នៅប្រទេសអ៊ូហ្គង់ដា ការអាចទទួលបានទិន្នន័យរដ្ឋាភិបាល កំពុងតែប្រែផ្លាស់ទិដ្ឋភាពនៃការយកព័ត៌មាន និងការផ្តល់សិទ្ធិដល់សហគមន៍។ មធ្យោបាយសម្រាប់ស៊ើបអង្កេតទៅលើកញ្ចប់ថវិកានានា និងការតាមដានគម្រោងផ្សេងៗពីសំណាក់ប្រជាជនក្នុងស្រុក បានបង្កើតជាសហគមន៍មួយដែលពឹងផ្អែកលើទិន្នន័យ (information-driven) ដែលកំពុងតែផ្លាស់ប្តូរអត្ថន័យនៃតម្លាភាពរបស់រដ្ឋាភិបាល។
ពិភពទិន្នន័យរដ្ឋាភិបាល កម្រត្រូវបានពណ៌នាថាគួរឲ្យចាប់អារម្មណ៍ណាស់។ ប៉ុន្តែសម្រាប់ក្រុមអ្នកសារព័ត៌មានទិន្នន័យ ឬ data journalists និងអ្នកជំនាញបច្ចេកវិទ្យាអ៊ូហ្គង់ដាថ្មីមួយ ចំនួនប្រព័ន្ធទិន្នន័យដែលកំពុងចាប់ផ្តើមបញ្ចេញទិន្នន័យនៅទូទាំងប្រទេស គឺពិតជាគួរឲ្យចាប់អារម្មណ៍។
កន្លែងផ្ទុកទិន្នន័យ ដែលមាននូវបណ្តុំព័ត៌មានដ៏សម្បូណ៌បែប លើកញ្ចប់ថវិកាពីអង្គការផ្តល់ជំនួយ ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កំពុងជួយបង្កើតនូវបែបផែនការទទួលខុសត្រូវថ្មីមួយនៅពាសពេញប្រទេស។
ទោះបីជាការពិនិត្យមើលព័ត៌មានដែលមានរាប់ពាន់សន្លឹក គឺជាកិច្ចការលំបាកមួយ មធ្យោបាយតាមប្រព័ន្ធអ៊ីនធឺណែតថ្មីមួយនេះ ដែលភាគច្រើននៃព័ត៌មាននោះអាចទាញយកបានដោយឥតគិតថ្លៃកំពុងតែធ្វើឲ្យដំណើរការនេះមានលក្ខណៈងាយជាងមុន។ ព័ត៌មានដែលពីមុនមកបានទាមទារពេលវេលាច្រើនដើម្បីរក អាចត្រូវប្រែសម្រួលជាកថាខណ្ឌងាយអាននៅក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។
ការជំរុញទៅកាន់ព័ត៌មានបើកចំហ គឺជាផ្នែកមួយនៃអ្វីដែលបំផុសអតីតអ្នកសារព័ត៌មានស៊ើបអង្កេត លោក Edward Sekyewa ឲ្យបង្កើតនូវអង្គការព័ត៌មានស៊ើបអង្កេត Hub for Investigative Media។ លោក Sekyewa បានចំណាយពេលវេលាប្រចាំថ្ងៃរបស់លោក ឆែកព័ត៌មានក្នុងរបាយការណ៍រដ្ឋាភិបាល។ ប្រសិនបើលោកជួបប្រទះនឹងទិន្នន័យដែលបាត់បង់ លោកនឹងដាក់សំណើសម្រាប់ទិន្នន័យនោះ។
ច្បាប់ទទួលបានព័ត៌មានឆ្នាំ២០០៥ របស់ប្រទេសអ៊ូហ្គង់ដាចែងថា ទីភ្នាក់ងាររដ្ឋាភិបាលត្រូវតែឆ្លើយតបនឹងសំណើសុំព័ត៌មាននៅក្នុងរយៈពេល២១ថ្ងៃ ហើយអនុញ្ញាតឲ្យរក្សាទុកព័ត៌មានតែក្នុងករណីដើម្បីការពារបូរណភាពទឹកដី សន្តិសុខជាតិ ឬផលប្រយោជន៍ឯកជនតែប៉ុណ្ណោះ។ នៅដើមខែកុម្ភៈ លោក Sekyewa បានឈ្នះក្តីដ៏គួរឲ្យកត់សម្គាល់មួយប្រឆាំងនឹងអាជ្ញាធររុក្ខាប្រមាញ់អ៊ូហ្គង់ដា នៅពេលដែលអាជ្ញាធរនោះមិនបានឆ្លើយតបនឹងសំណើរបស់លោកសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការផ្គត់ផ្គង់គ្រឿងសម្ភារៈពន្លត់អគ្គិភ័យ។
លោក Sekyewa បកស្រាយពីហេតុផលដែលបញ្ហាទាំងនោះមានសារៈសំខាន់សម្រាប់រូបលោក។
