សហរដ្ឋអាមេរិកជួយឧបត្ថម្ភសមាគមអាស៊ាននៅក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩

រូបឯកសារ៖ ពលរដ្ឋអង្គុយឆ្ងាយពីគ្នា ខណៈពេលរង់ចាំទទួលអាហារដោយឥតគិតថ្លៃនៅវត្តអារុណពុទ្ធសាសនាក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ក្នុងឋានៈជាមេដឹកនាំនៅក្នុងការឆ្លើយតបវិស័យសុខាភិបាលនិងមនុស្សធម៌សាកលលោកដល់មេរោគកូវីត១៩ សហរដ្ឋអាមេរិក បានប្តូរទៅជួយឧបត្ថម្ភដៃគូអាស៊ានរបស់យើងក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩។

ចាប់តាំងពីការផ្ទុះឡើងនូវមេរោគនោះបានចាប់ផ្តើមមក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ប្រហែល១៨លាន ៣សែនដុល្លារក្នុងជំនួយឧបត្ថម្ភគ្រាអាសន្នខាងសុខាភិបាល និងមនុស្សធម៌ដល់បណ្តារដ្ឋជាសមាជិករបស់សមាគមអាស៊ាន។

នៅទូទាំងសាកលលោក រហូតមកទល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ជិត២រយ ៧៤លានដុល្លារក្នុងជំនួយឧបត្ថម្ភគ្រាអាសន្នខាងសុខាភិបាលដើម្បីជួយប្រទេសនានា ដែលត្រូវការបន្ថែមលើថវិកាដែលយើង បានផ្តល់រួចហើយទៅឲ្យអង្គការអន្តរជាតិដូចជា អង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេស (UNICEF)។ នេះតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែល VOA ទទួលបាន។

ចំនួនប្រាក់សរុបរហូតមកទល់សព្វថ្ងៃនេះ រួមមានប្រាក់ជិត១រយលានដុល្លារក្នុងជំនួយគ្រាអាសន្នខាងសុខាភិបាលមកពីមូលនិធិបម្រុងគ្រាអាសន្នខាងសុខាភិបាលរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ឬ(USAID) និងថវិកាចំនួន១១០លានដុល្លារក្នុងជំនួយឧបត្ថម្ភខាងមនុស្សធម៌ពីជំនួយគ្រោះមហន្តរាយអន្តរជាតិរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ឬ(USAID) ដែលត្រូវឲ្យរហូតដល់ប្រទេស៦៤ ដែលងាយទទួលរងគ្រោះបំផុតដែលកំពុងប្រឈមការរាលដាលជាសាកលនៃមេរោគកូរ៉ូណានេៈ។

តាមរយៈការិយាល័យប្រជាពលរដ្ឋ ជនភៀសខ្លួន និងជនចំណាកស្រុករបស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) នឹងទទួលបានប្រាក់៦៤លានដុល្លារក្នុងជំនួយមនុស្សធម៌ដើម្បីជួយដោះស្រាយការគំរាមកំហែងដែលបណ្តាលមកពីមេរោគកូវីដ១៩ក្នុងស្ថានភាពវិបត្តិមនុស្សធម៌ដែលមានស្រាប់សម្រាប់មនុស្សដែលងាយរងគ្រោះបំផុតក្នុងពិភពលោក៕