សកម្មជនសិទ្ធិការងារកំពុងធ្វើការរិះគន់ប្រទេស Uganda ដែលខកខានក្នុងការបង្កើតនូវប្រាក់បៀវត្សរ៍អប្បរមា។ រដ្ឋមន្ត្រីក្រសួងពលកម្មនិយាយថា នឹងមានច្បាប់នេះនៅឆ្នាំក្រោយ។ ប៉ុន្តែសម្រាប់ប្រទេស Uganda បំលាស់ប្តូរនេះមានភាពចម្រូងចម្រាស់ ដែលមនុស្សជាច្រើននិយាយថាគួរតែផ្តោតលើការទាក់ទាញវិនិយោគ និងបង្កើតការងារ។
ពេលធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ដើម្បីចូលរួមសនិ្នសីទនៃអង្គការពលកម្មអន្តរជាតិឆ្នាំនេះ ប្រតិភូនៃប្រទេស Uganda បាននិយាយថា ខ្លួនបានរងការបរិហាររិះគន់។
អង្គការពលកម្ម អន្តរជាតិបានលើកឡើងថា ទោះបីជាមានការពិភាក្សា ជាច្រើនទស្សវត្សមកហើយនោះ ប្រទេស Ugandaនៅមិនទាន់ដោះស្រាយបញ្ហាការបង្កើតនូវប្រាក់បៀវត្សរ៍អប្បរមា នៅឡើយទេ ហើយអង្គការពលកម្មអន្តរជាតិបានធ្វើការទាមទារឲ្យរដ្ឋាភិបាលបង្កើត ច្បាប់នេះនៅឆ្នាំក្រោយ។
លោក Oloka Mesilamu អ្នកតំណាងឧស្សាហកម្មសំណង់ នៅឯអង្គការសហជីពពាណិជ្ជកម្មជាតិនៃប្រទេស Uganda។ គាត់បាននិយាយថា ប្រាក់បៀវត្សរ៍អប្បរមា គឺចាំបាច់ណាស់ដើម្បីរារាំងការបំពានដែលពុំអាចត្រួតត្រាបាន។
លោក Oloka Mesilamu ថ្លែងថា៖ «អ្វីដែលកំពុងកើតឡើងគឺ អវត្តមាននៃច្បាប់ប្រាក់បៀវត្សរ៍អប្បរមា ពលករដែលមិនមានជំនាញតែងត្រូវបានបំពានច្រើនឡើង ពីព្រោះតែអត្រាខ្ពស់នៃភាពអត់ការងារធ្វើនៅក្នុងប្រទេស និយោជកអាចឲ្យប្រាក់បៀវត្សរ៍ប៉ុន្មានក៏បាន។ ព្រោះតែពលករទាំងនោះស្ថិតក្នុងស្ថានភាពទាល់ច្រក ពួកគេទទួលយកនូវអ្វីដែលគេផ្តល់ឲ្យ។
គាត់ប្រកែកថា ប្រាក់បៀវត្សរ៍អប្បរមា នឹងធ្វើឲ្យពលករកាន់តែមានផលិតភាពច្រើន ក្នុងការបំពេញការងារ។
លោក Oloka Mesilamu និយាយទៀតថា៖«ទាំងនេះទាក់ទងផ្ទាល់នឹងផលិតភាពនៃការធ្វើការ។ នៅពេលដែលពួកគេបានបៀវត្សរ៍តិច ពួកគេធ្វើការមិនបានល្អ។ ដូច្នេះហើយវាសំខាន់សម្រាប់សេដ្ឋកិច្ចផងដែរ។
រដ្ឋាភិបាល Uganda មានការស្ទាក់ស្ទើរ ជាយូរមកហើយក្នុងការដោះស្រាយបញ្ហាប្រាក់បៀវត្សរ៍អប្បរមា។ បច្ចុប្បន្នប្រាក់បៀវត្សរ៍ស្នើសម្រាប់ពលករឥតជំនាញមានចំនួន ៧៥.០០០ ស៊ីលីង ដែលស្មើនឹង៣០ដុល្លា ក្នុងមួយខែ។ រដ្ឋមន្ត្រីក្រសួងការងារបានយល់ស្របក្នុងការពិចារណារឿងនេះ ប៉ុន្តែក៏ចាំបាច់ត្រូវមានការសិក្សាជាមុនសិន។
លោក Pius Bigirmana នៃក្រសួង យ៉េនដឺ ការងារ និងការអភិវឌ្ឍន៍សង្គម ព្រមានថា ការធ្វើការទាន់ហ័នពេក អាចមិនល្អសម្រាប់អ្នកគ្រប់គ្នា។
