លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Pompeo កាលពីថ្ងៃសៅរ៍ បានហៅការស៊ើបអង្កេតអំពីអ៊ុយក្រែនថាជា«ស្ថានការណ៍ផ្តេសផ្តាស»។
លោកបាននិយាយថា៖ «នេះជាអ្វីដែលខុសនៅពេលដែលពិភពលោកមិនផ្តោតការយកចិត្តទុកដាក់លើអ្វីដែលត្រូវ អ្វីដែលសំខាន់ អ្វីដែលមានផលប៉ះពាល់ដល់ជីវិតប្រជារាស្ត្រដោយពិតប្រាកដ ហើយលោកអ្នកយកចិត្តទុកដាក់លើស្ថានការណ៍ផ្តេសផ្តាសទៅវិញ»។
លោក Pompeo ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសក្រិកដែលជាប្រទេសចុងក្រោយបង្អស់នៃដំណើរទស្សនកិច្ចរបស់លោកក្នុងផ្នែកខាងត្បូងនៃទ្វីបអឺរ៉ុប បាននិយាយថា៖ «លោកអ្នកឃើញទេ សកម្មភាពនេះមិនបានការអ្វីទេ ស្ថានការណ៍នេះមិនជួយឱ្យលទ្ធិប្រជាធិបតេយ្យរីកចម្រើនឡើយ»។
ចម្លើយរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកាំងមានឡើងនៅពេលលោកត្រូវសួរនៅទីបញ្ចប់នៃការថ្លែងសុន្ទរកថារបស់លោកថា តើមានសញ្ញាព្រមានណាមួយដែលតម្រូវឱ្យមានការស៊ើបអង្កេតថែមទៀតអំពីការនិយាយទូរស័ព្ទរវាងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelennskiy កាលពីខែកក្កដាឬទេ?
លោក Pompeo បានថ្លែងបន្ថែមទៀតថា៖ «ខ្ញុំមិនយល់ថានរណាម្នាក់នៅទីនេះយកចិត្តទុកដាក់ជាពិសេសអំពីរឿងនោះទេ...ខ្ញុំយល់ថាពួកគេចង់ដឹងអំពីទំនាក់ទំនងរវាងប្រទេសអាមេរិកនិងប្រទេសក្រិក»។
ការនិយាយគ្នាតាមទូរស័ព្ទកាលពីខែកក្កដា រវាងប្រធានាធិបតីនៃប្រទេសអាមេរិកនិងប្រទេសអ៊ុយក្រែន ជាប្រធានបទនៃការស៊ើបអង្កេតមួយដោយសភាស.រ.អា.៕