អ៊ូហ្គង់ដា​ខ្វែង​គំនិត​គ្នា​លើ​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​មេដឹកនាំ​ក្រុម​ឧទ្ទាម​LRA

លោក Dominic Ongwen មេបញ្ជាការ​ក្រុម​ឧទ្ទាម ​LRA នៅ​ប្រទេស​អ៊ូហ្គង់ដា​ ពេល​ស្ថិត​នៅ​ក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICC) នៅ​ក្រុង​ The Hague ប្រទេស​ហូឡង់​ នា​ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ​២០១៥​។

នៅ​ប្រទេស​អ៊ូហ្គង់ដា​ ការ​ចុះ​ចាញ់​របស់​លោក Dominic Ongwenមេបញ្ជាការ​ជាន់​ខ្ពស់​របស់​ក្រុម​ឧទ្ទាម Lord's Resistance Army (LRA) លោក Dominic Ongwen កាល​ពី​ដើម​ខែ​មករា​បាន​ក្លាយ​ជា​បញ្ហា​ខ្វែង​គំនិត​គ្នា​មួយ។ មេ​ក្រុម​ឧទ្ទាម​ដ៍​អប្រិយ​មួយ​នេះ ដែល​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​សង្រ្គាម​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) នៅ​ទីក្រុង​ឡាអេ កាល​ពី​កុមារ​ភាព​ត្រូវ​បាន​ចាប់​ខ្លួន និង​រំលោភ​បំពាន​ដោយ​ក្រុម​ឧទ្ទាម LRA។ អ្នកស្រី Lizabeth Paulat រាយការណ៍​ពី​ទីក្រុង Kampala ថា ប្រជាជន​អ៊ូហ្គង់ដា​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​យុត្តិធម៌ នៅ​ពេល​ដែល​ជនរងគ្រោះ​នៃ​ការ​រំលោភ​បំពាន​បាន​ក្លាយ​ជា​ជន​ល្មើស​វិញ។

លោក​ Dominic Ongwen​ មាន​អាយុ​ត្រឹម​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ពេល​កំពុង​ដើរ​ទៅ​សាលារៀន ដោយ​ក្រុម​ឧទ្ទាម​ LRA ដែល​បង្ក​ភាព​វឹកវរ​នៅអ៊ូហ្គង់ដា និង​ប្រទេស​ជិតខាង​អស់​រយៈពេល​រាប់​ទស្វត្សរ៍ ក៏ដូច​ជា​មាន​ឈ្មោះ​អប្រិយ​ពី​ការ​ចាប់​បង្ខំ​កុមារ​រាប់​ម៉ឺន​នាក់​ឲ្យ​ក្លាយ​ជា​ទាហាន ឬ​ទាសករ​ផ្លូវ​ភេទ។

ក្រោម​ការ​គម្រាមគំហែង​សម្លាប់ លោក Ongwen ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ការ​រំលោភបំពាន សម្លាប់ និង​ចូលរួម​ក្នុង​ភាព​ឃោរឃៅ​ជាមួយ​នឹង​មេបញ្ជាការរបស់​ខ្លួន។ នៅ​ពេល​លោក​មាន​អាយុ​១៨ឆ្នាំ លោក​ Ongwen ត្រូវ​បាន​ដឹង​ថា មាន​កេរ្តិ៍ឈ្មោះ​ជា​ជន​គួរ​ឲ្យ​ខ្លាច​ម្នាក់​នៅ​ក្នុង​ចំណោម​ក្រុម​ភេរវកម្ម​មួយ​នោះ។ ដល់​ធំ​ពេញ​វ័យ លោក​បាន​ចូល​ធ្វើការ​ជិត​ស្និទ្ធិ​ជាមួយ​នឹង​មេដឹកនាំ​ក្រុម LRA គឺ​លោក Joseph Kony។

