អង់គ្លេសដាក់ទណ្ឌកម្មលើបុគ្គលនិងក្រុមហ៊ុននៅកម្ពុជាពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ (Scam)

រូបឯកសារ៖ លួសត្រូវបានហ៊ុមព័ទ្ធរបងនៃបរិវេណនៃអគារឈ្មោះ Great Wall Park ដែលអាជ្ញាធរបានរកឃើញថាជាកន្លែងជួញដូរមនុស្ស ចាប់ជម្រិត និងធ្វើទារុណកម្ម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។

ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក និង​កាណាដា បាន​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​អ្នក​រំលោភ​សិទ្ធិ​មនុស្ស ពាក់ព័ន្ធ​នឹង​សកម្មភាព​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ Online Scamming។ បុគ្គល និង​អង្គភាព​ចំនួន ​៤៦​ នៅ​លើ​ពិភព​លោក ក្នុង​នោះ​មាន​អ្នក​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​ផង​ដែរ ត្រូវ​បានប​ង្កក​ទ្រព្យ​សម្បត្តិ និង​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​ ៣។ នេះ​បើ​តាម​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថាបុគ្គល និង​អង្គភាព​ចំនួន​ ៦ ​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​សារ​ទំនាក់​ទំនង​របស់​ពួក​គេ​ទៅ​នឹង​គម្រោង​ការងារ​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​ក្រុម​ហ៊ុន Heng He, Casino K.B Hotel, Pacific Real Estate Management Co., Golden Sun Sky Entertainment Co., Ltd និង​ឈ្មោះ​បុគ្គល​ដូចជា​ Hum Sovanny និង Dong Lecheng។ បុគ្គល​និង​ក្រុមហ៊ុន​ទាំង​នោះ​ធ្លាប់​ត្រូវ​បាន​ចុះ​ផ្សាយ​ ដោយ​សារព័ត៌មាន​អំពី​ការ​ជួល​អគារ និង​ទីតាំង​ដល់​ក្រុម​ឧក្រិដ្ឋជន​ដើម្បី​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត រហូត​ដល់​មាន​ការ​ធ្វើ​ទារុណកម្ម និង​បង្ខំ​មនុស្ស​ឱ្យ​ធ្វើ​ការ​នៅ​ទីនោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ទណ្ឌកម្ម​នេះ​ដាក់​ទៅ​លើ​បុគ្គល​និង​ក្រុមហ៊ុន​ដែលចូលរួម​ក្នុង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ដោយ​បង្ខំ​ជន​រង​គ្រោះ​ឱ្យ​ធ្វើ​ការ​សម្រាប់​ 'scam farms' តាម​អ៊ីនធឺណិត ដែល​នាំ​ឱ្យ​មាន​អំពើ​ឆបោក​ទ្រង់​ទ្រាយ​ធំ ដោយ​ជន​រង​គ្រោះ​ត្រូវ​បាន​សន្យា​ថា​នឹង​មាន​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ល្អ ប៉ុន្តែ​បែរ​ជា​ត្រូវ​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​ ឬ​ការ​ធ្វើ​បាប​ដ៏​ឃោរ​ឃៅ អមនុស្សធម៌​ ឬ​ការ​ប្រព្រឹត្ត​ដាក់​បែប​បន្ទាប​បន្ថោក។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋា​ភិបាល​ចក្រ​ភព​អង់គ្លេស​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ចក្រ​ភព​អង់​គ្លេស សហរដ្ឋ​អាមេរិក និង​កាណាដា ថ្ងៃ​នេះ​ប្រកាស​ពី​ទណ្ឌកម្ម​ជា​កញ្ចប់​ធំ​មួយ ដាក់​លើ​បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក នៅ​មុន​ខួប​លើក​ទី​៧៥​នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ។ ថ្ងៃ​នេះ​ចក្រ​ភព​អង់គ្លេស​ប្រកាស​ទណ្ឌ​កម្ម​ជា​ពីរ​ប្រទេស ដែល​មាន​ចំនួន ៤៦ រួម​មាន​ទាំង​ការ​បង្កក​ទ្រព្យ​សម្បត្តិ និង​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ»។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធ​ចំពោះ​ការ​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ថា​ការ​ដាក់​ទណ្ឌកម្ម​នេះ​ជា​ការ​គំរាម​របស់​ប្រទេស​មហា​អំណាច​មក​លើ​ប្រទេស​តូច​តាច​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «រដ្ឋា​ភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ ព្រោះ​ជា​ហត្ថលេខី​មួយ​ក្នុង​អនុសញ្ញា​អន្តរជាតិ​ដែល​រាយការណ៍​ពី​សិទ្ធិ​អី​ទាំង​អស់​ហ្នឹង យើង​និយាយ​កាតព្វកិច្ច​វា​ដែរ។ ហើយ​បើ​ទៅ​ជា​អង្គភាព​ហ្នឹង​សុំ​បដិសេធ​ហើយ មិន​មែន​អង្គភាព​រដ្ឋាភិបាលណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ទេ បើ​អ៊ីចឹង​យើង​មាន​គណៈកម្មការ​សិទ្ធិ​ធ្វើ​អី​ មាន​គណៈកម្មការ​សិទ្ធិ​មាន​អី​ទាំង​អស់»។

រូបថតដែលចែកចាយដោយប៉ូលិសថៃកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បង្ហាញ មេបញ្ជាការប៉ូលិសថៃលោក Surachate Hakparn និយាយជាមួយជនរងគ្រោះដែលត្រូវបានសង្គ្រោះពីភ្នំពេញ ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងករណីបង្ខាំងឲ្យធ្វើការ។