លោក Pius Bigirmanaនិយាយថា៖ «អ្នកមិនគួរប្រញាប់អនុវត្តប្រាក់បៀវត្សរ៍ អប្បរមាដោយគ្មានការសិក្សាលើនិន្នាការ ការងារនោះទេ ដើម្បីពិនិត្យមើលតម្លៃនៃការរស់នៅ និងប្រាក់បៀវត្សរ៍អាស្រ័យលើអាជីពនៅតាមតំបន់ភូមិសាស្រ្ត។ ដូច្នេះដើម្បីដោះស្រាយបញ្ហាការបង្កើតនូវប្រាក់បៀវត្សរ៍អប្បរមាដោយ គ្មានការពិចារណាលើកតា្តទាំងនេះ អាចបង្កនូវអស្ថិរភាពគោលការណ៍ ម៉ាក្រូសេដ្ឋកិច្ចនិងប៉ះពាល់ដល់និន្នាការការងារផងដែរ។
អ្នកស្រី Sarah Ssewanyana នៅឯមជ្ឈមណ្ឌលស្រាវជ្រាវផែនការសេដ្ឋកិច្ចប្រចាំនៅ Kampala និយាយថា ភាគច្រើននៃអ្នកគាំទ្រឲ្យមានប្រាក់បៀវត្សរ៍អប្បរមា មិនបានយល់ច្បាស់ពីសេដ្ឋកិច្ច Uganda ដែលការងារភាគច្រើនមិនមែនជាការងារផ្លូវការ ហើយមិនមានប្រាក់បៀវត្សរ៍ទៀងទាត់នោះទេ។
អ្នកស្រីបន្ថែមថា ការអនុម័តប្រាក់បៀវត្សរ៍អប្បរមាអាចកាត់បន្ថយការងារផ្លូវការជាងនេះ ទៅទៀត ឬបង្ខំឲ្យនិយោជករកវិធីផ្សេងមកប៉ះប៉ូវ នូវការចំណាយរបស់ខ្លួន។
អ្នកស្រី Sarah Ssewanyana និយាយថា៖«ប្រយោជន៍ធានារ៉ាប់រងមួយចំនួន អាចនឹងត្រូវកាត់ចេញ ឬក៏និយោជកនេះនឹងកាត់បន្ថយចំនួនបុគ្គលិក ហើយចាំបាច់ត្រូវធានាឲ្យប្រាកដថាអ្នកដែលទទួលបាន ប្រាក់ខែ ៧៥.០០០ ស៊ីលីង ធ្វើការលើសម៉ោង។
អ្នកស្រី Sswanyana និយាយថា ខណៈពេលដែលប្រទេសដូចជាប្រទេស Kenya និងប្រទេស Nigeria អនុម័តច្បាប់ប្រាក់បៀវត្សរ៍អប្បរមា គ្រឹះស្ថានឯកជនរបស់ប្រទេសទាំងនោះក៏មានការអភិវឌ្ឍជាង Uganda ផងដែរ។ គាត់និយាយទៀតថា គួរតែមានការផ្តោតទៅលើការងារ បើទោះជា បានប្រាក់ខែតិចតួចក៏ដោយនោះ។
អ្នកស្រី Sarah Ssewanyana បន្ថែមថា៖«សេដ្ឋកិច្ចរបស់យើងកំពុងមានលូតលាស់ ប៉ុន្តែមិនបានបង្កើតការងារដែលមនុស្សភាគច្រើនចង់បាននោះទេ។ ហេតុអ្វីក៏យើងមិនផ្តោតសំខាន់ទៅលើកំណែទម្រង់សេដ្ឋកិច្ចយើងដើម្បី ឲ្យអាចឈានទៅដល់ការបង្កើតការងារ និងបន្ទាប់មក យើងប្រហែលជាអាចពិភាក្សាអំពីប្រាក់បៀវត្សរ៍អប្បរមា»។
រដ្ឋមន្រ្តីក្រសួងការងារនៃប្រទេស Uganda បានសន្យាថានឹងអនុម័តប្រាក់បៀវត្សរ៍អប្បរមាត្រឹមខែ កក្កដា ២០១៥។ ស្របជាមួយគ្នានេះ លោក Mesilamuនៃអង្គការសហជីពពាណិជ្ជកម្មជាតិនិយាយថា កម្មករកំពុងតែប្រឹងប្រែង ដើម្បីធានាថារដ្ឋមន្រ្តីរូបនេះអាចរក្សាអ្វីដែលបានសន្យានោះ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា
កំប៉ាឡា —