សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនបានប្រកាសភាពជាដៃគូពាណិជ្ជកម្មថ្មីមួយនៅថ្ងៃពុធនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាការងារ បរិស្ថាន និងពាណិជ្ជកម្មឌីជីថល។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Katherine Tai ដែលកំពុងស្ថិតនៅក្នុងទីក្រុងតូក្យូដើម្បីជួបជាមួយរដ្ឋមន្ត្រីថ្មីៗរបស់ជប៉ុន បាននិយាយថា ជំនួបលើកដំបូងនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងជប៉ុនអំពីបញ្ហាពាណិជ្ជកម្មនឹងធ្វើឡើងនៅដើមឆ្នាំ ២០២២ ដោយមានជំនួបជាទៀងទាត់ជាបន្តបន្ទាប់ទៀត។
លោកស្រី Tai បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយការិយាល័យរបស់លោកស្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «ភាពជាដៃគូនេះនឹងជំរុញទៅមុខបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងជប៉ុនដែលបានចង្អុលបង្ហាញឱ្យឃើញនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដ៏ខ្លាំងក្លារបស់យើង»។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានប្រាប់លោកស្រី Tai នៅឯការចាប់ ផ្តើមការពិភាក្សាគ្នាក្នុងទីក្រុងតូក្យូថា គោលបំណងនៃភាពជាដៃគូនេះគឺដើម្បីធ្វើឱ្យសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងជប៉ុនកាន់តែជ្រាលជ្រៅជាងមុន និងដើម្បីពង្រឹងការសម្របសម្រួលទ្វេភាគីក្នុងគោលបំណងសម្រេចឱ្យបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានលក្ខណៈសេរីនិងបើកចំហ។
ក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ភាពជាដៃគូថ្មី នឹងអនុញ្ញាតឲ្យប្រទេសទាំង២ធ្វើការពិភាក្សាអំពីរបៀបវារៈ កិច្ចសហប្រតិបត្តិការសាកលនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកនិងការចរចាអំពីបញ្ហាពាណិជ្ជកម្មទ្វេភាគី។
សហរដ្ឋអាមេរិកនិងជប៉ុន មានគម្រោងចាប់ផ្តើមការពិភាក្សាថ្មីដើម្បីដោះស្រាយអំពីការព្រួយកង្វល់អំពីពន្ធគយសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកអំពីដែកថែបនិងអាលុយមីញ៉ូម៕