នៅ​ឆ្នាំ​២០០៥ ស្រប​ពេល​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​សង្រ្គាម​នៅ​ភាគ​ខាង​ជើង​អ៊ូហ្គង់​ដា​ តុលាការ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ Ongwen ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

មួយ​ទសវត្សរ៍​បន្ទាប់​មក និង​ម្ភៃ​ប្រាំ​ឆ្នាំ​ក្រោយ​ពី​ការ​ចាប់​ខ្លួន លោក Ongwen បាន​ចេញ​ពី​ព្រៃ​នៅ​ថ្ងៃ​ទី​០៦ ខែ​មករា និង​បាន​ប្រគល់​ខ្លួន ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ពិភាក្សា​នៅ​ក្នុង​ស្រុក​កំណើត​របស់​លោក។

ដោយ​សារ​តែ​លោក Ongwenជា​ជន​រងគ្រោះ​ផង និង​ជា​ជនដៃ​ដល់​ផង រឿង​ក្តី​ប្រឆាំង​នឹង​លោក​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​ផ្តោតទៅ​លើ​ថា តើ​អ្វី​ជា​យុត្តិធម៌ ការ​អត់​ឱន និងការ​ផ្សះ​ផ្សា។

នៅ​អ៊ូហ្គង់​ដា​ មាន​ការ​ខ្វែង​គំនិត​គ្នា​តាម​តំបន់។ សម្រាប់​មនុស្ស​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​អ៊ូហ្គង់ដា​ លោក Dominic Ongwen គឺ​ជា​សត្រូវ​របស់​ប្រទេស ដែល​ត្រូវ​កាត់​ទោស​សម្រាប់​បទឧក្រិដ្ឋ​របស់​លោក​នៅ​អ៊ូហ្គង់ដា ហើយ​អាច​នឹង​ត្រូវ​ប្រហារ​ជីវិត​ទៀត​ផង។

ប៉ុន្តែ សម្រាប់​ប្រជាជន​នៅ​ភាគ​ខាង​ជើង ទោះ​បី​ជា​ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​ដោយ​ក្រុម LRA ក្តី ក៏​មាន​ទាហាន​កុមារ​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​យល់​ឃើញ​ថា​មាន​ការ​ទទួល​ខុស​ត្រូវ​ពេញលេញ​លើ​បទ​ឧក្រិដ្ឋ ដែល​ពួកគេ​បាន​ប្រព្រឹត្ត។

លោក Joseph Ogama ដែល​បាន​ធំ​ដឹង​ក្តី​នៅ​អំឡុង​ពេល​មាន​ជម្លោះ​នៅ​ភាគ​ខាង​ជើង​អ៊ូហ្គង់ដា បាន​បកស្រាយ​ពី​ផ្នត់​គំនិត​មនុស្ស​ទាក់​ទង​នឹង​ការ​អត់ឱន។ លោក​ថា៖

«ច្បាស់​ណាស់ ពួក​គេ​មាន​ការ​អត់ឱន ដោយសារ​តែ​សាច់ញ្ញាតិ​ចំណាស់​ៗរបស់​ពួកគេ ដែល​បាន​ចាកចេញ​អស់​រយៈពេល​ជាយូរយារ​ណាស់​មក​ហើយ ហើយ​កំពុង​តែ​នៅ​ក្នុង​ព្រៃ។ ហើយ​ឥឡូវ​នេះ ពួកគេ​បាន​កំពុង​សុំ​ឲ្យ​សាច់​ញ្ញាតិ​ទាំង​នោះ​វិលត្រលប់​មក​វិញ ដើម្បី​ឲ្យ​ពួកគេ​អាច​អត់​ទោស​ឲ្យ​អ្នក​ទាំង​អស់​គ្នា​សម្រាប់​ហេតុផល​មួយ។ ពួកគេ​ត្រូវ​អភិវឌ្ឍ​ខ្លួ​នឡើង​វិញ ដូច​ក្រុម​កុលសម្ព័ន្ធ Acholi និង​ក្រុម Luo និង​ដូច​អ្នក​ដទៃ​ទៀត​នៅ​អ៊ូហ្គង់ដា។ ហើយ​នេះ​ជា​ហេតុផល ដែល​នា​ពេល​នេះ​ ពួកគេ​កំពុង​តែ​អត់ឱន​ឲ្យ​អ្នក​គ្រប់​គ្នា។ ដោយ​សារ​តែ ពួកគេ​ដឹង​ថា បើ​អ្នក​ទាំង​នោះ​វិល​ត្រលប់​មក​វិញ​ ពួកគេ​នឹង​នៅ​ជួបជុំ​ជាមួយ​នឹង​គ្រួសារ​ពួកគេ ហើយ​យ៉ាង​ហោច​ណាស់​បាន​ពិចារណា អភិវឌ្ឍ​ខ្លួន និង​បង្កើត​ជំនាន់​បន្ត​ទៀត​ដូច​ក្រុម​កុលសម្ព័ន្ធ Acholi»ជា​ដើម។

