លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភាកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា លោកប្រធានាធិបតីដែលកំពុងកាន់អំណាច Yoweri Museveni គឺជាអ្នកនាំមុខគេ ខណៈដែលសង្កាត់មួយចំនួនកំពុងតែធ្វើការបោះឆ្នោតនៅថ្ងៃសុក្រនេះ ដើម្បីប៉ះប៉ូវនូវបញ្ហាមួយចំនួនដែលបានកើតឡើងនៅមណ្ឌលបោះឆ្នោតកាលពីមួយថ្ងៃមុននេះ។
ជាមួយនឹងសន្លឹកឆ្នោតដែលទាបជាង២៥%បន្តិចដែលគេបានរាប់រួចរាល់ លោកប្រធានាធិបតី Museveni ដែលបានកាន់អំណាចអស់រយៈពេល៣ទសវត្សរ៍ ត្រូវបានគេរាយការណ៍ថា បានទទួលសំឡេងឆ្នោតគាំទ្រជាង៦០ភាគរយនៃសន្លឹកទាំងអស់ដែលបានរាប់រួចរាល់។
ប៉ុន្តែមណ្ឌលបោះឆ្នោតចំនួន៣៦កន្លែងនៅក្នុងរដ្ឋធានី សង្កាត់ Kampala និងសង្កាត់ Wakiso ដែលមានអ្នកគាំទ្រច្រើនទៅខាងគណបក្សប្រឆាំងនោះ កំពុងតែបន្តបោះឆ្នោតនៅថ្ងៃសុក្រនេះ ដើម្បីប៉ះប៉ូវការពន្យារពេលនៃការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍នោះ។
កាលពីថ្ងៃព្រហស្បតិ៍ ប៉ូលិសបានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង និងជាបេក្ខជនប្រធានាធិបតី គឺលោក Kizza Besigye បន្ទាប់ពីលោកព្យាយាមចូលទៅក្នុងគេហដ្ឋានមួយដែលលោកបាននិយាយថា ត្រូវបានគេប្រើប្រាស់ដើម្បីរៀបចំការបោះឆ្នោត៕