អ្នក​ស្រី ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍នៃ​គណៈ កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​អ្នកស្រី​មិន​ទាន់​បាន​ទទួល​ដំណឹង​ទាក់​ទង​នឹង​របាយ​ការណ៍​របស់​ចក្រភព​អង់គ្លេស​លើ​ការ​ទណ្ឌកម្ម​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ឡើយ​ទេ។

យ៉ាង​ណា​មិញ អ្នកស្រី​បញ្ជាក់​ថា​នឹង​ជួប​ពិភាក្សា​ជា​មួយ​ឯក​អគ្គ​រាជ​ទូត​ចក្រ​ភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ជុំវិញ​បញ្ហា​ទាំង​នេះ។

អ្នក​ស្រី​ថ្លែង​ថា៖ «យើង​នឹង​ជជែក​គ្នា ប្រហែល​ជា​អាច​មាន​ពេល​វេលា​ខ្លះ​ ខ្ញុំ​ជជែក​បើ​សិនជា​អាច ឬ​មួយ​ក៏​ណាត់​ជួប​ជជែក​យ៉ាង​ណា​នោះ​តាម​ជាក់​ស្ដែង»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា តាម​សារអ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។ វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន និង​បុគ្គល​មួយ​ចំនួន ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​នោះ និង​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ដែរ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ លោក អំ សំអាត​ ប្រាប់​វីអូអេ​ថាមួយ​រយៈ​ក្រោយ​នេះ សកម្មភាព​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភនិង​ការ​ប៉ះ​ពាល់​ទៅ​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា ​ការ​ដាក់​ទណ្ឌកម្ម​របស់​ចក្រ​ភព​អង់​គ្លេស និង​សម្ពន្ធ​មិត្ត​ខ្លួន​មក​លើ​ជន​ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រព្រឹត្ត​សកម្មភាព​នៃ​ការ​ឆបោក​តាម​អនឡាញ​នេះ គឺ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​នៃ​កិច្ច​គាំពារ​ចំពោះ​សេចក្តី​ថ្លៃ​ថ្នូរ​ និង​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​សម្រាប់​មនុស្ស​ជាតិ​នៅ​ក្នុង​ពិភព​លោក​ ក៏​ដូចជា​បង្ហាញ​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៅ​លើ​បញ្ហា​ដែល​កំពុង​បន្ត​កើត​ឡើង​ទាំង​អស់​នេះ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ការ​ប្រកាស​សេចក្តី​ការ​ដាក់​ទណ្ឌកម្ម​នេះ​ក៏​ជា​ការ​រំលឹក​ឱ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ហ្នឹង​បង្កើន និង​បន្ថែម​នូវ​កិច្ច​ការពារ និង​ការ​ទប់​ស្កាត់ និង​ការ​បង្ក្រាប​បន្ថែម​ទាក់​ទង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ការ​ជួញ​ដូរ​មនុស្ស​ផ្សេងៗ ពី​ព្រោះ​ប្រសិន​បើ​បញ្ហា​ហ្នឹង​កើត​ឡើង​ច្រើន​ជះ​ឥទ្ធិពល​ទី ១ ​ប៉ះ​ពាល់​ដល់​មុខ​មាត់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ទី ២ ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​ ប៉ះ​ពាល់​ទៅ​ដល់​វិនិយោគ​ទុន វា​ប៉ះ​ពាល់​ទៅ​ដល់​សន្តិសុខ​សុវត្ថិភាព​ដែល​ជា​ការ​ខាត​បង់​សម្រាប់​កម្ពុជា»។

លោក អំ សំអាត ក៏​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​រាល់​ករណី​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ និង​ការ​ជួញ​ដូរ​មនុស្ស​ ដោយ​ត្រូវ​ពង្រឹង​លើ​ការ​អនុវត្ត​ច្បាប់ និង​រក​ជន​ដែល​ពាក់​ព័ន្ធ​លើ​ការ​ប្រព្រឹត្ត​បទ​ល្មើស ក៏​ដូច​ជា​ពង្រឹង​លើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ធានា​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ក៏​ត្រូវ​លុប​បំបាត់​អំពើ​ពុក​រលួយ​នានា និង​តម្រូវ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ត្រូវ​មាន​ចំណេះ​ដឹង​បចេ្ចកវិទ្យា​បន្ថែម ដើម្បី​តាម​ទាន់​បទ​ល្មើស​ដែល​កំពុង​កើត​មាន​ឡើង។

កាល​ពី​កន្លង​ទៅ អាជ្ញាធរ​កម្ពុជា​ក៏​បាន​បង្រ្កាប​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ផង​ដែរ ជាពិសេស​ការ​ចុះ​ទៅ​តាម​ទីតាំង​ដែល​ជួល នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​តាម​តំបន់​ព្រំដែន​មួយ​ចំនួន។

បើ​តាម​របាយកា​រណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UNHCHR) ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​សីហា ឆ្នាំ​២០២៣ នៅ​ក្នុង​ប្រទេស​កម្ពុជា មនុស្ស​ប្រមាណ​ជា​ ១០​ម៉ឺន​នាក់​ដែល​ជាជន​បរទេស​ត្រូវ​បាន​បង្ខំឱ្យធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​ ៥​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និង​ហ្វីលីពីន។

ជន​រង​គ្រោះ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ទាំង​នោះបានប្រឈម​នឹង​ការ​គំរាម​កំហែង​ និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​ពួក​គេ​ទទួល​រង​ការ​ធ្វើ​ទារុណ​កម្ម​យ៉ាង​ឃោរ​ឃៅ​ អំពើ​អមនុស្ស​ធម៌ ថោក​ទាប​ ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ អំពើ​ហិង្សា​ផ្លូវ​ភេទ ​ពលកម្ម​ដោយ​បង្ខំ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត។ នេះ​បើ​តាម​របាយកា​រណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស៕