រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាចម្បាំង៤គ្រឿងទៅកាន់សមុទ្រចិនខាងត្បូងចាប់តាំងពីចុងខែមេសាមក នៅពេលដែលមានសំណួរពាក់ព័ន្ធនឹងផ្លូវនាវាចរណ៍របស់ខ្លួន។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងបញ្ជូននាវាមួយចំនួនទៅកាន់តំបន់សមុទ្រអាស៊ីមួយដែលមានជម្លោះដើម្បីបង្ហាញថា ជំងឺកូវីដ១៩ នឹងមិនបញ្ឈប់សហរដ្ឋអាមេរិកមិនឲ្យប្រឆាំងនឹងការវាតទីដែនសមុទ្ររបស់ចិនទេ។ នេះបើតាមពួកអ្នកសង្កេតការណ៍។
ពួកអ្នកវិភាគនិយាយថា ចិន ដែលជាគូសត្រូវសង្គ្រាមត្រជាក់របស់សហរដ្ឋអាមេរិកដែលបានទាមទារសមុទ្រចិនខាងត្បូងប្រហែល៩០ភាគរយ មិនដែលបញ្ឈប់សកម្ម ភាពយោធានៅក្នុងសមុទ្រតំបន់ត្រូពិកដែលសម្បូរទៅដោយធនធាននេះទេ ថ្វីបើមានការផ្ទុះឡើងនូវជំងឺក្នុងប្រទេសរបស់ខ្លួនក៏ដោយ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឥឡូវនេះ ចង់ឲ្យប្រទេសតូចៗដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ីដែលភ័យខ្លាចប្រទេសចិនដឹងថា ពួកគេមិនត្រូវបានគេបំភ្លេចនៅពេលដែលការរាតត្បាតជំងឺកូវីដ១៩ បំផ្លាញសហរដ្ឋអាមេរិកក៏ដោយ។
លោក Collin Koh ជាអ្នកស្រាវជ្រាវសន្តិសុខនាវាចរណ៍នៅឯសាកលវិទ្យាល័យបច្ចេក វិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរី បាននិយាយថា «វាជាប្រយោជន៍ដល់អាមេរិកដែលបញ្ជូននាវានិងធ្វើសកម្មភាពយោធាជាប់ៗគ្នា ហើយនឹងធ្វើឲ្យមើលឃើញសកម្ម ភាពលេចធ្លោនិងមមារញឹកឡើងដើម្បីបង្ហាញថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពនៅទីនោះ»។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ជូននាវាចម្បាំងចូលក្នុងសមុទ្រចិនខាងត្បូងជារៀងរាល់ឆ្នាំ ហើយសកម្មភាពនេះបានកើនឡើង បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំបានចូលកាន់ដំណែងនៅឆ្នាំ២០១៧។
លោក Carl Thayer ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្រ្តាលីយោងដល់ទស្សនៈរបស់ចិនពីការបើកបរនាវារបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនះថា «ការឃោសនារបស់ចិនគឺថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនអាចគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដហើយអាមេរិក កំពុងធ្វើអ្វីៗទាំងអស់ដើម្បីបង្ហាញថា ខ្លួនមិនមែនទន់ខ្សោយនិងកំពុងធ្លាក់ចុះហើយអាមេរិក គ្រាន់តែកំពុងព្យាយាមសម្លុតតែប៉ុណ្ណោះ»។
លោក Koh បាននិយាយទៀតថា ការសម្រេចថ្ងៃទី១៧ ខែមេសា មិនតាំងមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកនៅលើដែនដីកោះ Guam របស់សហរដ្ឋអាមេរិក បានបង្កើននូវសំណួរអំពីថាតើយោធាសហរដ្ឋអាមេរិក បានប្រុងប្រៀបខ្លួនដើម្បីទប់ទល់ចិនហើយឬនៅ ឬមួយខ្លាចកងទ័ពរំដោះប្រជាជនចិន។
នាវាចម្បាំង Montgomery របស់សហរដ្ឋអាមេរិក បានឆ្លងកាត់នៅជិតប្រជុំកោះក្នុងសមុទ្រចិនខាងត្បូងកាលពីខែមករា ជាការបើកបរដែលបានផ្សព្វផ្សាយលើកទី១នៅក្នុងដែនទឹកនោះនៅឆ្នាំនេះ។ មិនមានកិច្ចប្រតិបត្តិការបានត្រូវប្រកាសកាលពីខែកុម្ភៈនិងខែមីនាជាគម្លាតដ៏ធំមិនប្រក្រតីមួយ។ កាលពីចុងខែមេសា នាវានោះបានធ្វើកិច្ចប្រតិបត្តិការក្នុងសមុទ្រចិនខាងត្បូងចំនួន២លើកទៀតក្នុងអំឡុងពេលយូរជិតពីរខែដែរ។ នាវា២គ្រឿងទៀតបានចូលក្នុងសមុទ្រនោះកាលពីថ្ងៃទី៧ ខែឧសភា។
មន្រ្តីអាមេរិកាំងបានហៅកិច្ចប្រតិបត្តិការនាវាចរណ៍ទាំងនេះថាជាការឆ្លងកាត់ដោយសេរី ហើយចាត់ទុកសមុទ្រចិនខាងត្បូងថា ជាផ្លូវទឹកបើកចំហអន្តរជាតិ ថ្វីបើចិនទាមទារផ្នែកភាគច្រើននៃសមុទ្រនោះក៏ដោយ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនោះថា
«តាមរយៈវត្តមាននៃការបន្តកិច្ចប្រតិបត្តិការក្នុងសមុទ្រចិនខាងត្បូង កងទ័ពជើងទឹកសហរដ្ឋអាមេរិក គាំទ្រតម្លាភាព នីតិរដ្ឋ ការធ្វើនាវាចរណ៍ និងការហោះកាត់ដោយសេរី ជាគោលការណ៍ដែលទ្រទ្រង់សន្តិសុខនិងវិបុលភាពសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រទេសទាំងអស់នៅក្នុងតំបន់អាចទទួលប្រយោជន៍»។
លោកអនុសេនីយទោ James Adams អ្នកនាំពាក្យកងនាវាសហរដ្ឋអាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ជាក់ពីការកិច្ចប្រតិបត្តិការនាវាចរណ៍ដោយសេរីចំនួន៤លើករហូតមកទល់ពេលនេះនៅឆ្នាំនេះ ហើយបានហៅវត្តមាននាវារបស់សហរដ្ឋអាមេរិក បន្តឥតឈប់ឈរ។
លោក Adams បាននិយាយទៀតថា «កិច្ចប្រតិបត្តិការទាំងអស់របស់យើង បង្ហាញថា សហរដ្ឋអាមេរិកនឹងហោះហើរ បើកបរ និងប្រតិបត្តិការនៅទីកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត ដោយមិនគិតពីទីកន្លែងនៃការទាមទារដែលសមុទ្រហួសហេតុ និងមិនគិតពីព្រិត្តិការណ៍នៅពេលបច្ចុប្បន្ននេះ»។
ប្រទេសប៊ុ្រយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាមបានទាមទារទាំងអស់ឬផ្នែកនានានៃសមុទ្រដែលទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េដែលសម្បូរដោយត្រីនិងថាមពលនៅក្រោមបាតសមុទ្រ។ ចិនបាននាំមុខខាងយោធាលើប្រទេសផ្សេងៗទៀតចាប់តាំងពីឆ្នាំ២០១០មកដោយការស្ថាបនាប្រជុំកោះក្នុងសមុទ្រ ដែលបណ្តាលឲ្យមានការជំទាស់ប្រឆាំងតវ៉ាពីសហរដ្ឋអាមេរិក។
លោក Koh និយាយថានៅក្នុងចិត្ត ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ នឹងសប្បាយរីករាយនៅពេលនាវាចម្បាំងសហរដ្ឋអាមេរិកវិលត្រឡប់មកវិញនោះ។ជាង១ឆ្នាំមកនេះ ប្រទេសម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន មានការលំបាកប្រឆាំងនឹងនាវារបស់ចិននៅក្នុងផ្ទៃទឹកដែលពួកគេបានទាមទារ។
លោក Huang Chung-ting ជាអ្នកស្រាវជ្រាវជំនួយនៅវិទ្យាស្ថានការពារជាតិនិងស្រាវ ជ្រាវសន្តិសុខក្នុងទីក្រុងតៃប៉ិនៅកោះតៃវ៉ាន់និយាយថា មន្រ្តីសហរដ្ឋអាមេរិក បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងវិញ មួយផ្នែកដើម្បីបន្ធូរបន្ថយការភ័យខ្លាចរបស់ប្រទេសនៅតំបន់អាស៊ីអំពីការវាតទីរបស់ចិន។
លោក Huang បាននិយាយទៀតថា «សេចក្តីសង្ឃឹមមួយគឺ ផ្តល់សញ្ញាដល់ពលរដ្ឋធម្មតានៅក្នុងប្រទេសនានាឬកោះតៃវ៉ាន់ជាទីកន្លែងដែលចិន បានធ្វើសង្គ្រាមចិត្តសាស្រ្ត។ ការឆ្លងកាត់របស់នាវានោះ[បង្ហាញពីការបន្តគាំទ្រនិង បញ្ចប់វិញនូវអវត្តមានកន្លងមករបស់សហរដ្ឋអាមេរិក នៅទីនោះ»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន