ្តី Johnson បាននិយាយបន្ថែមទៀតថា «យើងត្រូវចាត់វិធានការធ្វើឲ្យប្រាកដថា យើងមានការផ្គត់ផ្គង់គ្រប់គ្រាន់ ទោះបីក្នុងពេលផ្ទុះឡើងខ្លាំងលើកទី២ក៏ដោយ»។

លោក Chris Whitty ប្រធានការិយាល័យសុខាភិបាលអង់គ្លេស និយាយថា វាជាការសាកល្បងដ៏សំខាន់បំផុតសម្រាប់ការព្យាបាលជំងឺកូវីដ១៩រហូតមកទល់ពេលនេះ។ អ្នកវិទ្យាសាស្រ្តទូទាំងពិភពលោកបានកំពុងព្យាយាមស្វែងរកការព្យាបាលជំងឺកូវីដ១៩ ដែលបានធ្វើឲ្យមនុស្សជាង៨លាននាក់ធ្លាក់ខ្លួនឈឺនិងបានសម្លាប់មនុស្សជាង៤សែន៣ម៉ឺននាក់៕

XS
SM
MD
LG