លោក Nicholas Opiyoអ្នក​ជំនាញ​ផ្នែក​ច្បាប់​នៅ​អ៊ូហ្គង់ដា បាន​និយាយ​ថា ឋានៈ​របស់​លោក​ Ongwen ជា​ទាហាន​កុមារ​មិនមែន ហើយ​មិន​ត្រូវ​លើក​លែង​រូប​លោក​ពី​ការ​ទទួល​ខុសត្រូវ​លើ​បទ​ឧក្រិដ្ឋ​របស់​លោក​ឡើយ។ លោក​ថា៖

«ហើយ​ទឡីករណ៍​ក្រម​សីលធម៌ គឺជា​ទឡីករណ៍ ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រជាជន​នៅ​ភាគ​ខាង​ជើង​អ៊ូហ្គង់ដា ដែល​រួមមាន​មេដឹកនាំ​សាសនា និង​ថ្នាក់​ដឹកនាំ​ផ្សេងៗ​ទៀត។ ទឡីករណ៍​ក្រម​សីលធម៌​នោះ​គឺថា នេះ​គឺ​ជា​កុមារ​មួយ​រូប ដែល​ជាប់​នៅ​ក្នុង​សង្រ្គាម​ឧទ្ទាម​មួយ ដោយសារ​តែ​ការ​ខក​ខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​រូបគេ។ នេះ​គឺ​ជា​ទឡីករណ៍​ក្រម​សីលធម៌​របស់​ខ្ញុំ។ ប្រសិន​បើ​អ្នក​ដាក់​ក្រម​សីលធម៌​នោះ​នៅ​ក្នុង​ទឡីករណ៍​ផ្លូវ​ច្បាប់ វា​អាច​ទៅ​រួច តែ​មិនមែន​សម្រាប់​ការពារ​ក្តី​នោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​សម្រួល​ទោស ដែល​លោក​ប្រហែល​នឹង​ទទួល​ពី​តុលាការ​តែ​ប៉ុណ្ណោះ ហើយ​នេះ​គឺ​ដោយ​សារ​តែ​ពិរុទ្ធភាព​មិន​អាច​បែង​ចែក​ឲ្យ​ដាច់​ពី​ហេតុផល​ដែល​ថា​លោក​ធ្លាប់​តែ​ជា​ទាហាន​កុមារ»។

លោក Opiyo លើកឡើង​ថា យុត្តិធម៌​គួរ​តែ​ត្រូវ​សម្រេច​ដោយ​តុលាការ ICC ជា​ជាង​តុលាការ​អ៊ូហ្គង់ដា។ ប៉ុន្តែ អ៊ូហ្គង់ដា​មាន​ទំនាក់ទំនង​ចម្រូងចម្រាស់​មួយ​ជាមួយ​នឹង​តុលាការ​អន្តរជាតិ។

