សហព័ន្ធស្រូវអង្ករសហរដ្ឋអាមេរិក (USA Rice Federation) បានស្នើឲ្យអាជ្ញាធរពាណិជ្ជកម្មអាមេរិក ដកប្រព័ន្ធអនុគ្រោះពន្ធ Generalized System of Preferences ឬ ហៅកាត់ថា GSP សម្រាប់អង្ករដែលនាំចូលពីប្រទេសជាច្រើនរួមទាំងកម្ពុជាផង ដោយលើកឡើងថា ការធ្វើបែបនេះនឹងជួយឲ្យអង្ករដែលផលិតនៅអាមេរិកអាចប្រកួតប្រជែងនៅលើទីផ្សារបាន។
សេចក្តីថ្លែងការណ៍របស់សហព័ន្ធស្រូវអង្ករសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានរៀបរាប់ថា វាដល់ពេលដែលត្រូវទទួលស្គាល់ថា អង្ករដែលផលិតនៅសហរដ្ឋអាមេរិកក៏ជាផលិតផលសម្រាប់ប្រកួតប្រជែងជាមួយអង្ករនាំចូលពីប្រទេសក្រៅដែរ។
ការស្នើនេះធ្វើឡើង ខណៈសហព័ន្ធស្រូវអង្ករអាមេរិកនេះបានថ្លែងទៅកាន់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិកតាមប្រព័ន្ធវីដេអូនៅសប្តាហ៍មុន។
កាលពីខែមីនា សហព័ន្ធនេះបានដាក់ពាក្យស្នើឲ្យការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកដកមុខទំនិញអង្ករចេញពីបញ្ជីរាយមុខទំនិញដែលទទួលបានការអនុគ្រោះពន្ធនាំចូលតាមរយៈប្រព័ន្ធ GSP។
ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកនេះ ដែលផ្តល់ដល់ប្រទេសជាង១០០នៅជុំវិញពិភពលោក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន៥ដែលមានកម្ពុជាមួយដែរ គ្រោងនឹងអស់សុពលភាពនៅត្រឹមចុងឆ្នាំ២០២០នេះ ប្រសិនបើសភាសហរដ្ឋអាមេរិកសម្រេចមិនអនុញ្ញាតឲ្យបន្តតទៅទៀត។
នៅដើមឆ្នាំនេះ សហភាពអឺរ៉ុប បានសម្រេចដកមុខទំនិញខ្លះរបស់កម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធ«សព្វមុខទំនិញលើកលែងសព្វាវុធ» ហៅកាត់ថា EBA ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នេះ ដោយលើកហេតុផលអំពីការរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតលំហប្រជាធិបតេយ្យនៅកម្ពុជាជាដើម។
កាលពីឆ្នាំមុន សហភាពអឺរ៉ុប ក៏បានសម្រេចយកពន្ធលើមុខទំនិញអង្ករកម្ពុជាដែរ ក្រោយពីមានការតវ៉ាពីកសិករក្នុងប្រទេសប្រទេសអ៊ីតាលីឲ្យដកប្រព័ន្ធអនុគ្រោះពន្ធនាំអង្ករកម្ពុជា និងអង្ករភូមាចូលទៅកាន់ទីផ្សារអឺរ៉ុប។
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករសរុបជិត៤០ម៉ឺនតោនគឺកើនឡើងជាង៤០ភាគរយ ប្រៀបធៀបនឹងរយៈពេល៦ខែដំបូងដូចគ្នាក្នុងឆ្នាំ២០១៩ ដោយទទួលបានចំណូលជាង២៦៤លានដុល្លារអាមេរិក។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា៕