នៅថ្ងៃពុធនេះ កងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពកូរ៉េខាងត្បូងបានធ្វើសមយុទ្ធសាងសង់ស្ពានបណ្តែតទឹកកាត់តាមទន្លេសម្រាប់រថពាសដែកនានាឆ្លងកាត់ ដែលនេះជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់កងទ័ពកូរ៉េខាងត្បូងបានបាញ់ភ្លើងសញ្ញា ហើយរថពាសដែកបានបាញ់បំផ្ទុះផ្សែងពណ៌សទៅលើអាកាស ខណៈពេលដែលកងរថក្រោះប្រយុទ្ធ រថយន្តដឹកទ័ព និងរថយន្តយោធាផ្សេងទៀតបានឆ្លងកាត់ស្ពានបណ្តែតទឹកនេះនៅលើទន្លេ Namhan ដែលស្ថិតនៅជិតទីក្រុង Yeoju នៅភាគខាងត្បូងទីក្រុងសេអ៊ូល។
សមយុទ្ធយោធានេះក៏មានការចូលរួមផងដែរពីកងរថពាសដែកវាយប្រហារនៃកងពលចល័តទី ១១ របស់យោធាកូរ៉េខាងត្បូង ដែលកំពុងចូលរួមក្នុងសមយុទ្ធលើទីលានដែលមានរយៈពេល ១២ ថ្ងៃ ដោយបានឆ្លងកាត់ស្ពានបណ្តែតទឹកនេះដែលត្រូវបានសាងសង់ឡើងដោយកងវិស្វកម្មរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។
ប្រទេសកូរ៉េខាងជើងបានថ្កោលទោសការធ្វើសមយុទ្ធយោធានេះថាបានបង្កើនឱ្យមានភាពតានតឹង និងបានបាញ់សាកល្បងគ្រាប់រ៉ុក្កែតនិងគ្រាប់កាំភ្លើងធំដើម្បីជាការឆ្លើយតប។ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធានេះគឺដើម្បីការពារខ្លួន និងជាការចាំបាច់ដើម្បីកម្លាប្រទេសកូរ៉េខាងជើង។
កងទ័ពអាមេរិកនិងកងទ័ពកូរ៉េខាងត្បូងប្រមាណ ១.០០០ នាក់បានចូលរួមនៅក្នុងសមយុទ្ធយោធានៅថ្ងៃពុធនេះ ដោយមានរថគ្រោះនិងរថពាសដែកប្រមាណ ៥០ គ្រឿង យន្តហោះចម្បាំងប្រភេទ KF-16 និងឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ Apache និងប្រភេទ Cobra ជាច្រើនគ្រឿង ក៏ដូចជាឧបករណ៍វិស្វកម្មជាង ១៤០ ប្រភេទទៀត ដែលក្នុងនោះរួមមានទាំងសម្ភារៈសម្រាប់សាងសង់ស្ពានបណ្តែតទឹកផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង៕
ទីក្រុង Yeoju ប្រទេសកូរ៉េខាងត្បូង —