កាល​ពី​ខែ​ធ្នូ លោក​ប្រធានាធិបតី Yoweri Museveni បាន​កោះ​ហៅ​ឲ្យ​សហភាព​អាហ្វ្រិក​ដក​ខ្លួន​ចេញ​ពី​តុលាការ ICC ដោយ​និយាយ​ថា តុលាការ ICC មាន​ភាព​លម្អៀង​ប្រឆាំង​នឹង​មេដឹកនាំ​នៅ​អាហ្វ្រិក។ នៅ​ពេល​ដែល​លោក Ongwen បាន​ចុះ​ចាញ់ រដ្ឋាភិបាល​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​ខ្លួន ហើយ​បាន​អនុញ្ញាតិ​ឲ្យ​តុលាការ ICC ឃុំ​ខ្លួន​លោក Ongwen ដើម្បី​ការ​កាត់​ក្តី។

មន្រ្តី​រដ្ឋាភិបាល និយាយ​ថា ជា​អន្តរជាតិ សណ្ឋាន​នៃ​ឧក្រិដ្ឋ​កម្ម​របស់​លោក Ongwen ត្រូវ​ការ​យុត្តាធិការ​អន្តរជាតិ។

លោក Stephen Lamony អ្នក​ប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​សម្ព័ន្ធ​សម្រាប់​តុលាការ ICC និយាយ​ថា លោក​គិត​ថា លោក Ongwen គួរ​តែ​ត្រូវ​កាត់​ទោស​ដោយ​តុលាការ ICC ប៉ុន្តែ អ៊ូហ្គង់ដា​មាន​យុត្តាធិការ​នៅ​ក្នុង​ការ​ឃុំខ្លួន​លោក។ លោក​ថា៖

«លោក Dominic Ongwen ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​អ៊ូហ្គង់ដា​តែ​ប៉ុណ្ណោះ។ បរិបទ​តំបន់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ ដែល​ត្រូវ​បាន​លើក​ឡើង​ប្រឆាំង​លោក​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ អ្វី​ដែល​ខ្ញុំ​បាន​ឮ​គឺ ហេតុផល​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​រដ្ឋមន្រ្តី​ការ​បរទេស​គឺ​លោក Okello Oryem ដែល​លោក​បាន​បកស្រាយ​អំពី​ហេតុផល ដែល​រដ្ឋាភិបាល​បាន​ប្រគល់​លោក Dominic Ongwen ទៅ​តុលាការ​អន្តរជាតិ ហើយ​លោក​បាន​លើកឡើង​ខ្លីៗ​អំពី​បញ្ហា ដែល​លោក Dominic Ongwen បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​តំបន់​ដទៃ​ទៀត។ ហេតុ​ដូចនេះ​ហើយ វា​លំបាក​ក្នុង​ការ​កាត់​ទោស​លោក​នៅ​អ៊ូហ្គង់ដា។ ប៉ុន្តែ ជា​ការ​ពិត​ណាស់ ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ ICC ពួកគេ​បាន​ផ្សារភ្ជាប់​ស្ថានភាព​នៅ​អ៊ូហ្គង់ដា ដែលជា​ទីកន្លែងលោក Ongwen បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ហើយ​មិន​មែន​នៅ​ប្រទេស​ដទៃ​ទៀត ដែល​លោក​ធ្លាប់​បាន​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ»។

ទោះ​បី​ជា​មាន​អ្នក​រិះគន់ ក្រុម​អ្នក​ជំនាញ​ផ្លូវ​ច្បាប់ បាន​និយាយ​ថា តុលាការ ICC អាច​សម្រេច​បាន​ច្រើន​ជាង​អ៊ូហ្គង់ដា ហើយ​ជា​ពិសេស​គឺ ធ្វើ​ឲ្យ​មាន​ការ​ដឹង​ឮ​ជន​រងគ្រោះ​ដោយ​ក្រុម​ឧទ្ទាម LRA៕

ប្រែសម្រួលដោយ៖ ណឹម​ សុភ័ក្រ្តបញ្ញា