«ខ្ញុំពិតជាគិតថា អ្នកសារព័ត៌មាននៅទីនេះមិនបានប្រើច្បាប់ដែលមានឲ្យពេលលេញទេ។ ជាពិសេសនោះ គឺច្បាប់ទទួលបានព័ត៌មាន និងក្រមច្បាប់អ្នកដឹកនាំ។ ហើយខ្ញុំបានរកឃើញថា ច្បាប់ទាំងនោះពិតជាផ្នែកយ៉ាងសំខាន់នៃការអនុវត្តច្បាប់ ដែលអាចមានសារៈសំខាន់មិនត្រឹមតែសម្រាប់ការទទួលបានព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការពាំនាំយកនូវការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាននៅក្នុងការព្យាយាមធានាថា ប្រទេសនេះត្រូវបានដឹកនាំនៅក្នុងបែបផែនមួយប្រកបទៅដោយការទទួលខុសត្រូវនិងតម្លាភាព។ នេះពិតជាសំខាន់ណាស់។ នេះជាសសរទ្រូងនៃការចូលរួមសាធារណៈនៅក្នុងការធ្វើសេចក្តីសម្រេចរបស់រដ្ឋាភិបាល។ ដូចនេះតើអ្នកអាចចូលរួមបានយ៉ាងដូចម្តេច នៅពេលដែលអ្នកមិនសួររកព័ត៌មាននោះ»។
ទិន្នន័យបើកចំហ ក៏កំពុងត្រូវបានប្រើប្រាស់ដោយក្រុមអ្នកជំនាញព័ត៌មានវិទ្យា ដើម្បីបង្កើតជាមធ្យោបាយសម្រាប់ប្រជាជនទូទៅ។ គេហទំព័រដូចជា Ask Your Government Uganda បានជួយភ្ជាប់ទំនាក់ទំនងប្រជាជនទៅនឹងទីភ្នាក់ងាររដ្ឋាភិបាលចំនួន៧៦ផ្សេងទៀត។ គេហទំព័រនិងកម្មវិធីកុំព្យូទ័រដទៃទៀត ដែលតាមដានមតិសាធារណៈចំពោះបញ្ហាសង្គម លំហូរថវិកាជំនួយ និងកញ្ចប់ថវិកាចំណាយក៏បានទទួលប្រជាប្រិយភាពផងដែរ។
Emmanuel Opio អ្នកជំនាញបច្ចេកវិទ្យាវ័យក្មេងមួយរូប បាននិយាយថា នៅខណៈដែលប្រព័ន្ធទាំងនេះនៅមានលក្ខណៈថ្មីថ្មោងនៅឡើយ ប្រជាជនអ៊ូហ្គង់ដាកំពុងតែធ្វើការសម្របខ្លួនយ៉ាងលឿនទៅនឹងតម្រូវការសម្រាប់ទិន្នន័យ។
«យើងកំពុងតែទៅដល់ទីនោះ ហើយច្បាស់ណាស់ដែលអាជីពរបស់ខ្ញុំនឹងត្រូវផ្លាស់ប្តូរ។ ខ្ញុំនឹងធ្វើការជំរុញនៅក្នុងផ្នែកទាញយកព័ត៌មានឲ្យសាធារណជន។ ខ្ញុំនឹងធ្វើការវិភាគទិន្នន័យទាំងនោះ ព្រោះខ្ញុំមិនចង់ឲ្យសាធារណជនមានការលំបាកក្នុងការវិភាគទិន្នន័យនោះទេ។ ហើយខ្ញុំគ្រាន់តែចង់ឲ្យពួកគេឃើញ និងធ្វើសេចក្តីសម្រេចផ្សេងៗចេញពីទិន្នន័យនោះ។ ធាតុពិតផ្សេងៗពីទិន្នន័យដែលមានក្នុងប្រព័ន្ធផ្ទុកទិន្នន័យលើអ៊ិនធឺណែត ហើយយើងនឹងទាញយកធាតុពិតទាំងនោះចេញមក។ ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មានអ្នកបង្កើតកម្មវិធីកុំព្យូទ័រច្រើនថែមទៀតនឹងចូលរួមសហការនិងធ្វើវាឲ្យកើតឡើង»។
ការងាយទទួលបានព័ត៌មាន និងប្រភពឯកសារផ្សេងៗកំពុងតែប្រែផ្លាស់នូវរបៀបដែលមនុស្សមួយចំនួនយល់ឃើញពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលនៅប្រទេសអ៊ូហ្គង់ដា។ ហើយជាមួយនឹងការដែលរដ្ឋាភិបាលចេញផ្សាយព័ត៌មានកាន់តែច្រើនជាងពេលមុនៗ វិស័យនេះទំនងជានឹងបន្តរីកចម្រើនថែមទៀត៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា