សេតវិមានបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan កាលពីថ្ងៃចន្ទ បានជួបជាមួយតំណាងរដ្ឋាភិបាលឯកភាពជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបង្កើតឡើងដោយក្រុមអ្នកប្រឆាំងការដឹកនាំរបស់របបយោធា។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងជំនួបតាមអនឡាញនោះ លោក Sullivan បានគូសបញ្ជាក់សារជាថ្មីនូវការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ា និងបានពិភាក្សាជាមួយអ្នកតំណាងរបស់រដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ា គឺលោក Duwa Lashi La និង អ្នកស្រី Zin Mar Aung អំពីកិច្ចប្រឹងប្រែងដែលកំពុងកើតមានឡើងដើម្បីស្តារមាគ៌ាប្រជាធិបតេយ្យរបស់ប្រទេសនេះ។ នេះ បើតាមសេចក្តីថ្លែងរបស់សេតវិមាន។
ក្នុងជំនួបនោះ លោក Sullivan ក៏បានបង្ហាញក្តីបារម្ភអំពីអំពើហិង្សារបស់ក្រុមយោធាមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិក នឹងបន្តជំរុញឲ្យមានការទទួលខុសត្រូវចំពោះរដ្ឋប្រហារនោះ»។
បាតុកម្ម និងភាពចលាចលបានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាពិការចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដោយយោធារងការចោទប្រកាន់អំពីអំពើឃោរឃៅ និងការប្រើកម្លាំងហួសហេតុប្រឆាំងនឹងជនស៊ីវិល។ របបយោធា បានស្តីបន្ទោសភាពចលាចលលើ«ភេរវករ» ដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលស្រមោល។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលជិតផុតអាណត្តិ បាននិយាយកាលពីថ្ងៃចន្ទថា ការទទួលស្គាល់របបយោធាមីយ៉ាន់ម៉ាថាជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសនេះ នឹងមិនបញ្ចប់អំពើហិង្សា ដែលកំពុងកើនឡើងនោះទេ។
លោក Sullivan ក៏បានបង្ហាញការព្រួយបារម្ភជាពិសេសផងដែរ ដល់ការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យម្នាក់ក្នុងប្រទេសមីយ៉ាន់ម៉ាថ្មីៗនេះ គឺលោក Ko Jimmyហើយថា សហរដ្ឋអាមេរិក នឹងបន្តតស៊ូមតិដើម្បីឲ្យមានការដោះលែងសកម្មជនរូបនេះ។ នេះ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា លោក Sullivan និងមន្ត្រីរដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ាក៏បានពិភាក្សាអំពីជំងឺរាតត្បាតកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយមនុស្សធម៌ដោយផ្ទាល់ដល់ប្រជាជនមីយ៉ាន់ម៉ា៕