សេតវិមាន បានបញ្ជូនឈ្មោះបេក្ខជនឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជាគឺលោក Robert William Forden ទៅកាន់ព្រឹទ្ធសភាដើម្បីទទួលការយល់ព្រម។ នេះបើតាមគេហទំព័រព្រឹទ្ធសភា អាមេរិកដែលវីអូអេបានឃើញនៅថ្ងៃនេះនិងសេចក្តីប្រកាសព័ត៌មានសេតវិមានកាលពីថ្ងៃពុធ។
គេហទំព័រដដែលបានឱ្យដឹងថា គណ:កម្មការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកបានទទួលពីសេតវិមានហើយ។ ប្រសិនបើព្រឹទ្ធសភាយល់ព្រម លោក Forden ដែលជាអ្នកការទូតជាន់ខ្ពស់ អាមេរិកយូរឆ្នាំ នឹងត្រូវជំនួសលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បច្ចុប្បន្ន ដែលកាន់មុខតំណែង៣ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០១៩មក។
សេតវិមាននិង គេហទំព័រព្រឹទ្ធសភាបានឱ្យដឹងថា លោក Robert William Forden ធ្លាប់បម្រើការងារជាភារធារីឬឯកអគ្គរដ្ឋទូតរងក្នុងប្រទេសចិនចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ និងចេះ ភាសាចិននិងវៀតណាមផងដែរ។
លោក ប្រធានាធិបតី Joe Biden បានជ្រើសតាំងលោក Forden ជាបេក្ខជនឯកអគ្គរដ្ឋទូតកាលពីថ្ងៃពុធ ជាមួយនឹងការជ្រើសតាំងមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើនទៀត។ បច្ចុប្បន្នលោកគឺជាទីប្រឹក្សាជាន់ខ្ពស់នៃការិយាល័យកិច្ចការ អាស៊ីខាងកើតនិងតំបន់ប៉ាស៊ីហ្វិក បន្ថែមពីលើតួនាទីជាច្រើនទៀត ដូចជាអ្នកការទូតអាមេរិកប្រចាំប្រទេស អ៊ីស្រាអែល វៀតណាម និង មន្ត្រីទទួល បន្ទុកម្នាក់នៃការិយាល័យ កិច្ចការចិនដីគោកនិង កោះតៃវ៉ាន់ ជាដើម។
ការជ្រើសតាំងបេក្ខជនអគ្គរដ្ឋទូតនេះ ក្រោយពេលដែលសហរដ្ឋអាមេរិក ទើបតែបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីពាក់កណ្តាលខែឧសភា ដែលកិច្ចប្រជុំកំពូលនេះគឺជាការបង្ហាញថា រដ្ឋបាលលោក Biden យកចិត្តទុកដាក់និងងាកបែរ គោលនយោបាយអាមេរិកខ្លាំងជាងមុនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ឬអាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះនៅឆ្នាំនេះ។
ថ្លែងពេលបើកកិច្ចប្រជុំកំពូលលើកដំបូងជាផ្លូវការនៅរដ្ឋធានីវ៉ាស៊ីនតោនជាមួយបណ្តាមេដឹកនាំ ប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ថាកិច្ចប្រជុំកំពូលនេះ ជាកំណត់ត្រាលើការបង្កើត «សករាជថ្មី» មួយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្លុកអាស៊ីអាគ្នេយ៍ទាំង ១០ ប្រទេស។
លោក Biden បានមានប្រសាសន៍ថា៖ «កិច្ចការជាច្រើននៃប្រវត្តិសាស្ត្ររបស់ពិភពលោកយើងនៅក្នុងរយៈពេល ៥០ ឆ្នាំខាងមុខនេះ នឹងត្រូវកត់ត្រានៅក្នុងប្រទេសអាស៊ាន ហើយទំនាក់ទំនងរបស់យើងជាមួយអ្នក គឺជាអនាគត ក្នុងរយៈពេលរាប់ឆ្នាំនិងរាប់ទសវត្សរ៍ខាងមុខ»។
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននេះ ជាកំណត់ត្រានៃការជួបជុំគ្នាជាក្រុមលើកដំបូងរបស់មេដឹកនាំអាស៊ាននៅសេតវិមាន និងជាកិច្ចប្រជុំលើកដំបូងដែលត្រូវបានរៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក បើគិតចាប់តាំងពីឆ្នាំ ២០១៦ មក។
លោក Biden ក៏បានប្រកាសពីការតែងតាំងលោក Yohannes Abraham ជា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាស៊ាន ហើយថា សហរដ្ឋអាមេរិកនឹងបន្តបង្កើនភាពជាដៃគូ «ដ៏សំខាន់» របស់ខ្លួនជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍។
រដ្ឋបាលលោក Biden សង្ឃឹមថា កិច្ចប្រឹងប្រែងនេះនឹងបង្ហាញឱ្យឃើញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែយកចិត្តទុកដាក់លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាប្រឈមរយៈពេលវែងពីប្រទេសចិន ដែលខ្លួនចាត់ទុកថា ជាដៃគូប្រជែងដ៏សំខាន់របស់អាមេរិក ទោះបីជាក្នុងអំឡុងពេលដែលមានវិបត្តិនៅអ៊ុយក្រែនក្តី៕